ជាតិ
លោក មួយ រ៉ាដូ ដាំបន្លែ-ផ្លែឈើជិត២០មុខនៅមណ្ឌលគិរី ផ្គត់ផ្គង់មិនទាន់តម្រូវការ
× ភ្នំពេញ៖ លោក មួយ រ៉ាដូ បានចាប់ផ្តើមដាំការ៉ុត ម្ទេសហាវៃ ដំឡូងបារាំង ទំពាំងបារាំង ស្ពៃក្ដោប ស្ពៃបូកគោ និងបន្លែជាច្រើនមុខទៀត ប្រមាណ៣ឆ្នាំហើយ នៅលើដី៣ហិកតាកន្លះ ក្នុងខេត្តមណ្ឌលគិរី។ ភាគច្រើន បន្លែផ្លែឈើទាំងនេះ ត្រូវបានយកទៅផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ។ បើតាម លោក រ៉ាដូ បន្លែ ផ្លែឈើរបស់ខ្លួនលក់បានតម្លៃខ្ពស់ និងមានតម្រូវការច្រើនទៀតផង ហើយសព្វថ្ងៃ លោកដាំមិនទាន់តម្រូវការអតិថិជនឡើយ។
ចម្ការ ផ្លែឈើ ជិត២០មុខ ត្រូវបានលោក មួយ រ៉ាដូ ដាំដុះនៅលើផ្ទៃដី៣ហិកតាកន្លះ ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ បន្លែផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូ ល្ហុងពូជអាល្លឺម៉ង់ ប៊ឺរ ឪឡឹកលឿង តាសក់ផ្អែម ស្រកានាគ ដំឡូងបារាំង ការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ប៉េងបោះ ឆៃថាវ ត្រឡាច ល្ពៅ និងម្រះជាដើម។
ម្ចាស់ចម្ការបន្លែ ផ្លែឈើរូបនេះ បន្តថាសព្វថ្ងៃមានក្រុមហ៊ុនជាច្រើននៅភ្នំពេញ បានចុះមកដល់ចម្ការរបស់ខ្លួន ដើម្បីពិនិត្យមើលបច្ចេកទេសដាំដុះ និងចរចាទទួលទិញ បន្លែគ្រប់ប្រភេទយកទៅលក់បន្តផងដែរ។ លោក មួយ រ៉ាដូ បានសារព័ត៌មាន ThmeyThmey25 ថាលោកមិនបារម្ភឡើយពីទីផ្សារសម្រាប់លក់បន្លែ ផ្លែឈើរបស់ខ្លួន ក៏ប៉ុន្តែគាត់បារម្ភខ្លាចការប្រែប្រួលអាកាសធាតុ ដែលអាចរារាំងលទ្ធភាពដាំដុះរបស់ខ្លួន។ កសិកររូបនេះបន្ថែម៖ «សម្រាប់ខ្ញុំមិនបារម្ភទីផ្សារទេ ប៉ុន្តែខ្ញុំបារម្ភការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ឬគ្រោះរាំងខ្លួន ដែលធ្វើឱ្យបន្លែខូចអស់ក្នុងរយៈពេលមួយដ៏ខ្លី»។
តាមពិតទៅ លោកមានគម្រោងដាំបន្លែផ្លែឈើ ឲ្យបានប្រមាណ១៥ហិកតា ក៏ប៉ុន្តែដោយសារ កង្វះប្រភពទឹក ទើបលោកមិនទាន់អាចពង្រីកផ្ទៃដីដាំដុះបាន។ លោក រ៉ាដូ រៀបរាប់ដូច្នេះ៖«ដោយសារតែអាកាសក្តៅ គ្មានប្រភពទឹកគ្រប់គ្រាន់ ទើបខ្ញុំសម្រេចចិត្តដាំបន្លែគ្រប់មុខនៅលើផ្ទៃដី៣,៥ហិកតានេះសិន ដើម្បីផ្គត់ផ្គង់ឱ្យអតិថិជនដែលជាម៉ូយប្រចាំ។ រហូតដល់រដូវមានភ្លៀង ឬមានប្រភពទឹកគ្រប់គ្រាន់ ខ្ញុំនឹងចាប់បន្លែ ផ្លែឈើ នៅលើផ្ទៃដីដែលខ្ញុំគ្រោងទុកនោះ»។ ទន្ទឹមនឹងនេះ លោកក៏កំពុងស្វែងរកដៃគូសហការផ្នែកបច្ចេកទេសដាំដុះបន្ថែម ប្រភពទឹក ប្រព័ន្ធស្រោចស្រព និងដើមទុនមួយចំនួនទៀតផងដែរ៕
Tag:
បន្លែ
ផ្លែឈើ
មួយ រ៉ាដូ
© រក្សាសិទ្ធិដោយ thmeythmey.com