ជាតិ
សង្គមជាតិ
ចិនជាង៣ពាន់នាក់ ពីវូហាន កំពុងស្នាក់នៅកម្ពុជា
28, Jan 2020 , 10:27 am        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បញ្ជាក់ថា ពិតជាមានជនជាតិចិនជាង៣ពាន់នាក់ ពីទីក្រុងវូហាន កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាមែន។ លោក អះអាងថា ពួកគេ បានហោះមកកម្ពុជា នៅមុនថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃរដ្ឋាភិបាលចិន ប្រកាសបិទគ្រប់ច្រក មិនឲ្យប្រជាជនចេញពីទីក្រុងវូហាន។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោក ជា អូន អះអាងដូច្នេះថា៖«ពួកគាត់ មកកម្ពុជា មុនគេហាមឃាត់ ឥឡូវ ក៏នៅហ្នឹងទៅ»។ លោក បន្តថា ភាគច្រើននៃជនជាតិចិនជាង៣ពាន់នាក់នោះ មកកម្ពុជាតាមជើងហោះហើរនៃអាកាសយានដ្ឋានខេត្តព្រះសីហនុ និង អាកាសយានដ្ឋានខេត្តសៀមរាប ហើយលោក សន្និដ្ឋានថា បច្ចុប្បន្ន ចំនួនពាក់កណ្តាលនៃជនជាតិចិនជាង៣ពាន់នាក់នោះ ប្រហែលកំពុងនៅខេត្តព្រះសីហនុ និង ប្រមាណពាក់កណ្តាលទៀត កំពុងនៅខេត្តសៀមរាប។

អ្នកនាំពាក្យរូបនេះ​ ប្រាប់ថា មានការបិទជើងហោះហើរពីកម្ពុជានិងវូហាន តែចំពោះជើងហោះហើរពីកម្ពុជានិងចិន នៅដំណើរការធម្មតា ដោយមិនទាន់មានគម្រោងផ្អាកនោះទេ។

ម្យ៉ាងទៀត អ្នកនាំពាក្យ មិនទាន់អាចនិយាយបានឡើយថា កម្ពុជា មានគម្រោងបញ្ជូនជនជាតិចិនពីទីក្រុងវូហានទាំងនោះ ចេញពីកម្ពុជា ឬយ៉ាណា ដើម្បីការពារកុំឲ្យមេរោគកូរ៉ូណា រីករាលដាលនៅកម្ពុជា។ លោក ថ្លែងថា៖«ចាំមើលវិធានការពីក្រសួងសុខាភិបាលសិន»។

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យទាំងពីររបស់ក្រសួងសុខាភិបាលបានឡើយ ដោយសារតែពួកគាត់ មិនលើកទូរស័ព្ទ។

សារព័ត៌មាន CGTN របស់ចិន ផ្សាយថា ជនជាតិចិនប្រមាណ៥លាននាក់ បានចេញពីទីក្រុងវូហាន ទៅកាន់បណ្តាប្រទេសផ្សេងៗ មុនរដ្ឋាភិបាលបិទច្រកចេញចូលនៃទីក្រុងនេះ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ គឺចំថ្ងៃដែលរដ្ឋាភិបាល ប្រកាសបិទច្រកទីក្រុងវូហាន។ ក្រុមគ្រូពេទ្យកម្ពុជា បញ្ជាក់ថា គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានរោគកូរ៉ូណានោះទេ។

បុរសចិនដែលផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ។ ក្រុមគ្រួសាររបស់គាត់ ក៏ត្រូវដាក់ឲ្យស្ថិតក្នុងបន្ទាប់ដាច់ដោយឡែកពីគេដែរ ទោះមិនផ្ទុកមេរោគនេះក៏ដោយ។ ក្រុមគ្រូពេទ្យ កំពុងព្យាបាលបុរសជនជាតិចិននោះ រួមទាំងតាមដានមើលសុខភាពក្រុមគ្រួសាររបស់គាត់យ៉ាងជាប់លាប់។  

ទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណា ដែលអាចបង្កទៅជាជំងឺរលាកសួត។ មេរោគនេះ ចាប់ផ្ទុះកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១០០នាក់ហើយ ខណៈអ្នកមេរោគនេះ បានកើនឡើងដល់ជិត៣ពាន់នាក់នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មីដ៏គួរខ្លាច ដែលមិនទាន់មានវ៉ាក់សាំងពារពារនេះ បានរាលដាលទៅដល់បណ្តាលប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com