វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​វីរុស​ជា​សារពាង្គកាយ​មានជីវិត​ដែរឬទេ​? ខ្លះ​ថា​មាន ចំណែក​ខ្លះ​ថា​គ្មាន​
02, Feb 2020 , 11:30 am        
រូបភាព
បើ​លោកអ្នក​ពិនិត្យមើល​ពិភព​ដែលមាន​ទំហំ​តូចៗ រហូត​ទៅដល់​ទម្រង់​មីក្រូ​ម៉ែត្រ ឬ​ណា​ណូ​ម៉ែត្រ ការរស់នៅ និង​បន្ត​ពូជ​នៃ​សារី​រា​ង្គ​ល្អិតៗ​ទាំងនោះ​អាច​នឹងមាន​ភាព​ចម្លែក​ខ្លាំងណាស់​។ នៅក្នុង​វិទ្យាសាស្ត្រ ការប្រគល់​និយមន័យ​ទៅលើ​វត្ថុ ឬ​សកម្មភាព​អ្វីមួយ​ឲ្យ​បានច្បាស់លាស់​គឺជា​រឿង​សំខាន់ ដែល​ក្នុងនោះ​មានដូចជា​និយមន័យ​នៃ​សារពាង្គកាយ​«​មានជីវិត​»​ជាដើម​។

 
​ចំពោះ​វីរុស​វិញ អស់​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​មិន​ងាយ​ចាត់ទុក​វា​ជា​សារពាង្គកាយ​មានជីវិត​ឬ​សា​ពា​ង្គ​កាយ​គ្មាន​ជីវិត​។ នេះ​ក៏​ដោយសារតែ​លក្ខ​ខ​ណ្ខ​នៃ​ការរស់នៅ និង​ការបន្ត​ពូជ​របស់​ពពួក​វីរុស​ទាំងនោះ​។ ម្យ៉ាងវិញទៀត វា​ក៏​អាស្រ័យ​លើ​និយមន័យ​នៃ​ភាព​«​មានជីវិត​»​ផងដែរ​។ 
 
​គេហទំព័រ livescience.com បាន​ពន្យល់ថា សារពាង្គកាយ​មួយចំនួន​ដូចជា រុក្ខជាតិ ឬ​ថនិកសត្វ​ត្រូវបាន​គេ​កំណត់ថា​ជា​ភាវៈរស់​ដោយសារតែ​ពួកគេ​មាន​លក្ខណៈ​ជីវសាស្ត្រ​ដែល​អាច​រស់នៅ និង​បន្ត​ពូជ​ជំនាន់​ក្រោយ​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ​សម្រាប់​ក្រុម​វីរុស​វិញ ពួកវា​មិនអាច​បន្ត​ពូជ​ដោយ​ខ្លួនឯងបាន​នោះឡើយ​។ វី​វុ​ស​ទាមទារ​វត្តមាន​របស់ខ្លួន​ឲ្យ​មាននៅ​ក្នុង​កោសិកា​ធ្មួ​ល (​ដូចជា​កោសិកា​សត្វ ឬ​មនុស្ស​) ក្នុងការ​បន្ត​ពូជ​បាន​។​
 
​វីរុស​គឺ​គ្រាន់តែ​ជា​បណ្តុំ​តូច​មួយ​នៃ DNA ឬ RNA (​ទិន្នន័យ​ជីវសាស្ត្រ​) ដែល​អាចធ្វើ​ចំណែក​ខ្លួន​បាន​នៅពេលដែល​ពួកវា​ចូល​រស់នៅ ទាញ​ប្រយោជន៍ និង​បំផ្លាញ​សារពាង្គកាយ​មួយ​ផ្សេងទៀត​។ និយមន័យ​ទាំង​៧​នៃ​សារពាង្គកាយ​មានជីវិត​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់ថា​៖ 
•​ ​មានប្រតិកម្ម​ជាមួយនឹង​រំញោច​
•​ ​រីកលូតលាស់​ក្នុង​ពេលវេលា​ជាក់លាក់​មួយ​
•​ ​បង្កើត​កូនចៅ​ជំនាន់​ថ្មី​
•​ ​រក្សា​សីតុណ្ហភាព​របស់​រា​ង្គ​កាយ​ខ្លួន​បាន​
•​ ​ប្រើប្រាស់​ថាមពល​
•​ ​មាន​កោសិកា​មួយ ឬ​ច្រើន 
•​ ​អាច​សម្រប​ជាមួយនឹង​បរិស្ថាន​បាន 
 
​តែ​មិនមែន​សា​ពា​ង្គ​កាយ​ទាំងអស់​សុទ្ធតែ​គោរព​តាម​លក្ខ​ខ​ណ្ខ​ខាងលើនេះ​ទេ​។ បើ​គ្រាប់​រុក្ខជាតិ​មួយ​ធ្លាក់​នៅលើ​ដី​ដែលមាន​ជីវជាតិ គ្រាប់​រុក្ខជាតិ​នោះ​នឹង​ខំប្រឹង​ប្រើប្រាស់​ថាមពល​ដែល​ខ្លួន​មាន​ក្នុងការ​ចាក់ឫស​ទៅក្នុង​ដី​ដើម្បី​ទាញយក​ជីវជាតិ​បន្ថែម រីកលូតលាស់ និង​បន្ត​ពូជ​។ តែ​វីរុស​មិន​ធ្វើ​ដូច្នេះ​នោះទេ​។ 
 
​វីរុស​នឹងមិន​មា​នស​កម្ម​ភាព​អ្វី​ទាំងអស់ បើ​វា​មិនមាន​វត្តមាន​នៅលើ​ធ្មួ​ល​នៃ​សារពាង្គកាយ​អ្វីមួយ​។ ប៉ុន្តែ ដោយសារតែ​វា​មាន​ផ្ទុក​ទិន្នន័យ​ជីវសាស្ត្រ (DNA ឬ RNA) វា​អាចធ្វើ​ចំណែក​ខ្លួន​វា​បាន​នៅពេល​ដែលមាន​កាលៈទេសៈ​សមស្រប​។ ហេតុដូចនេះ​ហើយ​ទើប​អ្នកសិក្សា​ខាង​វីរុស​ជាច្រើន​ពិបាក​ក្នុងការ​កំណត់​លក្ខណៈ​នៃ​ការរស់នៅ​របស់​សារពាង្គកាយ​ដ៏​តូច​មួយ​នេះ​៕

Tag:
 virus
© រក្សាសិទ្ធិដោយ thmeythmey.com