ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្រូពេទ្យ​ខ្មែរ​-​អាមេរិកាំង​ប្រែក្លាយ​ការឈឺចាប់​ជា​សកម្មភាព​មនុស្សធម៌​
26, Jan 2020 , 7:59 pm        
រូបភាព
លោក​វេជ្ជបណ្ឌិត​ សុង តាន់ ​ប្រធាន​សមាគមសុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។ Photo: VOA Khmer
លោក​វេជ្ជបណ្ឌិត​ សុង តាន់ ​ប្រធាន​សមាគមសុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។ Photo: VOA Khmer
ដោយ: VOA
​ទីក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា ៖ ការ​ប្រែក្លាយ​រឿងរ៉ាវ​ឈឺចាប់​និង​អន្ធ​កាល​ទៅជា​ពន្លឺ និង​សកម្មភាព​មនុស្សធម៌ គឺជា​កិច្ច​ការដែល​វេជ្ជបណ្ឌិត​ខ្មែរ​-​អាមេរិកាំង​មួយក្រុម ដែល​កំពុង​ធ្វើ​ដើម្បី​សងគុណ​មាតុភូមិ​របស់ខ្លួន តាមរយៈ​ការព្យាបាល​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​គិតថ្លៃ​។​

 
​នេះ​គឺជា​ពិធី​រៃអង្គាស​ថវិកា​លើក​ទី​១០ ដែល​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​បានរៀបចំ​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ឧបត្ថម្ភ​បេសកកម្ម​មនុស្សធម៌​ទៅ​ប្រទេស​កម្ពុជា​។​
 
​លោក​វេជ្ជបណ្ឌិត សុង តាន់ ប្រធាន​សមាគម ប្រាប់​ដល់​អ្នកចូលរួម​ថា មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ហើយ​ដែល​បានទទួល​ការព្យាបាល​។​។​
 
«​នៅពេលដែល​ពួកគេ​បានដឹង​ពី​បេសកកម្ម​របស់​ពួកយើង ជាពិសេស​មកពី​សហរ​ដ្ឋ​អាមេរិក ពីព្រោះ​សហរដ្ឋអាមេរិក​មានកេរ្តិ៍ឈ្មោះ​ល្អ គឺ​ពួកគេ​ចង់​ស្វែងរក​ណាស់​នៅ​កម្ពុជា គឺ​ពួកគេ​បាន​មករក​យើង​ដោយ​អារម្មណ៍​រីករាយ ហើយ​សង្ឃឹមថានឹង​បានទទួល​ថ្នាំពេទ្យ ប៉ុន្តែ​ក្នុងពេល​ជួប​នោះ យើង​ក៏​យក​ឱកាស​នោះ​ពិនិត្យ​និង​អប់រំ​ពួកគេ​ពី​ការថែរក្សា​សុខភាព​និង​ព្យាបាល​។ វត្តមាន​របស់​ពួកយើង​បានផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ គឺ​ដូច​ពេលដែល​ពួកយើង​នៅក្នុង​ជំរុំខៅអ៊ីដាង ដែល​ទទួល​ក្តីសង្ឃឹម​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដូច្នោះ​ដែរ​»​។​
 
​ក្រោយពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​ក្នុង​ខែមករា ឆ្នាំ​១៩៧៩ មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ពី​មាតុភូមិ​ជា​បន្តបន្ទាប់​ទៅ​ស្នាក់​នៅក្នុង​ជំរំ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មុនពេល​បាន​ទៅ​រស់នៅ​ប្រទេស​ទី​បី ក្នុងនោះ​មាន​សហរដ្ឋអាមេរិក​។ ទីក្រុង​ឡុង​ប៊ិច​មាន​ជនជាតិខ្មែរ​រស់នៅ​ច្រើនជាងគេ​រហូតដល់​ជាង​៥​ម៉ឺន​នាក់​នៅពេល​បច្ចុប្បន្ននេះ​។​
 
