អន្តរជាតិ
កូរ៉ូណាវីរុស៖ សិង្ហបុរីឡើងដល់១៨ករណីហើយ
× ក្រសួងសុខាភិបាលសិង្ហបុរី នាថ្ងៃទី១ ខែកុម្ភៈ នេះ បានប្រកាសពីការពិនិត្យឃើញអ្នកជំងឺរលាកសួតកូរ៉ូណាវីរុស ២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៨។ បើតាម CAN អ្នកទាំងពីរសុទ្ធតែមានប្រវត្តិធ្វើដំណើរទៅក្រុងវូហាន ប្រទេសចិន។
ករណីទី១៧ គឺជាស្ត្រីវ័យ៤៧ឆ្នាំម្នាក់ ដែលស្ថិតក្នុងចំណោមជនជាតិសិង្ហបុរី ដែលត្រូវបានជម្លៀសចេញពីវូហាន កាលពីថ្ងៃទី៣០ ខែមករា។ រីឯករណីទី១៨ ជាស្ត្រីចិនវ័យ៣១ឆ្នាំ ដែលមកពីវូហានទៅកាន់សិង្ហបុរី នាថ្ងៃទី២២ ខែមករា។
នៅសហរដ្ឋអាមេរិក តួលេខអ្នកជំងឺក៏ឡើងដល់៧ករណីផងដែរ ដែលក្នុងនោះ មាន៣នៅរដ្ឋ California, ២នៅរដ្ឋ Illinois, ១នៅរដ្ឋ Arizona និង១ទៀតនៅរដ្ឋវ៉ាស៊ីនតោន។
ជាមួយគ្នានេះ អូស្ត្រាលីក៏ឡើងដល់១២ករណីផងដែរ ដោយករណីពីរចុងក្រោយ គឺបុរស និងស្ត្រី ដែលមានវ័យ៦០ឆ្នាំដូចគ្នា ដែលទើបធ្វើដំណើរពីក្រុងវូហាន។
គិតត្រឹមម៉ោងជិត៨ ល្ងាចថ្ងៃសៅរ៍នេះ ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស មាន២៥៩នាក់ដែលនៅប្រទេសចិនទាំងអស់ រីឯអ្នកឈឺមានជាង១២០០០នាក់ ក្នុងនោះ ២៥០នាក់ ត្រូវបានរាយការណ៍ថា ជាសះស្បើយផងដែរ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៣ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និងអេស្ប៉ាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com