ជាតិ
លោក ប្រាក់ សុខុន​៖ ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​កម្ពុជា តស៊ូ​យ៉ាង​ស្វិតស្វាញ​លើ​សមរភូមិ​ការទូត​
02, Feb 2020 , 9:59 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួង នៅថ្ងៃទី៣១ មករា ២០២០
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួង នៅថ្ងៃទី៣១ មករា ២០២០
​ភ្នំពេញ​៖ កម្ពុជា បាន​តស៊ូ​យ៉ាងសកម្ម ក្នុងការ​ដោះស្រាយ​បញ្ហា​មិន​ច្បាស់លាស់​របស់​ពិភពលោក និង​សម្ពាធ​នយោបាយ​នៃ​ពួក​ឯកតោ​និយម និង​គាំពារ​និយម តាមរយៈ​នយោបាយ​ការទូត​ខ្លួន នៅ​ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួង កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២០​។​


 
«​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដែល​យើង​បានធ្វើ​ការតស៊ូ​យ៉ាងសកម្ម និង​ស្វិតស្វាញ​នៅលើ​សមរភូមិ​ការទូត និង​សារ​ធា​រណៈ​មតិ ដើម្បី​ការពារ​យុត្តិធម៌ ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ការពារ​សិទ្ធិ​ស្វ័យ​សម្រេច »​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន ដែល​ចង់​សំដៅលើ​ការចេញ​ប្រតិកម្ម​តប​ទៅនឹង​ការរិះគន់​របស់​អន្តរជាតិ ដែល​តែងតែ​វាយតម្លៃ​បែប​អវិជ្ជមាន​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា តែងតែ​ចាត់ទុក​ការរិះគន់ និង​ការវាយតម្លៃ​របស់​អន្តរជាតិ មកលើ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​កម្ពុជា​កន្លងមក​ថា ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​
 
​លោក ប្រាក់ សុខុន អះអាងថា ខ្លួន​នឹង​ការពារ​ផលប្រយោជន៍​កម្ពុជា ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ «​យ៉ាងណាក៏ដោយ ក៏​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បន្ត​អនុវត្ត​គោលនយោបាយ​ការបរទេស ដែល​ការពារ​ផលប្រយោជន៍​ជាតិ​ផង និង​ចូលរួម​វិភាគទាន​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ពិភពលោក ការលើកស្ទួយ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់ និង​ការពង្រឹង ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​សកល​ទាំងឡាយ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុ​ជា​។​
 
​ក្នុង​អង្គសន្និបាត​បូកសរុប​ការងារ​នោះ រដ្ឋមន្ត្រី​ការទូត​ខ្មែរ បាន​និយាយថា សភាពការណ៍​ពិភពលោក និង​តំបន់ កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​ពិបាក​ប៉ាន់ស្មាន ដែល​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។ លោក​ថា ស្ថានភាព​ពិភពលោក ដែល​ស្ថិតនៅ​ភាពមិនច្បាស់លាស់​ជាច្រើន​បែបនេះ គឺ​កើតចេញពី​ការប្រកួតប្រជែង​យ៉ាង​តានតឹង​រវាង​មហាអំណាច​ធំៗ ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សាសនា និង​អធិបតេយ្យ​ដែនដី ។​ជាពិសេស​ការគំរាមកំហែង​ខាង​សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី​នានា ដែល​នឹង​បន្ត​អូសបន្លាយ​ក្នុង​ឆ្នាំ​២០២០ និង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។​
 
«​ដំណើរ​ប្រែប្រួល​ទៅកាន់​ប្រព័ន្ធ​ពហុ​ប៉ូល​នឹង​បន្ត​ទៅមុខ ឯ​ពហុភាគី​និយម នឹង​បន្ត​រង​សំពាធ​ពី​នយោបាយ​ឯកតោ​និយម និង​គាំពារ​និយម​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​ខ្មែរ ដែល​បាន​អះអាងថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ ដោយ​បំពេញការងារ​បែប​សន្តិ​សហ​វិជ្ជមាន និង​មិន​ចូលបក្ស​សម្ព័ន្ធ​ឡើយ​។ ជាពិសេស​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​អ្នកដទៃ និង​គោរព​គ្នា​ទៅវិញទៅមក​នៅក្នុង​ទំនាក់ទំនង​របស់ខ្លួន ជាមួយ​បណ្ដា​ប្រទេស​លើ​ពិភពលោក​។​
 
​ក្នុង​ឆ្នាំ​២០១៩ ក្រសួងការបរទេស បានសម្រេច​ការងារ​ជា​អាទិភាព​ទាំង​៥ ដែល​ក្នុងនោះ​រួមមាន ការពារ​ផលប្រយោជន៍​គោល​របស់​ជាតិ ,​ការកសាង​និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​នៅលើ​លោក ,​ការជំរុញ​ការងារ​ការទូត​សេដ្ឋកិច្ច និង​វប្បធម៌​, ការចូលរួម​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ពិភពលោក និង​ការជំរុញ​កំណែទម្រង់​ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​ការងារ​ក្នុង​ក្រសួង​។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​៕
 

Tag:
 ​ប្រាក់ សុខុន
  នយោបាយ​
  ការទូត​
© រក្សាសិទ្ធិដោយ thmeythmey.com