​ពិធី​រៃអង្គាស​ថវិកា​ប្រចាំឆ្នាំ​ដែល​រៀបចំ​ក្នុង​អគារ​ដឹ​សឹ​ន​ថឺ (The Centre) នេះ​មាន​អ្នកចូលរួម​ឧបត្ថម្ភ​ជាង ៥០០​នាក់ ដែលមាន​ដូចជា​ពាណិជ្ជករ សកម្មជន​សហគមន៍ និង​អ្នករដ្ឋការ​ដោយមាន​តន្ត្រី​កំដរ​ផងដែរ​។​
 
​លោក​វេជ្ជបណ្ឌិត ដា​នី​ញ៉ែ​ល ចាន់ អ្នកគ្រប់គ្រង​កម្មវិធី​បាន​បញ្ជាក់ថា​៖ «​អ្នក​មកជួយ​គាំទ្រ​នៅទីនេះ គេ​មក​ម្តង​ហើយ គេ​ចិត្ត​ចង់​មក​ម្តងទៀត​ដូច្នេះ​ភាគច្រើន​ភ្ញៀវ​នេះ គឺ​ភ្ញៀវ​ដែល​ធ្លាប់​មក​ច្រើនដង​មុនៗ​ហើ​យ‍​»​។​
 
​លោក​វេជ្ជបណ្ឌិត ដា​នី​ញ៉ែ​ល ចាន់ ដែលមាន​ឯកទេស​ខាង​ព្យាបាល​ជំងឺ​ទូទៅ​ក៏បាន​ចូលរួម​បេសកកម្ម​ទៅ​កម្ពុជា​មិនដែល​ខកខាន​ម្តងណា​ឡើយ​៖ «​ពេល​ទៅមួយ​សារ​ហើយ​ត្រឡប់មកវិញ​នៅតែ​ចង់​ជួយ​ទៀត ហើយ​រង់ចាំ​មួយឆ្នាំ​ទៀត ទោះបីជា​ហត់​យ៉ាងម៉េច​ក៏ដោយ ហើយ​ត្រូវ​រៀបចំ​យ៉ាងម៉េច​ក៏ដោយ ថ្លៃ​យ៉ាងម៉េច​ក៏ដោយ ដល់ពេល​ទៅ​ជួយ​ទៅ ហើយ​ពេល​ត្រឡប់មកផ្ទះ​វិញ​រំលឹក​ឡើងវិញ​ឃើញថា ល្អ​មែនទែន​ចិត្ត​ក៏​ចង់ទៅ​ជួយ​ទៀ​ត‍​»​។​
 
​ក្រុម​បេសកកម្ម​មនុស្សធម៌​មាន​អ្នកឯកទេស​ខាង​ជំងឺ​ទូទៅ ជំងឺ​កុមារ សេវា​ប្រឹក្សា​សុខភាព ចិត្តសាស្ត្រ មាត់​ធ្មេញ និង​ភ្នែក ហើយក៏​មានចែ​កវែ​នតា និង​ផ្តល់​ដៃ​សិប្បនិម្មិត​ផងដែរ​។​
 
​ចាប់តាំងពី​បេសកកម្ម​លើក​ទី​១ ដែល​បាន​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ នៅ​ខែមករា ឆ្នាំ​២០១១ មក ក្រុម​បេសកកម្ម​បាន​បន្ត​ការព្យាបាល​ទៅ​ខេត្ត​ជាច្រើន​ទៀត ដូចជា​ខេត្តបាត់ដំបង ពោធិ៍សាត់ តាកែវ កោះកុង និង​ព្រៃវែង​ជាដើម​។ អ្នកជំងឺ​ខ្លះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរហើយ ប៉ុន្តែ​មិនមាន​លទ្ធភាព​ព្យាបាល ហើយ​អ្នកខ្លះ​បានទទួល​វែ​នតា ឬ​ដៃ​សិប្បនិម្មិត​ជា​លើកដំបូង​។ ក្នុង​មួយ​លើកៗ ការព្យាបាល​មាន​រយៈពេល​មួយ​សប្តាហ៍ ហើយក៏​មានការ​ចូលរួម​ពី​វេជ្ជបណ្ឌិត​អាមេរិកាំង​ផងដែរ​។​
 
