ថៃ នឹង​យក​យន្តហោះ​មួយគ្រឿង​ទៅ​ជម្លៀស​ប្រជាជន​ខ្លួនពីវូហាន
អន្តរជាតិ
ថៃ នឹង​យក​យន្តហោះ​មួយគ្រឿង​ទៅ​ជម្លៀស​ប្រជាជន​ខ្លួនពីវូហាន
31, Jan 2020 , 9:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon នៅ​ថ្ងៃទី​៣១ ខែមករា បាន​អះអាងថា ថៃ នឹង​ប្រើប្រាស់​យន្តហោះ​មួយគ្រឿង ទៅ​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ក្រុង​វូ​ហាន បន្ទាប់​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​។


 
​បើសិន​គ្មានអ្វី​ប្រែប្រួល​ទេ រដ្ឋាភិបាល​ថៃ យក​យន្តហោះ​មួយគ្រឿង ទៅ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​វូ​ហាន​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​។ បើតាម​ការអះអាង​រប​ស់លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ចិន​បានអនុញ្ញាត​ឲ្យ​ថៃ ជម្លៀស​ប្រជាជន​ខ្លួន​ហើយ ចំណែក​ការរៀបចំ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​វូ​ហាន​នេះ គឺជា​បន្ទុក​រៀបចំ​ដោយ រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​។​
 
​ចំណែក​លោក Narong Aphikulvanich អគ្គនាយករង នៃ​នាយកដ្ឋាន​សេវា​វេជ្ជសាស្ត្រ បាន​និយាយថា ប្រជាជន​ថៃ ៦៤​នាក់ ត្រូវបាន​គេ​អះអាងថា​មាន​វត្ត​មាននៅ​ក្រុង​វូ​ហាន​។ ដើម្បី​សុវត្ថិភាព​របស់​មនុស្ស​ទាំង​៦៤​នាក់​នេះ ថៃ​បាន​បញ្ជូន​វេជ្ជបណ្ឌិត​មួយក្រុម ដែលមាន​ជំនាញ​ផ្លូវដង្ហើម និង​ថ្នាំពេទ្យ​ទៅជា​មួយ​យន្តហោះ​មួយគ្រឿង​នេះដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ Bangkok Post​។​
 
​បើតាម​លោក Narong មនុស្ស​ទាំង ៦៤​នាក់​នេះ នឹងត្រូវ​គេ​បែង​ចែកជា​ពីរ​ក្រុម ដើម្បី​ត្រួត​ពិនិត្យមើល​។ មួយក្រុម ដែលមាន​សុខភាព​ធម្មតា នឹង​បញ្ជូន​ត្រលប់​ទៅផ្ទះ​របស់ខ្លួន ចំណែក​មួយក្រុម ដែល​ចេញ​រោគសញ្ញា​ត្រូវ​ស្នាក់នៅ​ដោយឡែក​នាម​ន្ទី​ពេទ្យ​រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​ទទួល​ការមើល​ថែទាំ​ជំងឺ​។​
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​២៧ ខែមករា នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បានគ្រោង​នឹង​ជម្លៀស​ប្រជាជន​របស់ខ្លួន​ម្តង​ហើយ ប៉ុន្តែ​ចិន និយាយ​កុំ​បារម្ភ ព្រោះ​ទីក្រុង​ប៉េកាំង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ហើយ​ថៃ​ក៏​មិនចាំបាច់​ជម្លៀស​ប្រជាជន​របស់ខ្លួន​ដែរ​៕

Tag:
 ថៃ​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com