អន្តរជាតិ
ក្រុមហ៊ុន Ford វៀតណាម​ប្រកាស​វិនិយោគ​ថវិកា ៨២ លាន​ដុល្លារ​ដើម្បីឱ្យ​វៀតណាម​ងាក​មក​ប្រើ​រថយន្ត​ច្រើនជាង​មុន​
31, Jan 2020 , 1:39 pm        
រូបភាព
រូប​ឯកសារ៖ កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន Ford ក្នុង​ខេត្ត Hai Duong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩។
រូប​ឯកសារ៖ កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន Ford ក្នុង​ខេត្ត Hai Duong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩។
ដោយ: VOA
​ក្រុមហ៊ុន Ford ក្នុងប្រទេស​វៀតណាម​បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ប្រើប្រាស់​ទឹកប្រាក់​វិនិយោគ​នោះ​ដើម្បី​ទិញ​ម៉ាស៊ីន​មួយចំនួន​ដូចជា រូបយន្ត​ដែលមាន​ភ្ជាប់​អ៊ីនធឺណិត​ជាដើម ក៏ដូចជា​ដើម្បី​បន្ថែម​កន្លែង​លាប​ពណ៌​រថយន្ត​នៅក្នុង​រោងចក្រ​របស់ខ្លួន​នៅក្រៅ​ក្រុង​ហាណូយ និង​ពង្រីក​កម្លាំង​ពលកម្ម​ឱ្យបាន​ជិត​ពីរដង រហូតដល់​មាន​ចំនួន​ប្រមាណ ១ ពាន់​នាក់​។​

 
​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ប្រើប្រាស់​ម៉ូតូ​ច្រើនជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក ប៉ុន្តែ​រថយន្ត​កាន់តែ​មាន​ភាព​ពេញនិយម​ឡើង ដោយសារតែ​ពលរដ្ឋ​វៀតណាម​កាន់តែច្រើន​មាន​ថវិកា​ទិញ​រថយន្ត​ទាំងនោះ​មកប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ឬ​សម្រាប់​រត់​តាក់ស៊ី​ឱ្យ​ក្រុមហ៊ុន Grab​។ ក្រុមហ៊ុន Grab ជា​ក្រុមហ៊ុន​តាក់ស៊ី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ស្រដៀង​នឹង​ក្រុមហ៊ុន​តាក់ស៊ី Uber ដែរ​។​
 
​ក្នុងប្រទេស​ដែលមាន​ប្រជាជន​ជាង ៩០ លាន​នាក់​មួយ​នេះ បើ​គិត​ត្រឹម​ខែធ្នូ​ឆ្នាំមុន ការលក់​រថយន្ត​មាន​ចំនួន​រហូតដល់ ៣ សែន ២ ម៉ឺន ២ ពាន់ ៣២២ គ្រឿង ដែលជា​ការកើនឡើង​ចំនួន ១២ ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ ២០១៨​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សមាគម​រោងចក្រ​ផលិត​រថយន្ត​វៀតណាម​។​
 
​លោក Pham Van Dung ដែលជា​អគ្គនាយក​ក្រុមហ៊ុន Ford វៀតណាម​បាន​និយាយថា​៖ «​ការវិនិយោគ​ថ្មី​នៅក្នុង​ផលិតកម្ម​ក្នុងប្រទេស​វៀតណាម​នឹង​ជួយ​យើង​ឱ្យ​រីកចម្រើន​កាន់តែខ្លាំង​ជាង​មុន​»​។ លោក​បាន​បន្ថែមថា​៖ «​យើង​មាន​មោទនភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​បរទេស​ទីមួយ​ដែល​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​តាំងពី​ឆ្នាំ ១៩៩៥ មក​»​។​
 
​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិកាំង​មួយ​នេះ​បានធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លុបចោល​បម្រាម​ពាណិជ្ជកម្ម​លើ​ប្រទេស​នេះ​។​
 
​ក្រុមហ៊ុន Ford វៀតណាម​បាន​និយាយថា ខ្លួន​នឹងដាក់​ការវិនិយោគ​របស់ខ្លួន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ និង​បង្កើន​សមត្ថភាព​ជិត ៣ ដង ដែល​អាច​ផលិត​រថយន្ត​ចំនួន ៤ ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ នៅក្នុង​រោងចក្រ​របស់ខ្លួន​នៅក្នុង​ខេត្ត Hai Duong នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​។​
 
​ការកើនឡើង​នៃ​ចំនួន​រថយន្ត​នៅលើ​ដងផ្លូវ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​មានការ​បារម្ភ​អំពី​ការកើនឡើង​នៃ​ការបំពុល​ខ្យល់អាកាស និង​ការកកស្ទះ​ចរាចរណ៍​។ មាន​មនុស្ស​ជិត ១០ លាន​នាក់​រួចទៅហើយ​រស់នៅក្នុង​ទីក្រុង​ហូជីមិញ ដែល​នៅ​ទីនោះ​ការកកស្ទះ​ចរាចរណ៍​ច្បាស់​ជា​មិនអាច​គេចផុត​នោះទេ នៅពេល​ពលរដ្ឋ​វៀតណាម​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ក្នុងពេល​ចូលឆ្នាំ​។​
 