​លោក​វេជ្ជបណ្ឌិត នៀល ស៊ុ​ល​លី​វ៉ាន់ (Neil Sullivan) ឯកទេស​សុខភាព​គ្រួ​សារបាន​ជាប់​ចិត្តនឹង​ភាព​រួសរាយ​រាក់ទាក់ ការតស៊ូ និង​ប្រវត្តិ​រងគ្រោះ​របស់​ពលរដ្ឋ​កម្ពុជា​។​
 
«​ពលរដ្ឋ​កម្ពុជា​បាន​ក្លាយជា​មនុស្ស​ចាញ់​ប្រៀប​គេ ក្នុងអំឡុង​ទសវត្សរ៍​ទី​៧០​។ ពួកគេ​អភ័ព្វ ហើយ​ត្រូវគេ​ធ្វើបាប ប៉ុន្តែ​នៅមាន​ជីវិត​។ ពេលដែល​ខ្ញុំ​ធ្វើដំណើរ​ទៅ​ទីជនបទ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ឃើញ​ភាព​រួសរាយ​រាក់ទាក់ និង​ក្តី​រីករាយ បើទោះបីជា​ពួកគេ​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​គួរឱ្យ​រន្ធត់​ជាច្រើន​ឆ្នាំ​។ ខ្ញុំ​ឃើញថា ពួកគេ​រួសរាយ ស្រួល​រាប់អាន និង​ធ្វើការ​ជា​មួ​យ‍​»​។​


អ្នកស្រី​វេជ្ជបណ្ឌិត​ ស្រីរ៉ាំ គុយ ​ជា​អនុប្រធាន​មជ្ឈមណ្ឌល​សុខភាពនៃ​ក្រសួងអតីត​យុទ្ធជន។
 
​សារ​ដ៏​សំខាន់​ពី​សហគមន៍​ខ្មែរ​-​អាមេរិកាំង​
 
​អ្នកស្រី​វេជ្ជបណ្ឌិត ស្រី​រ៉ាំ គុយ ជា​អនុប្រធាន​មជ្ឈមណ្ឌល​សុខភាព​នៃ​ក្រសួង​អតីតយុទ្ធជន ជឿជាក់ថា សកម្មភាព​ស្ម័គ្រចិត្ត​នេះ​បញ្ជូន​សារ​ដ៏​សំខាន់​ពី​សហគមន៍​ខ្មែរ​-​អាមេរិកាំង​៖
 
«​សូម​ថ្លែងអំណរគុណ​ដល់​អ្វីដែល​អស់លោក​លោកស្រី​បានធ្វើ​ដើម្បី​បង្ហាញ​ពិភពលោក​ថា សហគមន៍​របស់​យើង​អាច​ប្រែក្លាយ​ការឈឺចាប់ និង​អន្ធ​កាល​ទៅជា​ការព្យាបាល​និង​ពន្លឺ​។ សូម​អរគុណ​ដែល​បានបង្ហាញ​ពិភពលោក​ថា យើង​មិនមែន​កំណត់​ត្រឹម​រឿងរ៉ាវ​សោកសៅ​ទេ ប៉ុន្តែ​យើង​បានកំណត់​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​នៃ​ការឈឺចាប់​ឱ្យក្លាយ​ជាការ​តស៊ូ ក្តី​ក្លាហាន សេចក្តីសង្ឃឹម ការផ្សះផ្សារ មនុស្សធម៌ និង​មេត្តាករុណា​។ ដោយសារតែ​អស់លោក​លោកស្រី គឺមាន​ជីវិត​ពលរដ្ឋ​៥​ម៉ឺន​នាក់​បាន​ប្រសើរឡើង​។ សូម​អរគុណ​ដែល​បានបង្ហាញ​ពិភពលោក​ថា តើ​វា​មានន័យ​យ៉ាងណា​ក្នុងការ​ប្រែក្លាយ​រឿង​ជោគជ័យ​ទៅជា​រឿង​ដែលមាន​សារៈ​សំ​ខា​ន‍់​»​។​
 
