អន្តរជាតិ
តើ​កា​ម៉េ​រាក​ម្តៅ​អាច​ពិនិត្យ​រក​អ្នក​ដែល​អាច​ផ្ទុក​ជំងឺឆ្លង​បាន​ឬទេ​?
30, Jan 2020 , 8:29 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ការពិនិត្យ​រក​រោគសញ្ញា​របស់​អ្នក​ដែល​អាច​ផ្ទុក​ជំងឺឆ្លង​កាច​សាហាវ​អ្វីមួយ​គឺជា​រឿង​សំខាន់ និង​មិនអាច​រំលង​បាន​នៅតាម​ផ្លូវ​ឆ្លងកាត់​ព្រំដែន​នានា មិន​ថា​ជា​ផ្លូវដី ផ្លូវអាកាស ឬ​ផ្លូវទឹក​ឡើង​។ ប៉ុន្តែ​ដោយសារ​កំណើន​នៃ​ការធ្វើដំណើរ​តាម​ជើងហោះហើរ​មានការ​កើនឡើង​កាន់តែ​ច្រើនៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាមួយនឹង​ការរស់នៅ​យ៉ាង​គៀក​គ្នា​នៃ​មនុស្ស ការចម្លង​មេរោគ​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយទៀត​នៃ​ទ្វីប អាច​ប្រព្រឹត្តិទៅបាន​យ៉ាងរ​ហ័ស​។

 
​គេហទំព័រ​របស់​ស្ថាប័ន​អាកាសចរណ៍​អាមេរិក faa.gov បាន​លើកឡើងថា ជា​មធ្យម​ក្នុង​មួយថ្ងៃ មាន​ជើងហោះហើរ​លើ​ពិភពលោក​ប្រមាណ​ជា​៤៤​ពាន់​ជើង និង​អ្នកធ្វើដំណើរ​ប្រមាណ​ជា​២.៧​លាន​នាក់​។ ហេតុដូចនេះ​ហើយ​ទើប​អាកាស​យាន្ត​ដ្ឋា​ន​នានា​អនុវត្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ពិនិត្យ​រក​អ្នក​ដែលមាន​ជំងឺ ឬ​អាច​នឹង​ផ្ទុក​ជំងឺ​កាច​សាហាវ​អ្វីមួយ​។ 
 
​ក្នុងចំណោម​ជំហាន​បឋម​ទាំងឡាយ ការពិនិត្យ​មើល​សីតុណ្ហភាព​របស់​អ្នកធ្វើដំណើរ​អាច​ផ្តល់​ទិន្នន័យ​ទូទៅ​ដំបូង​មួយចំនួន ដែល​អ្នកជំនាញ​នៅក្នុង​អាកាស​យាន្ត​ដ្ឋា​ន​ទាំងនោះ​អាច​សន្និដ្ឋានបានថា តើ​អ្នកធ្វើដំណើរ​ដែល​ពួកគេ​បាន​ពិនិត្យ​មាន​សុខ​ភាពល្អ​ដែរឬទេ​។ នៅពេលដែល​អ្នក​ឆ្លង​ជំងឺ​អ្វីមួយ ប្រព័ន្ធ​កា​ពារ​រា​ង្គ​កាយ​របស់ខ្លួន​អ្នកនឹង​ទៅ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​នោះ​ដែល​បង្ក​ឲ្យ​ខ្លួនប្រាណ​របស់​អ្នក​ឡើងក​ម្តៅ​លើក​ពី​កម្តៅ​ខ្លួនប្រាណ​ធម្មតា​។ 
 
​ហេតុដូចនេះ កា​ម៉េ​រា​ពិសេស​មួយបែប​ដែល​ត្រូវបាន​គេ​ហៅថា​«Thermal Camera» ឬ «​កា​ម៉េ​រា​ពិនិត្យ​កម្តៅ​» ត្រូវបាន​គេ​ប្រើប្រាស់​នៅតាម​ផ្លូវ​ដើរ​នានា​នៅក្នុង​អាកាសយានដ្ឋាន​។ គេហទំព័រ satir.com បាន​ពន្យល់ថា ការប្រើប្រាស់​កា​ម៉េ​រាក​ម្តៅ​ត្រូវបាន​គេ​អនុវត្ត​កាន់តែ​ច្រើនឡើង​នៅក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​របស់​មេរោគ SARS កាលពី​ឆ្នាំ​២០០២ និង Ebola កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​។ 
 