​ទោះជា​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ចង់ឱ្យ​ប្រទេស​វៀតណាម​ពង្រីក​អាជីវកម្ម​ផលិត​រថយន្ត​ក្នុងស្រុក​របស់ខ្លួន​។ ក្រុមហ៊ុន​រថយន្ត​ភាគច្រើន​នាំចូល​រថយន្ត​ទាំងមូល​ពី​ប្រទេស​ថៃ ឬ​ឥណ្ឌូណេស៊ី ឬ​គ្រឿងបន្លាស់​រថយន្ត​ដើម្បី​ធ្វើការ​ដំឡើងរថយន្ត​នៅក្នុង​ប្រទេស​វៀតណាម​។ ការនាំ​ចូល​បាន​កើនឡើង ចាប់តាំងពី​ពេលដែល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង ១០ ប្រទេស​ឯកភាព​លុបចោល​ពន្ធ​នាំចូល​លើ​រថយន្ត​នៅក្នុង​ឆ្នាំ ២០១៨​។​
 
​ក្រុមហ៊ុន Vingroup ដែលជា​ក្រុមហ៊ុន​ធំ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម បាន​ផលិត​រថយន្ត​វៀតណាម ដែលមាន​ឈ្មោះថា Vinfast ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ដូចជា BMW និង Bosch​។ លោក Pham Nhat Vuong ដែលជា​អ្នកមាន​បំផុត​នៅក្នុង​ប្រទេស​វៀតណាម និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Vingroup ថ្មីៗ​នេះ​បាន​និយាយថា លោក​នឹងធ្វើ​ការវិនិយោគ​ទឹកប្រាក់​ផ្ទាល់ខ្លួន​របស់លោក​ចំនួន ២ ពាន់​លាន​ដុល្លារ​ដើម្បី​ធានាថា រថយន្ត Vinfast ទទួលបាន​ជោគជ័យ​។​
 
​ក្រុមហ៊ុន​នេះ​ត្រូវធ្វើ​ការងារ​ជាច្រើន​ដើម្បី​ដណ្ដើមយក​ទីផ្សារ​រថយន្ត​ក្នុងស្រុក ដែល​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​រថយន្ត​បរទេស​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន Saigon Securities Inc SSI ដែលជា​ក្រុមហ៊ុន​វិនិយោគ​ឈ្មួញកណ្ដាល​។​
 
​ក្រុមហ៊ុន Saigon Securities Inc SSI បានបញ្ជាក់​នៅក្នុង​ការ​វិភាគ​លើ​ទីផ្សារ​រថយន្ត​ថា​៖ «​បើ​និយាយ​ពី​ក្រុមហ៊ុន​រថយន្ត​ដែល​ស្ថិតក្រោម​សមាគម​រោងចក្រ​ផលិត​រថយន្ត​វៀតណាម ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Honda កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​ដើម្បី​ដណ្ដើមយក​តំណែង​លេខ​មួយ​»​។​
 
​ក្រុមហ៊ុន Honda ក៏​ធ្វើ​ការផលិត​រថយន្ត​ផងដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​ភាពល្បីល្បាញ​ដោយសារ​ម៉ូតូ​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​។ ពលរដ្ឋ​វៀតណាម​ហៅ​ម៉ូតូ​របស់​ពួកគេ​ថា​ជា​ម៉ូតូ «Hondas» មិន​ថា​ម៉ូតូ​នោះ​ម៉ាក​អ្វី​នោះទេ​។​
 
​ចំណែកឯ​ក្រុមហ៊ុន Ford វៀតណាម​វិញ ក្រុមហ៊ុន​នេះ​ផ្ដោត​ខ្លាំង​លើ​រថយន្ត​ធម្មតា រថយន្ត​ដឹកទំនិញ រថយន្ត​ប្រភេទ sports utility និង​រថយន្ត​ដឹក​មនុស្ស ៧ កៅអី នៅពេលដែល​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​សមរម្យ​នៅក្នុង​ប្រទេស​វៀតណាម​មា​ន​ចំនួន​កាន់តែច្រើន​ទៅៗ​។​
 
​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​និយាយថា ការវិនិយោគ​ថ្មី​របស់ខ្លួន​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​កន្លែង​តម្រឹម និង​សម្រេច រៀបចំ​ឡើងវិញ​នូវ​កន្លែង​ស្តុក​ទំនិញ​របស់ខ្លួន និង​បង្កើន​នូវ​ប្រសិទ្ធភាព និង​ប្រតិបត្តិ​ការដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com