​ខ្សែជីវិត​អ្នកស្រី​វេជ្ជបណ្ឌិត ស្រី​រ៉ាំ គុយ អតីតជន​ភៀសខ្លួន​ខ្មែរ បាន​ផ្លាស់ប្តូរ​ដោយសារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​អង្គការ​កាកបាទក្រហម កាលពី​៤០​ឆ្នាំមុន​។​
 
​អ្នកស្រី​បាន​រៀបរាប់ថា​៖ «​កាលពីពេល​នាង​ខ្ញុំ​នៅ​ជា​ជនភៀសខ្លួន​ក្នុង​ជំរុំ​ក្នុង​ទឹកដី​ថៃ គឺ​បាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​ទៅ​ជំរុំ​នោះ​ជា​អ្នក​សង្គ្រោះ​ជីវិត​របស់ខ្ញុំ នៅពេលដែល​ខ្ញុំ​និង​ម្តាយ​ត្រូវរបួស​ដោយ​គ្រាប់ផ្លោង​។ គាត់​ប្រហែលជា​មិន​នៅ​ទីនោះ​យូរ​ឆ្នាំ​ទេ​ប៉ុន្តែ​ក្នុងពេល​គាត់​នៅ​ទីនោះ គាត់​សង្គ្រោះ​ជីវិត​របស់ខ្ញុំ ហើយ​នេះ​គឺជា​ហេតុផល​ដែល​ខ្ញុំ​បានមក​ទីនេះ​ជជែក​នឹង​លោក​នៅថ្ងៃនេះ និង​ថែរក្សា​សុខភាព​អតីតយុទ្ធជន​និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ដទៃ​ទៀ​ត‍​»​។​
 
​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ស្ថិតនៅ​ទីក្រុង​ឡុង​ប៊ិច ហើយ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០១ ដោយ​ក្រុម​វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត និង​អ្នកជំនាញ​សុខាភិបាល ខ្មែរ​-​អាមេរិកាំង​។​
 
​លោក​វេជ្ជបណ្ឌិត សុង តាន់ បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖ «​អ្នក​ដែល​ស្ម័គ្រចិត្ត​ពី​សហរដ្ឋអាមេរិក យើងទាំងអស់គ្នា​ដែល​ទៅ​ហ្នុ​ង គឺមាន​សណ្ឋាន​ចិត្ត​មានតែ​ជួយ គឺ​អត់​ចង់បាន​អ្វី​មកវិញ​ទេ​....​ម្នាក់ៗ​គឺ​អត់​ចង់បាន​កម្រៃ គឺថា ម្នាក់ៗ​ទៅបាន​កម្រៃ​ដោយសារ​ការទទួល​មគ្គ​ផល បានទទួល​នូវ​សេចក្តី​ចាប់អារម្មណ៍​ថា​ត្រឡប់មកវិញ គឺ​ជីវិត​យើង​បាន​ផ្លាស់ប្តូរ ដោយ​យើងទាំងអស់គ្នា​បានធ្វើ​អំពើ​ល្អ​ក្នុង​មនុស្សធម៌​»​។​
 
​សកម្មភាព​មនុស្សធម៌​នេះ រួមមាន​ការលះបង់​ពេលវេលា​ប្រកប​របរ​ទទួលទាន​ផ្ទាល់ខ្លួន​ផងដែរ​។​


លោក​វេជ្ជបណ្ឌិត គុំ កុសល​ ជា​ទន្តពេទ្យ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។
 
