អន្តរជាតិ
យោធា​អាមេរិក​បាន​យក​សាកសព​បុគ្គលិក​យោធា​អាមេរិក​ពីរ​នាក់​ស្លាប់​នៅពេល​យន្តហោះ​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
29, Jan 2020 , 7:59 pm        
រូបភាព
យោធាអាមេរិករុករកវត្ថុដែលនៅសេសសល់ពីការធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន។
យោធាអាមេរិករុករកវត្ថុដែលនៅសេសសល់ពីការធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន។
ដោយ: VOA
​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​និយាយថា យោធា​អាមេរិក​បាន​រកឃើញ​សាកសព​បុគ្គលិក​យោធា​អាមេរិក​ពីរ​នាក់​ដែល​ត្រូវបាន​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​នៅពេល​យន្តហោះ​យោធា​របស់​ពួកគេ​បាន​ធ្លា​ក់នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

 
​យន្ដហោះ ដែល​ជួយ​កងទ័ព​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​និង​ចែករំលែក​ព័ត៌មាន​សម្ងាត់​នៅ​សមរភូមិ​នោះ បាន​ធ្លាក់ចុះ​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ពួក​តា​លី​បង់​នៃ​ខេត្ត Ghazni​។​
 
​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​វី​អូ​អេ​កាលពី​ថ្ងៃ​អង្គា​រថា កិច្ចប្រឹងប្រែង​យក​សាកសព​មកវិញ​ត្រូវបាន​រារាំង​ដោយ​អាកាសធាតុ​មិនល្អ​និង​សណ្ឋាន​ដី​។ មន្ត្រី​រូបនោះ​បាន​និយាយថា គ្មាន​ផ្សេង​ជិះ​យន្តហោះ E-11A ដែល​បំពាក​ប្រព័ន្ធ​ស៊ើបការណ៍​នៅ​សមរភូមិ​នេះ​ទេ​។​
 
​លោក Khaled Wardek ស្នងការ​ប៉ូលិស​ខេត្ត Ghazni បាន​និយាយថា កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ជួយ​កម្លាំង​សហរដ្ឋអាមេរិក​នៅពេល​ដែល​ពួកគេ​ទៅយក​អដ្ឋិធាតុ​ពី​កន្លែង​យន្តហោះ​ធ្លាក់​កាលពី​ថ្ងៃ​អង្គារ​។ មន្ត្រី​យោធា​អាមេរិក​បាន​និយាយថា គ្មាន​ការចង្អុល​បង្ហាញថា​យន្ដហោះ​នេះ​ធ្លាក់​ដោយសារ​សត្រូវ​បាញ់​ទេ គឺ​ផ្ទុយ​ពី​ការអះអាង​របស់​ពួក​តា​លី​បង់​ដែលថា ពួកគេ​បាន​បាញ់​ទម្លាក់​យន្ដហោះ​នោះ​។ 
 
​មន្ត្រី​ការពារជាតិ​អាមេរិក​បាន​ច្រានចោល​នូវ​ការឃោសនា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ដែល​អះអាងថា មន្ត្រីជាន់ខ្ពស់ CIA ដែល​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​អាកាស​សម្លាប់​លោក Qassem Soleimani មេបញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ជិះ​យន្តហោះ​នោះ​ហើយ​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com