អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ទស្សនៈ​ប្រឆាំង​ចិន​ដោយសារ​កូ​រ៉ូ​ណាវី​រុស មិន​ជួយ​អ្វី​បានឡើយ
03, Feb 2020 , 11:50 am        
រូបភាព
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​២ ខែកុម្ភៈ បានបង្ហាញ​ការ​ឃ្នើសចិត្ត​ទៅនឹង​អ្វីដែល​លោក​ចាត់ទុកជា​និន្នាការ​ប្រឆាំង​ចិន​នៅតាម​ប្រទេស​មួយចំនួន​ក្រោយ​ការ​រាលដាល​ដ៏​លឿន​នៃ​កូ​រ៉ូ​ណា​វីរុស​ដ៏​គ្រោះថ្នាក់​។ សម្រាប់​លោក លី គំនិត​ស្អប់ខ្ពើម​បែបនេះ មិនអាច​ជួយ​អ្វី​បានឡើយ​ប្រឈមមុខ​បញ្ហា​សុខ​ភាពជា​សាកល​បែបនេះ​។ ទោះជា​យ៉ាងណា លោក លី ជឿជាក់ថា ចិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​រលូន​។

 
​ការផ្ទុះ​ឡើង​កូ​រ៉ូ​ណ​វីរុស​ថ្មី​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ផ្ទុះ​និន្នាការ​ប្រឆាំង​ចិន ការ​ស្អប់ខ្ពើម ឬ​ការរើសអើង​ប្រជាជន​ចិន​នៅតាម​ប្រទេស​នានា​។ ដោយហេតុថា វីរុស​នេះ​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​នោះ ប្រទេស​ខ្លះ បាន​ចាត់វិធានការ​ហាមឃាត់​ជនបរទេស​ទាំងអស់​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ចិន និង​ជនជាតិ​ចិន​ចូល​ទឹកដី​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​នេះ​។ 
 
​ចំពោះ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និន្នាការ​ស្អប់ខ្ពើម​បែបនេះ មិនមែនជា​រឿង​ល្អ​ឡើយ​។ អំឡុងពេល​ចូលរួម​ពិធី​ចូលឆ្នាំ​ចិន​នៅ​មណ្ឌលបោះឆ្នោត Teck Ghee នៅ​ថ្ងៃទី​២ ខែកុម្ភៈ លោក លី បង្ហាញ​ការសោកស្ដាយ​ដែល​ចលនា​ប្រឆាំង​ជនជាតិ​ចិន​បាន​កើនឡើង​នៅតាម​ប្រទេស​ជាច្រើន​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​។ លោក​បន្តថា រឿង​បែបនេះ មិនមាន​ប្រយោជន៍​អ្វី​ឡើយ ខណៈ​វីរុស​ក៏​ឆ្លង​មិន​ស្គាល់​នរណា​ជា​ជនជាតិ​អ្វី​ដែរ​។​
 
«​វីរុស​អាច​ចាប់ផ្ដើម​ពី​ចិន ប៉ុន្តែ​វា​មិនបាន​គោរព​សញ្ជាតិ ឬ​ពូជសាសន៍​អ្វី​ឡើយ​។ វា​មិនបាន​មើល​លិខិតឆ្លងដែន​របស់​អ្នក​មុន​ឆ្លង​ចូលខ្លួន​ប្រាណ​អ្នក​ឡើយ ហើយ​មនុស្ស​ទាំងអស់ សុទ្ធតែ​អាច​ឆ្លង​វីរុស​នេះ​។​» នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ លោក​បន្ថែមថា បញ្ហា​នេះ មិនគួរ​ត្រូវបាន​មើល​ក្នុង​ផ្លូវ​ជា​បញ្ហា​ការទូត ឬ​ពូជសាសន៍​ឡើយ តែ​ជា​បញ្ហា​សុខភាព​អន្តរជាតិ​វិញ​។​
 
​មេដឹកនាំ​សិង្ហ​បុរី​រូបនេះ ក៏​បង្ហាញ​ទំនុកចិត្ត​ថា ចិន និង​ប្រទេស​នានា​អាច​យក​ជម្នះ​បញ្ហា​នេះ​បាន ព្រោះ​បាន​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល និង​ការគ្រប់គ្រង​ផងដែរ​។ បច្ចុប្បន្ននេះ វិធានការ​សំខាន់ៗ​របស់​ប៉េកាំង​រួមមាន​ការហាម​ប្រា​មការ​ធ្វើដំណើរ​នៅ​វូ​ហាន​ដែលជា​ទីកន្លែង​ផ្ទុះ​វីរុស និង​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ស្រុក ការលុបចោល​ដំណើរ​កម្សាន្ត​ទៅ​បរទេស និង​ការប្រមូល​ជនជាតិ​ចិន​នៅ​ហ៊ូ​ប៉ី​ត្រឡប់​ចូល​ស្រុក​វិញ​ជាដើម​។  
 
​សព្វថ្ងៃ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​សិង្ហ​បុរី​មាន​ចំនួន​១៨ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​។ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ខ្លាំង សិង្ហ​បុរី បាន​ហាម​ចូល​ទឹកដី​ខ្លួន​រាល់​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​មកពី​ចិន​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ និយាយ​ការពារ​ថា នេះ​ជា​វិធានការ​ទប់ស្កាត់​ទុក​មុន​របស់​សិង្ហ​បុរី​ដើម្បី​ការពារ​ប្រជាជន​ខ្លួន​៕ 
 

Tag:
 សិង្ហ​បុរី​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com