​លោក​វេជ្ជបណ្ឌិត គុំ កុសល ជា​ទន្តពេទ្យ​ត្រូវ​បិទ​គ្លីនិក​នៅតាម​បណ្តោយ​ផ្លូវ​អាណា​ហែម ដែល​សម្គាល់​ក្រុង​ខ្មែរ​រយៈពេល​ពីរ​សប្តាហ៍​ជា​រៀងរាល់ឆ្នាំ​។ អតីតជន​ភៀសខ្លួន​ដែលមាន​ដើមកំណើត​នៅ​ខេត្តតាកែវ​រូបនេះ បាន​ចូលរួម​បេសកកម្ម​មិនដែល​ខាន​ម្តងណា​ទេ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ថែមទាំង​នាំ​សមាជិក​ក្រុមគ្រួសារ​ជួយ​ផងដែរ​។​
 
​លោក​វេជ្ជបណ្ឌិត គុំ កុសល បាន​រំលឹក​ពី​ការព្យាបាល​ដែល​ធ្វើឱ្យ​លោក​ចងចាំ​ជានិច្ច​៖ «​មាន​កុមារី​ម្នាក់​ដែល​គ្នា​មាន​ធ្មេញ​ខូច​យ៉ាងច្រើន ហើយ​មើលទៅ​ឃើញ​តុក្កតា​ហើយ​ចង់បាន ហើយ​ក្រុម​ពេទ្យ​ខ្ញុំ​ថា «​អូ​ខេ​អានាង​ឯង​បើ​ចង់បាន​តុក្កតា​ហ្នឹង ត្រូវឱ្យ​ពួក​ពូ​ដក​ធ្មេញ ព្យាបាល​ធ្មេញ​ឱ្យ​ហើយ ប៉ុន្តែ​បើ​ប៉ិន​ទ្រាំ​នឹង​បាន​តុក្កតា​ល្អ​ហ្នឹង​»​។ កុមារី​ហ្នឹង​៩​ឆ្នាំ ឱ្យ​ដក​ធ្មេញ​សឹងតែ​ពេញ​មួយ​មាត់ ហើយ​ធ្មេញ​ហ្នឹង​ពុករលួយ​ពេញ​មួយ​មាត់​ទាំងអស់​ដូចគ្នា ហើយគ្នា​ខំទ្រាំ ចាក់​ថ្នាំ​ពេញ​មួយ​មាត់ ហើយ​អត់​ហ៊ាន​យំ​មួយ​អ៊ឹ​ទេ​ព្រោះ​ចង់បាន​តុក្កតា​»​។​
 
​កិច្ចការ​ដ៏​ធំ​នេះ​មានការ​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ពី​សហគមន៍​ផងដែរ​។ ជា​រៀងរាល់​ពេលមុន​ចេញដំណើរ​បេសកកម្ម​ស​មា​ជិ​ក​សហគមន៍​ទាំងចាស់ និង​ក្មេង បាន​ប្រមូលគ្នា​ជួយ​វេច​ខ្ចប់​ថ្នាំពេទ្យ ច្រាស​ដុសធ្មេញ ដៃ​សិប្បនិម្មិត និង​បរិក្ខា​ពេទ្យ​។​
 
​លោក ហ្វី​លី​ព ទ្រី​ថុង គឺជា​អនុប្រធាន​ធនាគារ First Choice​។ លោក​ជា​ពាណិជ្ជករ​ដ៏​ជោគជ័យ​ម្នាក់ ដែល​បាន​បង្កើត​ក្រុមហ៊ុន​គណនេយ្យ​ត្រកូល Thong, Yu, Wong & Lee នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា​។ លោក​បាន​ស្ម័គ្រចិត្ត​ជួយ​ដល់​ក្រុមគ្រូពេទ្យ ដោយ​ទទួលបន្ទុក​រៃអង្គាស​ថ​វិកា​។​
 