​កា​ម៉េ​រាក​ម្តៅ ប្រើប្រាស់​កញ្ចក់​ពិសេស​ម្យ៉ាង​ដែល​ចាប់យក​ថាមពល​កម្តៅ​ដែល​ផលិត​ដោយ​ខ្លួន​ប្រាណ​មនុស្ស និង​បង្ហាញ​វា​នៅលើ​កញ្ចក់​អេក្រង់​បាន​យ៉ាងច្បាស់​លាស់​។ កន្លែង​ដែល​ក្តៅ​មាន​ពណ៌​កាន់តែ​ភ្លឺ​ខ្លាំង ចំណែកឯ​កន្លែង​ដែល​ត្រជាក់​មាន​ពណ៌​ខ្មៅ​ងងឹត​។ ទោះបីជា​យ៉ាងនេះ​ក្តី គេហទំព័រ​ព័ត៌មាន nbcnews.com បាន​លើកឡើងថា កា​ម៉េ​រាក​ម្តៅ​អាច​ចាប់យក​កម្រិត​សីតុណ្ហភាព​បាន​យ៉ាងច្បាស់​លាស់​មែន តែ​ឧបករណ៍​នេះ​មិនអាច​ចាប់យក​វត្តមាន​របស់​មេរោគ​ដែលមាន​នៅក្នុង​ខ្លួន​របស់​អ្នកដំណើរ​នោះទេ​។ 
 
​បើ​អ្នកដំណើរ​ម្នាក់​រត់លឿន​ដោយសារ​គាត់​ធ្វើដំណើរ​មក​ព្រលានយន្តហោះ​យឺត ឬ​អ្នកដំណើរ​ណា​ម្នាក់​ហូប​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អាល់កុល នោះ​ខ្លួនប្រាណ​របស់​ពួកគេ​ក៏​អាច​ឡើងក​ម្តៅ​លើសពី​អ្នក​ដែល​នៅ​ស្ងៀម​ដែរ​។ បើ​អ្នកដំណើរ​នោះ​ពិត​ជាមាន​ការឡើង​កម្តៅ​ខ្លួន​ដោយ​ជំងឺ​មែន កា​ម៉េ​រាក​ម្តៅ​ក៏បាន​អាច​កំណត់​បាន​ថា អ្នកដំណើរ​នោះ​ពិតជា​មាន ឬ​គ្មាន​មេរោគ​ដែល​កាច​សាហាវ​នោះដែរ​។ 
 
​តែ​ដោយសារតែ​បច្ចេកវិទ្យា​មួយ​នេះ អ្នកជំនាញ​អាច​ចំណាយពេល និង​ថវិកា​តិចជាង​មុន​ក្នុង​ការតាមដាន​អ្នកដំណើរ​ដែលមាន​សីតុណ្ហភាព​មិន​ប្រក្រតី រួច​សួរ​សំណួរ​អំពី​ការរស់នៅ​ពួកគេ ប្រវត្តិ​នៃ​ការហោះហើរ​របស់​ពួកគេ ឬ​ការពិនិត្យ​បន្ថែមទៀត​ទៅលើ​ឈាម ឬ​ផ្នែក​ផ្សេងៗ​នៃ​រា​ង្គ​កាយ​នៅតាម​មន្ទីរពេទ្យ​របស់​ប្រទេស​ទាំងនោះ​ដើម្បី​ធានាថា អ្នកដំណើរ​ពិតជា​មាន ឬ​គ្មាន​ផ្ទុកមេរោគ​កាច​សាហាវ​នៅជាប់​ខ្លួន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com