ពីនេះ ពីនោះ
ដំឡើងថ្លៃ​ម៉ាស់ និង​ទឹក​អាល់កុល​សម្អាត​ដៃ គឺ​គ្មាន​គុណធម៌​!
28, Jan 2020 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សំណាង និង សុធីរ ជជែក​គ្នា​ពី​រឿង កូ​រ៉ូ​ណា វីរុស ដែល​កំពុង​វាយប្រហារ​ប្រទេស​ជាច្រើន ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ ប៉ុន្តែ អ្វីដែល សំណាង និង សុធីរ មួម៉ៅ​ខ្លាំង គឺ​ការដំឡើងថ្លៃ​ម៉ាស់ និង​ទឹក​អាល់កុល​សម្រាប់​សម្អាត​ដៃ​។

 
​សុធី​រ៖ គេ​កំពុងតែ​ចលាចល​គ្រប់គ្នា បែរជា​ឯង​នាំគ្នា​ដំឡើងថ្លៃ​យកចំណេញ​ពី​ព្រឹត្តិការណ៍​សោកសៅ​ទៅវិញ​។ អ្ហែង​យល់​យ៉ាងម៉េច​ដែរ អា សំណាង​? 
 
​សំណាង​៖ អញ​ក៏​មួម៉ៅ​ដែរ​។ តែ​អាហ្នឹង វា​ជា​រឿង​ទីផ្សារសេរី​តើ អា សុធី​រ។ តើ​គេ​អាច​ទប់ស្កាត់​ការដំឡើងថ្លៃ​បាន​ឬទេ​? 
 
​សុធី​រ៖ ជារួម គេ​ពិបាកទៅ​ចាប់ចង​អ្នកលក់ ឬ​អ្នក​ដំឡើងថ្លៃ​ណាស់ ព្រោះ ជា​សិទ្ធិ​របស់​អ្នកជំនួញ ហើយ​ជាពិសេស នៅពេលដែល​តម្រូវការ​ខ្ពស់ជាង​ការផ្គត់ផ្គង់ ដូច្នេះ តម្លៃ​វា​ត្រូវតែ​ហក់​ឡើង​«​អូ​តូ​មា​ទិ​ក​»​ហើយ​។ តែ​អញចង់​ប្រាប់​អ្ហែង​ថា បើ​និយាយ​ពី​គុណធម៌ សីលធម៌ (​ឈ្មួញ​)​អ្នក​កេងចំណេញ​ទាំងឡាយ​មិនគួរ​ធ្វើ​នៅក្នុង​កាលៈទេសៈ​បែបនេះ​ទេ​។ មិន​ថា​អ៊ីចឹង សំណាង​?​។ 
 
​សំណាង​៖ ពិតជា​ត្រឹមត្រូវ​ណាស់ សុធីរ​។ អ្នកលក់​ម៉ាស់ និង​ទឹក​អាល់កុល​សម្អាត​ដៃ​ទាំងឡាយ មិនគួរ​ចង់បាន​រហូតដល់​ភ្លេច​នូវ​គុណធម៌ សីលធម៌ និង​វិជ្ជាជីវៈ​របស់ខ្លួន​ឡើយ​។ ពួកគេ​មិនគួរ​ធ្វើ​អាជីវកម្ម​លើ​គំនរ​ទុក្ខ​របស់​អ្នកដទៃ​ឡើយ​។ ម្យ៉ាងទៀត នេះ គឺជា​រឿង​របស់​មនុស្សជាតិ​ទាំងមូល​ផង​។ អ្នក​កេងចំណេញ​ទាំងឡាយ​អើយ គួរ​យក​ខួរក្បាល​មក​គិត​ផង​បានទេ​?
 
​នៅលើ​ប្រធានបទ​នេះ សំណាង និង​សុធីរ មានគំនិត​ស្របគ្នា​ច្រើន​នៅ​ព្រឹក​នេះ​។​មិត្ត​ទាំងពីរ​ជជែក​គ្នា​បណ្តើរ គិតពី​បច្ច័យ​នៃ​មេរោគ កូ​រ៉ូ​ណា បណ្តើរ ព្រោះ មេរោគ​នេះ អាច​រំខាន​ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ខ្មែរ​នាពេលខាងមុខ​។ សំឡាញ់​ទាំងពីរ​សន្យា​ជួបគ្នា​នៅ​ថ្ងៃស្អែក​បន្តទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com