អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ចិន​បន្តពេល​វិស្សមកាល ឯ​សាលារៀន​ទាំងអស់​លើក​ថ្ងៃ​បើក​បវេសនកាល​
27, Jan 2020 , 9:14 am        
រូបភាព
គ្រូពេទ្យចិនកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរម្នាក់នៅឯខេត្តហ្កាន់ស៊ូ។ រូបភាព Xinhua
គ្រូពេទ្យចិនកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរម្នាក់នៅឯខេត្តហ្កាន់ស៊ូ។ រូបភាព Xinhua
​ប្រទេស​ចិន នៅ​ថ្ងៃទី​២៧ ខែមករា បានប្រកាស​ពី​ការបន្ត​រយៈពេល​ឈប់សម្រាក​ចូលឆ្នាំ​ចិន​រហូតដល់​ដើមខែ​កុម្ភៈ​ខាងមុខ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល់​កូ​រ៉ូ​ណាវី​រុស ដែល​បានសម្លាប់​មនុស្ស​៨០​នាក់​ហើយ​នោះ​។ សាលារៀន​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស ក៏បាន​ប្រាប់​ឲ្យ​លើក​ពេល​បើក​ប​វេសនកាល​ឆមាស​ថ្មី​ផង​​ដែរ​។ ខណៈ​ការ​រាតត្បាត​កាន់តែខ្លាំង ប្រទេស​ជាច្រើន​ក៏​ត្រៀម​ជម្លៀស​ប្រជាជន​ខ្លួន​ទៅកាន់​កន្លែង​សុវត្ថិភាព​ផងដែរ​។​

 
​វិ​សម្ស​កាល​ទូទាំងប្រទេស​ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមករា នឹងត្រូវ​បន្ថែម​ដល់​ថ្ងៃទី​២ ខែកុម្ភៈ​។ នេះ​ជាការ​ប្រកាស​របស់​ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ​ចិន​នៅ​ថ្ងៃទី​២៧ ខែមករា ស្រប​ពេលដែល​មេរោគ​ថ្មី​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស កំពុងតែបន្ត​អុកឡុក​កាន់តែខ្លាំង​។ 
 
​ក្រុមប្រឹក្សារដ្ឋ​ចិន​អះអាងថា នេះ​ជា​វិធានការ​ដើម្បី​កាត់បន្ថយ​ការប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ ទប់ស្កាត់​ការ​រាលដាល​របស់​វីរុស ក៏ដូចជា​ការពារ​សុវត្ថិភាព និង​សុខា​ភាព​របស់​ប្រជាជន​ចិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ ជាមួយគ្នានេះ សាលា​អប់រំ​ទូទាំងប្រទេស​រួមមាន​សាកលវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និង​ម​ត្តេ​យ្យ​ផង​នោះ ត្រូវ​លើក​ពេល​បើក​ឆមាស​ប្រចាំ​រដូវ​ផ្កា​រីក​របស់ខ្លួន​បណ្ដោះអាសន្ន​សិន​ដែរ​។​
 
​វិធានការ​ខាងលើ ជា​ចំណាត់​ចុងក្រោយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​វីរុស​ប្រភេទ​ថ្មី​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ដូច SARS ដែរ​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាត់ទុក​ការផ្ទុះ​ឡើង​វីរុស​នេះ ជា​រឿង​ធ្ងន់ធ្ងរ​បំផុត និង​បាន​ណែនាំ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​។ វិធានការ​ដទៃទៀត​ដែល​ត្រូវបាន​ប្រកាស​រួចហើយ​មាន ការបិទ​ទីតាំង​ទេសចរណ៍​ដូចជា​រាជវាំង​បូរាណ មហា​កំផែង និង​ការបិទ​ការជួញដូរ​សត្វ​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា កូ​រ៉ូ​ណា​វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​២៧៤៤​នាក់ ហើយ​អ្នកស្លាប់​កើន​ដល់​៨០​នាក់​នៅ​ចិន ខណៈ​៥១​នាក់​ទៀត បាន​សះស្បើយ​។ ក្រៅពី​ចិន ជប៉ុន និង​អាមេរិក ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​។ 
 
​អាមេរិក បានប្រកាស​រួច​ហើយពី​គម្រោង​ជម្លៀស​មន្ត្រី​កុងស៊ុល​ប្រចាំ​ទីក្រុង​វូ​ហាន​ទៅកាន់​ទឹកដី​ខ្លួន​វិញ រួមជាមួយ​ជនជាតិ​ខ្លួន​ដែល​ប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង​។ ជប៉ុន​ឯណោះ​វិញ ក៏បាន​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ជួយ​ប្រជាជន​ខ្លួន​ដែរ​។ ចំណែក​បារាំង ក៏​ត្រៀម​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ក្រៅ​វូ​ហាន ហើយ​ទៅ​ដាក់​នៅ​ទីក្រុង​ក្បែរ​ខ្លាំង​ដោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​។ ឯ​ហ្ស៊​កដា​នី​និយាយថា ខ្លួន​ទទួលបាន​ការអនុញ្ញាត​ពី​ចិន​រួចហើយ​ក្នុងការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​៕ 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com