អន្តរជាតិ
WHO ទទួលស្គាល់​កំហុស​ជុំវិញ​ការវាយតម្លៃ​ខុស​លើ​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន​
28, Jan 2020 , 2:12 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​២៧ ខែមករា បានចេញ​មុខ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ជុំវិញ​បញ្ហា​វាយតម្លៃ​ខុស​លើ​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន ថា​មិន​ប៉ះពាល់​ក្នុង​កម្រិត​ខ្ពស់ មកលើ​សកលលោក​។​ជាមួយគ្នានេះ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏បាន​បើ​ការស៊ើបអង្កេត​លើ លទ្ធភាព ដែល​វីរុស​ប្រភេទ​ថ្មី​នេះ អាច​ឆ្លង​មុន​ពេលចេញ​រោគសញ្ញា​ផងដែរ​។​


 
​គិត​មកដល់ពេលនេះ ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមករា មនុស្ស​ដែល​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស បាន​កើនឡើង​រហូតដល់ ១០៦​នាក់​ហើយ​នៅក្នុង​ប្រទេស​ចិន ហើយ​អ្នកជំងឺ​ផ្ទុក​វីរុស​ប្រភេទ​នេះ បាន​កើន​ដល់​ជាង ៤០០០​នាក់ នៅ​ចិន និង​បណ្តា​ប្រទេស​មួយចំនួន​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក បានប្រកាស​ទទួលស្គាល់​ពី​កំហុស​របស់ខ្លួន ក្នុងការ​វាយតម្លៃ​ខុស​លើ​កូ​រ៉ូ​ណាវី​រុស​។ បើតាម​ការពន្យល់​រប​ស់​អង្គការ​អន្តរជាតិ​មួយ​នេះ កូ​រ៉ូ​ណាវី​រុស កំពុង​គំរាមកំហែង​សកលលោក​ក្នុង​កម្រិត​ខ្ពស់ ដែល​ផ្ទុយ​ពី​ការវាយតម្លៃ​នៅ​សប្តាហ៍​មុន ដែលមាន​គ្រោះថ្នាក់​ត្រឹមតែ​មធ្យម​ប៉ុណ្ណោះ​។ ពោលគឺ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​តែ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​មិនសូវ​ប៉ះពាល់​ដល់​ពិភពលោក​ទេ​។ 
 
​ប៉ុន្តែ​ពេលនេះ វីរុស​ថ្មី បាន​ទៅដល់​ប្រទេស និង​តំបន់​ជាច្រើន​ដូចជា​អាមេរិក កាណាដា អង់គ្លេស សិង្ហ​បុរី កម្ពុជា ថៃ វៀតណាម នេ​ប៉ាល់ បារាំង កូរ៉េខាងត្បូង ជប៉ុន ហុងកុង ម៉ា​កាវ អូស្ត្រាលី ម៉ាឡេស៊ី និង​តៃវ៉ាន់​ជាដើម​។ 
 
​បើតាម​ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus ការវាយតម្លៃ​ពី​បញ្ហា​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​ចិន គឺមាន​កម្រិត​ខ្ពស់ ស្របពេល​កូ​រ៉ូ​ណាវី​រុស កំពុង​គំរាម​ដល់​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ក្នុង​កម្រិត​មួយ​ខ្ពស់​ផងដែរ​។ ជាមួយគ្នានេះ លោក Tedros បាន​ទទួលស្គាល់ថា កំហុស​នោះ​កើតចេញពី​ការខុស​ពាក្យ​នៅក្នុង​របាយការណ៍ ។ 
 
​ជាមួយគ្នានេះដែរ អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​ស៊ើបអង្កេត​ជុំវិញ ករណី​ឆ្លង​នៃ​វីរុស​ប្រភេទ​ថ្មី​នេះ ថា​តើ​វា​អាច​ឆ្លង​មុន​ពេលចេញ​រោគសញ្ញា ដូច​ការអះអាង​របស់​ក្រុម​អ្នកជំនាញ​សុខាភិបាល​ចិន​ឬក៏​អត់​។ កន្លងមក​ចិន ធ្លាប់​អះអាងថា វីរុស​ថ្មី​នេះ អាច​ឆ្លងទៅ​មនុស្ស​ទៅ​មនុស្ស​មុនពេល​ចេញ​រោគសញ្ញា ប៉ុន្តែ​ខាង​អង្គការ​សុខភាព​ពិភពលោក មិនទាន់​អាច​បញ្ជាក់​បានទេ​ជុំវិញ​បញ្ហា​នេះ​។ 
 
«​ដឹង​ពី​ពេលវេលា ដែល​អ្នកជំងឺ​រលាក​សួត អាច​ចម្លង​កូ​រ៉ូ​ណា​វីរុស​ទៅ​មនុស្ស​ធម្មតា គឺ​សំខាន់បំផុត ដើម្បី​គ្រប់គ្រង​ករណី​ឆ្លង​»​។ នេះ​ជាការ​អះអាង​របស់​អង្គការ​សុខភាព​ពិភពលោក​។ ដើម្បី​ដឹង​ពី​បញ្ហា និង​ពេលវេលា​នៃ​ការចម្លង​វីរុស អង្គការ​អន្តរជាតិ​មួយ​នេះ ត្រូវការ​ព័ត៌មាន​ជាច្រើន​ទៀត ទាក់ទង​នឹង​ការឆ្លង​វីរុស​ថ្មី​នេះ ថា​តើ​វា​ឆ្លង​មុន​ពេលចេញ​រោគសញ្ញា ឬ​ក្រោយ​ចេញ​រោគសញ្ញា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា កូ​រ៉ូ​ណាវី​រុស ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ចិន និង​អ្នកជំនាញ​សុខភាព​អន្តរជាតិ ជឿថា កើតចេញពី​សត្វព្រៃ ដែល​ត្រូវបាន​គេ​លក់​នៅក្នុង​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយកន្លែង​នៅក្នុង​ក្រុង​វូ​ហាន​ប្រទេស​ចិន ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា សត្វ​ប្រភេទ​ណាមួយ​អាច​បង្ក​ឲ្យ​កើត​វីរុស​ថ្មី​នេះ​ទេ​៕

Tag:
 ចិន​
  WHO
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com