អន្តរជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​៖ កូ​រ៉ូ​ណា​វីរុស​នៅ​ចិន​នឹង​នាំ​ការងារ​ជាច្រើន​មក​អាមេរិក​
31, Jan 2020 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross។ រូបភាព៖ Bloomberg
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross។ រូបភាព៖ Bloomberg
​គ្រោះថ្នាក់​អាច​នាំ​សំណាង​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross នៅ​ថ្ងៃទី​៣០ ខែមករា បាន​លើកឡើងថា បញ្ហា​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​នៅ​ចិន អាច​នាំ​ការងារ​ជាច្រើន​ត្រលប់មក​អាមេរិក​។ ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ បន្ទាប់ពី​មើលឃើញថា កូ​រ៉ូ​ណាវី​រុស កំពុង​ផ្ទុះ​ខ្លាំង​នៅ​ចិន និង​កំពុង​បង្អាក់​សង្វាក់​ផលិតកម្ម​រោងចក្រ​នៅ​ចិន​ជាច្រើន​។


 
​កូ​រ៉ូ​ណាវី​រុស បាន​ផ្ទុះ​ធំ​ឡើងៗ​នៅក្នុង​ប្រទេស​ចិន និង​រីក​រាលដាល​ដល់​បណ្តា​ប្រទេស​ជាច្រើន​។ ជាពិសេស អាមេរិក បាន​រកឃើញ​វីរុស​ប្រភេទ​ថ្មី​នេះ រហូតដល់​៦ ករណី ដែលជា​ករណី​ចុងក្រោយ គឺជា​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដំបូងបង្អស់​នៅ​អាមេរិក​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross បាន​បញ្ជាក់ថា ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស បានធ្វើ​ឲ្យ​ម្ចាស់​ជំនួញ​ជាច្រើន កំពុង​ត្រួត​ពិនិត្យមើល​សង្វាក់​ផលិតកម្ម​របស់ខ្លួន​។ បើតាម​ការពន្យល់​រប​ស់លោក​រដ្ឋមន្ត្រី​រូបនេះ ចិន បាន​ជួប​បញ្ហា​ជាច្រើន​ដូចជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ SARS ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយ​កូ​រ៉ូ​ណាវី​រុស​នេះ​ថែមទៀត ដែល​បញ្ហា​ជា​បន្តបន្ទាប់​បែបនេះ  បានធ្វើ​ឲ្យ​អ្នកជំនួញ​គិតពិចារណា​ពី​គម្រោង​រកស៊ី​នៅ​ចិន​។ 
 
​ថ្លែងប្រាប់​ទូរទស្សន៍ Fox Business លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur គិតថា ដោយសារតែ​បញ្ហា​ដ៏​ច្រើន​បែបនេះ វា​នឹង​ជំរុញ​ឲ្យ​រោងចក្រ​ជាច្រើន ប្តូរ​ទីតាំង​មក​អាមេរិក​ជាច្រើន ហើយ​ខ្លះទៀត​អាច​ទៅ​ម៉ិ​ក​ស៊ិ​ក​។ បានសេចក្តីថា ការងារ​ជាច្រើន​នៅ​ចិន នឹង​ត្រលប់មក​អាមេរិក​វិញ​។ 
 
​ក្រោយ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី មន្ត្រី​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ម្នាក់ ក៏​ចេញមុខ​និ​យ​យ​រឿង​ផ្លាស់ប្ដូរ​ទីតាំង​រកស៊ី​នេះ​។ អ​ដោយ​មិនបាន​បង្ហាញ​ពី​ឈ្មោះ​ប្រទេស​ចំៗ ប៉ុន្តែ​ទំនងជា​សំដៅទៅ​ចិន អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់ថា វា​គឺជា​រឿង​សំខាន់​ណាស់ ក្នុង​ពិចារណា​ពី​ផលវិបាក​នៃ​មុខ​ជំនួញ នៅក្នុង​ប្រទេសមួយ ដែលមាន​ប្រវត្តិសាស្ត្រ​ដែល​ពោ​ពេញ​ដោយ​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​របស់ខ្លួន និង​ពិភពលោក​ទាំងមូល​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​ការសរសេរ​នៅលើ​បណ្តា្ញ​ញ​សង្គម Twitter នា​ថ្ងៃទី​២៩ ខែមករា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្តល់ជំនួយ​ដល់​ចិន តាម​តម្រូវ​ការចាំបាច់​បំផុត និង​ជួយ​ប្រជាជន​ចិន​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស ដែល​បាន​ផ្ទុក​ឡើង​នៅក្នុង​ប្រទេស​ចិន តាមរយៈ​អ្នកជំនាញ​របស់​អាមេរិក​ដែលមាន​សមត្ថភាព​អស្ចារ្យ​បំផុត​៕ 

Tag:
 ​អាមេរិក​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com