​លោក​បាន​បញ្ជាក់ថា​៖ «​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក គឺមាន​ឈ្មោះ​ល្បី​ដោយសារតែ​អ្នកស្ម័គ្រចិត្ត​ធ្វើការ​បម្រើ​គេ​ចេញ​លុយ​ផ្ទាល់ខ្លួន ចេញ​វិជ្ជាជីវៈ​របស់​ផ្ទាល់ខ្លួន​ជួយ ចំណាយ​ពេលចេញ​លុយ​ទិញ​សំបុត្រ​យន្តហោះ​ខ្លួនឯង​។ ដូច្នេះ​ប្រជាជន​ឃើញថា​ជា​សមាគម​មួយ​គេ​គោរព គេ​ជឿ ហើយ​ជាពិសេស​ទៅ​មើល​អ្នកជំងឺ​ហើយ​គ្មាន​យកលុយ ដូច្នេះ​ពេលដែល​យើង​ទៅសុំ​លុយ​គេ គឺ​គេ​សប្បាយ​ចិត្តនឹង​ជួយ​»​។​


លោក ហ្វីលីព ទ្រីថុង គឺជា​អនុប្រធាន​ធនាគារ ​First Choice ដែល​បានចូលរួម​ជា​អ្នក​ដឹកនាំកម្មវិធីរៃអង្គាសថវិកាសម្រាប់ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។
 
​បន្ថែម​ពីនេះ ជា​រៀងរាល់ឆ្នាំ​លោក ហ្វី​លី​ព ទ្រី​ថុង គឺជា​អ្នក​កាន់​កម្មវិធី​ក្នុង​ពិធី​រៃអង្គាស​ថវិកា​ប្រចាំឆ្នាំ​ផងដែរ​។​
 
​លោក​បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ធ្លាប់​វេទនា​រត់​ចេញពី​អាពត វេទនា​ក្នុង​ជំរុំ ជា​អ្នក​ធ្លាប់​ទទួល​បុណ្យទាន​គេ​ធ្វើឱ្យ ដូច្នេះ​មានឱកាស​នឹងធ្វើ​ទៅវិញ យើង​មក​រស់នៅ​អាមេរិក​សិក្សា​បាន​រកស៊ី​មានបាន ជា​ឱកាសល្អ ដែល​ខ្ញុំ​អាចជួយ​អ្នកក្រ​ទៅវិញ ជាការ​ប្រសើរ​មានតម្លៃ​បំផុត​ហើ​យ‍​»​។​
 
​សមាជិក​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុង​ប៊ិច និង​តំបន់​ជិតខាង​ខ្លះ បាន​ជោគជ័យ​ក្នុង​ការងារ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​នៅតែមាន​បញ្ហា​ប្រឈម​ដែរ​។ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ពួកគេ​នៅតែមាន​សមានចិត្ត​គិតដល់​ជនរួមជាតិ​នៅ​ប្រទេស​កំណើត​ជានិច្ច​។ ការណ៍​នេះ​ឆ្លុះបញ្ចាំង​តាមរយៈ​ការបរិច្ចាគ​នៅ​កម្មវិធី​រៃអង្គាស ដែល​ធ្វើ​មួយឆ្នាំ​២​ដង​។ 
 
​លោក អា​ឡាំង ឡូ​វឹ​នស​ល អ្នកតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ប្រចាំ​មណ្ឌល​៤៧ ដែល​រួមមាន​ទីក្រុង​ឡុង​ប៊ិច បាន​សរសើរ​ដល់​ការងារ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​។ លោក​បានបញ្ជាក់​នៅក្នុង​សារ​ថា​៖
 
«​ក្នុងនាម​ជា​តំណាងរាស្ត្រ​និង​សហប្រធាន​នៃ​ក្រុម​តំណាង​កម្ពុជា​ក្នុង​រដ្ឋសភា ខ្ញុំ​សូម​សរសើរ​ដោយ​អស់ពី​ចិត្ត​ដល់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក គឺ​លោក​វេជ្ជបណ្ឌិត តាន់ សមាជិក​គណៈ​គ្រប់គ្រង​និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ចំពោះ​ការប្តេជ្ញាចិត្ត​ដ៏​ធំ ក្នុងការ​ធ្វើឱ្យ​មានការ​កែប្រែ​ជីវភាព​ពលរដ្ឋ​តាមរយៈ​សេវាកម្ម និង​កម្មវិធី​ដែល​បាន​រៀបរាប់​ខាង​ល‍ើ​»​។​
 
