អន្តរជាតិ
រាជវាំង​ជប៉ុន​៖ អតីត​អធិរាជ អាគី​ហ៊ី​តុ ដួលសន្លប់ តែ​មិនមាន​បញ្ហា​ធំ​ឡើយ​
30, Jan 2020 , 4:15 pm        
រូបភាព
​រាជវាំង​ជប៉ុន នៅ​ថ្ងៃទី​៣០ ខែមករា បានប្រកាសថា អតីត​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ (Akihito) បាន​បាត់បង់​ស្មារតី និង​ដួល​ក្នុង​បរិវេណ​និវេសនដ្ឋាន​របស់​ទ្រង់​ក្នុង​ទីក្រុង​តូ​ក្យូ​។ ប៉ុន្តែ​ការត្រួតពិនិត្យ​ព្រះកាយ​បង្ហាញថា ទ្រង់​មិនមាន​ភាពមិនប្រក្រតី​អ្វី​ឡើយ ហើយ​កំពុងតែ​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​។ ព្រះជន្ម​ចាស់វស្សា និង​បញ្ហា​សុខភាព​ចាស់ កំពុង​យាយី​អតីត​អធិរាជ​អង្គ​នេះ​។​

 
​អតីត​អធិរាជ អាគី​ហ៊ី​តុ បាន​បាត់បង់​ស្មារតី ហើយ​ដួលសន្លប់​នៅ​ថ្ងៃទី​២៩ ខែមករា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ដែល​បន្តថា មហេសី​របស់​ទ្រង់ មី​ឈី​កុ ដែល​គង់​ក្បែរ បានផ្ដល់​ការសង្គ្រោះ​ដល់​ទ្រង់ និង​បាន​កោះហៅ​វេជ្ជបណ្ឌិត​ភ្លាមៗ​ផងដែរ​។ ពេល​ក្រុមគ្រូពេទ្យ​ទៅដល់ អតីត​អធិប​រាជ​ជប៉ុន នៅតែ​គ្មាន​ស្មារតី​ដដែល​។​
 
​ដោយ​ស្រង់​សម្ដី​ទីភ្នាក់ងារ​រាជវាំង​ជប៉ុន អតីត​ប្រមុខរដ្ឋ​ជប៉ុន​អង្គ​នេះ កំពុងតែ​ប្រសើរ​ឡើងវិញ​ហើយ និង​អាច​សោយ​ក្រយា​ពេលព្រឹក​បាន​ធម្មតា​នៅ​ថ្ងៃទី​៣០ ខែមករា​។ ប្រភពព័ត៌មាន​ដដែល​បន្ថែមថា ព្រះអង្គ​បានទទួល​ការពិនិត្យ​ដោយ​ក្រុមគ្រូពេទ្យ​ផ្នែក​ប្រព័ន្ធ​សរសៃប្រសាទ និង​ការ​ស្កែ​ន​រាងកាយ​នៅ​ថ្ងៃទី​៣០ ខែមករា​ផងដែរ​។ លទ្ធផល​បង្ហាញថា គ្មានអ្វី​មិន​ខុសធម្មតា​ឡើយ​។ 
 
«​មិនមាន​សញ្ញា​នៃ​ភាពមិន​ខុសប្លែក​ឡើយ ហើយ​ជាពិសេស ក៏​គ្មាន​សញ្ញា​នៃ​ការ​ជំងឺ​ផ្សេងៗ​ដូចជា​ការ​ដាច់​សរសៃ​ឈាម​នោះដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជវាំង​ជប៉ុន​។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យ នឹង​បន្ត​តាមដាន​ព្រះ​សុខភាព​របស់​ទ្រង់​បន្តទៀត​។​
 
​ទោះជា​ធម្មតា​ត្រូវបាន​គេ​មើលឃើញថា អាច​យាង​ដោយ​អង្គឯង​ក្ដី អតីត​អធិរាជ អាគី​ហ៊ី​តុ ក៏មាន​ព្រះរាជសុខភាព​មិន​បរិ​បូរ​ណ៌​។ កាលពី​ខែកក្កដា ២០១៩ ទ្រង់មាន​ជំងឺ​ខ្វះ​ឈាម​ក្នុង​ខួរក្បាល​។ កន្លងទៅ ទ្រង់​ក៏​ឆ្លងកាត់​ការវះកាត់​មហារីក និង​ជំងឺ​ហ​ទយ (​ជំងឺ​បេះដូង​) ផងដែរ​។ មហេសី​របស់​ទ្រង់​វិញ អតីត​អធិរាជ​នី មី​ឈី​កុ ក៏មាន​ជំងឺ​ដែរ ដោយ​រាជវាំង​ជប៉ុន​អះអាងថា ទ្រង់មាន​ព្រះ​សុខភាព​មិនសូវ​ប្រពៃ ហើយ​ស្រក​ទម្ងន់​ទៀតផង​។ 
 
​ដោយសារ​បញ្ហា​នេះ​ទាំង​ហើយ ទើប ព្រះអង្គ អាគី​ហ៊ី​តុ សម្រេច​ព្រះទ័យ​ដាក់រាជ្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ហើយ​ក្លាយជា​អធិរាជ​ជប៉ុន​ទីមួយ​ក្នុងពេល​២០០​ឆ្នាំ ដែល​ធ្វើបែបនេះ​៕

Tag:
 ជប៉ុន​
  អាគី​ហ៊ី​តុ​
© រក្សាសិទ្ធិដោយ thmeythmey.com