អន្តរជាតិ
ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​រំដោះ​បុគ្គលិក​សន្តិសុខ​ចំនួន ៦២​នាក់​ពី​ពន្ធនាគារ​ពួក​តា​លី​បង់​
30, Jan 2020 , 7:59 pm        
រូបភាព
រូបផែនទីបង្ហាញពីស្រុក Bala Murghab ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រូបផែនទីបង្ហាញពីស្រុក Bala Murghab ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ដោយ: VOA
​ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​ភាគ​ពាយព្យ​បាន​រំដោះ​បុគ្គលិក​សន្តិសុខ​ចំនួន ៦២​នាក់ ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​របស់​ពួក​តា​លី​បង់​។ ទន្ទឹមនឹង​នេះដែរ ក្នុងការ​វាយប្រហា​រយ៉ា​ង​ខ្លី​នៅ​កន្លែង​ផ្សេងទៀត​ក្រុម​ឧទ្ទាម​បាន​និយាយថា ខ្លួន​បានសម្លាប់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​១៨​នាក់​។​

 
​សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​បាន​កត់សម្គាល់ថា ប្រតិបត្តិការ​កុម្ម៉ង់ដូ​នោះ​មាន​គោលដៅ​វាយប្រហារ​មណ្ឌល​ឃុំឃាំង​ដែល​របស់​ក្រុម​បះបោរ​នៅក្នុង​ស្រុក Bala Murghab ក្នុង​ខេត្ត Badghis​។ សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា ប្រតិបត្តិការ​នេះ​ចាប់បាន​ឆ្មាំ​គុក​តា​លី​បង់​ចំនួន​៥​និង​បានធ្វើ​ឲ្យ​ក្រុម​បះបោរ​រងរបួស​ជាច្រើន​នាក់​ទៀត​។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ភាគច្រើន​ជា​សមាជិក​នៃ​កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ក្រុម​តា​លី​បង់​មិន​បានចេញ​ប្រតិកម្ម​ភ្លាមៗ​ទេ​។​
 
​ទន្ទឹមនឹងនេះ មន្ត្រី​នានា​បាន​និយាយថា ការវាយលុក​ដ៏​ធំ​មួយ​របស់​ក្រុម​បះបោរ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទៅលើ​មូលដ្ឋាន​យោធា​មួយ​នៅក្នុង​ខេត្ត Kunduz ភាគ​ខាងជើង​បានសម្លាប់​កង​កម្លាំង​សន្តិសុខ​យ៉ាងតិច​១៨​នាក់​ដែល​ភាគច្រើន​ជា​បុគ្គលិក​កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ សេចក្ដីថ្លែងការណ៍​រប​ស់​ពួក​តា​លី​បង់​បាន​អះអាងថា យុទ្ធជន​របស់ខ្លួន​បាន​វាយលុក​មូលដ្ឋាន​យោធា​នៅក្នុង​ស្រុក Dashti Archi ដោយបាន​សម្លាប់​កងក​ម្លាំ​ង​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ៣៥​នាក់​និង​បាន​ចាប់ខ្លួន ៤​នាក់ តែ​ទោះជា​យ៉ាងណា ក្រុម​តា​លី​បង់​ច្រើនតែ​និយាយ​បំផ្លើស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com