​បេសកកម្ម​លើក​ទី​១០​បានធ្វើ​ឡើង​កាលពីដើម​ខែមករា ឆ្នាំ​២០២០​នេះ នៅ​ខេត្តកំពង់ស្ពឺ ដោយមាន​ក្រុម​វេជ្ជបណ្ឌិត​និង​អ្នកជំនួយ​ការសរុប​១៣១​នាក់ ហើយ​មាន​ការជួយ​ពី​ក្រុមគ្រូពេទ្យ​និង​និស្សិត​កម្ពុជា​៩០​នាក់ ហើយ​ក្នុងពេលនោះ​ក៏បាន​ប្រគល់​សម្ភារៈ​វះកាត់​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។​
 
​លោក​វេជ្ជបណ្ឌិត សុង តាន់ បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖ «​ខ្ញុំ​ថា រាល់​ឆ្នាំ​យើង​មកដល់​១០​ឆ្នាំ ខ្ញុំ​ឃើញ​ការរីកចម្រើន​ល្អ​មែនទែន ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែល​ខ្ញុំ​ទៅតាម​ខេត្ត​នានា​នៅមាន​ការខ្វះខាត​ខាង​សម្ភារៈ​សម័យ​។ ដូច​នៅ​សហរដ្ឋអាមេរិក​ដែល​យើង​ធ្វើការ​គឺ​គេ​មាន​សម្ភារៈ​សម័យ​មែនទែន ហើយ​បងប្អូន​នៅ​ខាង​នេះ​គឺ​ខ្វះខាត​ច្រើន​មែនទែន​។ ដូច្នេះ​យើង​ធ្វើ​បេសកកម្ម​ទៅតាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើបាន​។ ដូច្នេះ​យើង​សង្ឃឹមថា វឌ្ឍនភាព​ទៅ​ថ្ងៃមុខ​នឹង​មា​ន‍​»​។​
 
​រហូតមកដល់​ពេលនេះ មាន​ពលរដ្ឋ​កម្ពុជា​ជិត​៦​ម៉ឺន​នាក់​ហើយ ដែល​បានទទួល​សេវា​ព្យាបាល​ទាំង​១០​លើក​នេះ​។​
 
​សម្រាប់​លោក​វេជ្ជបណ្ឌិត សុង តាន់ សកម្មភាព​មនុស្សធម៌​នឹង​បន្ត​ដរាបណា​នៅតែមាន​តម្រូវការ​៖ «​ដរាបណា​ប្រទេស​យើង​នៅ​ត្រូវការ​បេសកកម្ម​យើង​នេះ ដរាប​នោះ​យើង​នឹង​ខិតខំ ក៏ប៉ុន្តែ​ម្នាក់ៗ​រាង​ចាស់​ដែរ​ហើយ ដូច្នេះ​សង្ឃឹមថា មាន​ជំនាន់​ក្រោយ​ក្មេងៗ​បន្តទៅ​ទៀ​ត‍​»​។​
 
​ការបន្ត​សកម្មភាព​ម​នុស្ស​ធម៌​ទៅ​មនុស្ស​ជំនាន់​ក្រោយ​
 
​កិច្ចការ​បន្ទាប់​គឺ​ការបណ្តុះ​មនុស្ស​ជំនាន់​ថ្មី​ឱ្យ​បន្តការងារ​មនុស្សធម៌​នេះ​។​
 
