ជាតិ
ក្រដាសសែន និងសម្ភារផ្សេងៗនាំចូលពីចិន ត្រូវបានអាជីវករនៅផ្សារអូរឫស្សី ថាលក់ដាច់យ៉ាងគំហុក
× ភ្នំពេញ៖ ក្រដាសសែនត្រូវបានគេនិយមទិញ៣លើក ក្នុងមួយឆ្នាំ គឺចូលឆ្នាំចិន ឆេងម៉េង និងសែនក្បាលទឹក។ អាជីវករលក់ក្រដាសសែន និងសម្ភារសម្រាប់បុណ្យប្រពៃណីចិន នៅខាងកើតផ្សារអូរឫស្សី លោកស្រី វែង ហួត និង លោក ប្រាក់ សេងហូរ ថា ក្រដាសសែននិងសម្ភារៈសម្រាប់លម្អក្នុងពិធីបុណ្យប្រពៃណីចិនដែលដាក់លក់នេះ គឺនាំចូលពីប្រទេសចិន។
នៅពីមុខផ្ទះដែលពពេញដោយពណ៌ក្រហមមានគូម អាំងប៉ាវ ក្រដាសសែន លោក ប្រាក់ សេងហូរ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រដាសសែននិងសម្ភារៈសម្រាប់លក់នៅអំឡុងបុណ្យប្រពៃណីចិន គឺនាំចូលពីចិនប្រទេសទាំងអស់។ ក្រដាសសែនខ្លះ ដែលលោកនាំចូលមក គឺចេញម៉ូតថ្មីៗគ្រប់រូដូវកាល ដើម្បីឲ្យអតិថិជនឃើញថ្មីប្លែក និងជាការទាក់ទាញផងដែរ។
«អីវ៉ាន់ខ្ញុំនាំចូលពីចិនទាំងអស់ ប៉ុន្តែទំនិញខ្លះ ដូច គោម ឡានក្រដាស និងផ្ទះក្រដាស យកមកពីចិនតែដំឡើងនៅខ្មែរ។ លក់ដាច់រាប់ម៉ឺនឈុតប្រហែល២ទៅ៤ម៉ឺនអី តែចំណេញតិចៗ។ លុយដុល្លារមួយដុំ តម្លៃ៥០០០រៀល ចំណេញបានប៉ុន្មាន១០០ទៅ២០០រៀលប៉ុណ្ណោះ»។ នេះបើតាមការលើកឡើងរបស់លោក សេងហូរ ហើយបញ្ជាក់ថា ក្រដាសសែនមួយឈុត តម្លៃ២៥០០០រៀល ដល់២០ម៉ឺនរៀល។ ក្រៅពីក្រដាសសែន សម្ភារៈលម្អនិងគ្រឿងសែនផ្សេងៗ គឺលោក សេង ហូរ លក់ដាច់គ្រប់មុខ។
នៅរំលង៣ផ្ទះ ពីផ្ទះលោក សេងហូរ ក៏មានសភាពមិនខុសគ្នាដែរ គឺពោរពេញដោយពណ៌ក្រហម ជាផ្ទះរបស់ អ្នកស្រី វែង ហួត ដែលអះអាងថា លក់ដាច់យ៉ាងគំហុក នៅ៣រដូវកាល គឺចូលឆ្នាំចិន ឆេងម៉េង និងសែនក្បាលទឹក។ អ្នកស្រីថា ក្រដាសសែន រាប់ម៉ឺនឈុតត្រូវបានលក់ចេញ តម្លៃ២ម៉ឺនរៀល ដល់២០ម៉ឺនរៀល ក្នុងនោះមានក្រដាសសែនលុយដុល្លារ លុយចិន សម្លៀកបំពាក់ មាស ឡានក្រដាសជាដើម។
«មិនដឹងចំនួនទេ ដឹងថារាប់ម៉ឺនឡើង ព្រោះលក់ទាំងបោះដុំនិងរាយ ហើយរៀបចំតាមការបញ្ជាទិញ ទៅតាមតម្លៃច្រើនឬតិច ពី២ម៉ឺនរៀល ដល់១០ទៅ២០ម៉ឺនរៀល»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ហួត ដោយបញ្ជាក់ថា អ្នកទិញមួយចំនួន ក៏បញ្ជាទិញក្នុងតម្លៃខ្ពស់ជា២០ម៉ឺននេះដែរ។
ជាមួយគ្នាដែរ អ្នកស្រីថា ទំនិញដែលលក់គឺនាំចូលពីចិន លើកលែងតែ ផ្ការជ័រ គឺនាំចូលពីវៀតណាម។ បើទោះបីជាលក់ដាច់ច្រើនយ៉ាងណាក៏ដោយ លោក ស្រី ពោលថា ចំណេញបានតិចៗ ដោយយកមកតម្លៃខ្ពស់និងលក់ច្រើនគ្នា៕
Tag:
ចូលឆ្នាំចិន
ក្រដាសសែន
© រក្សាសិទ្ធិដោយ thmeythmey.com