​លោក​វេជ្ជបណ្ឌិត វិសាល ង៉ា អនុប្រធាន​សមាគម​សុ​ខា​ភិ​បាល​ខ្មែរ​នៅ​អាមេរិក គឺជា​ម្ចាស់​គ្លីនិក​ព្យាបាល​ជំងឺ​ទូទៅ​នៅតាម​បណ្តោយ​ផ្លូវ​អាណា​ហែម​។ លោក​បាន​ចំណាយពេល​ខ្លី​រស់នៅក្នុង​ជំរំ ប៉ុន្តែ​មិនបាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ទេ​។ លោក​បានមក​ដល់​សហ​រដ្ឋ​អាមេរិក​នៅ​អាយុ​៨​ឆ្នាំ ហើយ​ក៏បាន​ស្ម័គ្រចិត្ត​ជួយ​តាំងពីដើម​មក​។​
 
«​យើង​ជា​កូន​ខ្មែរ​យើង​កើត​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​ឱ​ពុក​ម្តាយ​យើង​ក៏​ខ្មែរ​ដែរ​។ គាត់​បាន​ឆ្លងកាត់​របប​ប៉ុល ពត​។ មាន​ខ្មែរ​យើង​ច្រើន​មាន​បញ្ហា ហើយ​អត់​អ្នកណា​គេ​ជួយ​។ យើង​ចង់​ជួយ ពីព្រោះ​យើង​ជា​ខ្មែរ គឺ​យើង​ត្រូវតែ​ជួយ​គ្នា​ទៅវិញទៅមក​»​។​


លោក​វេជ្ជបណ្ឌិត វិសាល ង៉ា ​អនុប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។
 
​លោក​វេជ្ជបណ្ឌិត វិសាល ង៉ា ក៏​អំពាវនាវ​ឱ្យ​វេជ្ជបណ្ឌិត​ដទៃទៀត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​ផងដែរ​។​
 
«​ជា​ក្មេង​ដែល​រៀន​ពេទ្យ រៀន​ពេទ្យធ្មេញ បើសិនជា​យើង​អាចជួយ​គ្នា​បាន យើង​ត្រូវតែ​ជួយ ព្រោះ​អី​មាន​អ្នកជំងឺ​ច្រើន​ដែល​អត់​មាន​អ្នកណា​ជួយ ហើយ​វា​ជាការ​ទទួលខុសត្រូវ​ទៅតាម​សមត្ថ​ភា​ព‍​»​។​
 
​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ក៏​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ដែល​ចង់​បន្ត​អាជីព​ខាង​ផ្នែក​វេជ្ជសាស្ត្រ​។ ឆ្នាំនេះ​មាន​និស្សិត​ចំនួន​៣​នាក់​ទទួលបាន​អាហារូបករណ៍​។​
 
​លោក ខេ​វិ​ន មុយ គឺជា​និស្សិត​ពេទ្យ​ម្នាក់​ដែល​ទទួលបាន​អាហារូបករណ៍​។​
 
​លោក​ថ្លែងថា​៖ «​រឿង​មួយ​ដែល​ខ្ញុំ​រំភើប​បំផុត គឺ​ការសិក្សា​វិជ្ជាពេទ្យ​និង​វិធី​ព្យាបាល​អ្នកជំងឺ​ឱ្យបាន​ល្អ ពីព្រោះ​ឥឡូវនេះ​ខ្ញុំ​ហាក់ដូចជា​អត់​ទាន់​មានចំណេះ​អ្វី​ក្នុង​ខ្លួន​ទេ​។ ប៉ុន្តែ​ក្នុងពេល​អនាគត បេសកកម្ម​លើក​ទី​២០ ខ្ញុំ​នឹងចូលរួម​ក្នុងនាម​ជា​វេជ្ជបណ្ឌិត​មួយ​រូ​ប‍​»​។​
 
​ក្រុមគ្រូពេទ្យ​ខ្មែរ​-​អាមេរិកាំង​ក៏​កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ដើម្បី​បង្កើត​មន្ទីរ​ព្យាបាល​អចិន្ត្រៃយ៍​មួយ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្នុង​ពេលនេះ ការងារ​ប្រចាំ​របស់​ពួកគេ​នៅ​បន្ត​ជានិច្ច​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com