អន្តរជាតិ
ចិនប្រាប់ជនបរទេសនៅវូហានកុំបាច់ស្លន់ស្លោរ ព្រោះខ្លួនអាចយកឈ្នះកូរ៉ូណាវីរុសបាន គ្រូពេទ្យចិនលើកដៃធ្វើសញ្ញាក្នុងមន្ទីរពេទ្យមួយនៅខេត្តហ្វូជៀន។ រូបភាព Xinhua
× ទីក្រុងប៉េកាំង នៅថ្ងៃទី៣ ខែកុម្ភៈ បានអំពាវនាវឲ្យពលរដ្ឋបរទេសទាំងអស់ដែលកំពុងស្នាក់នៅទឹកដីចិន ពិសេសនៅទីក្រុងវូហាន កុំមានការតក់ស្លុតអ្វី ខណៈចិនកំពុងតែព្យាយាមដោះស្រាយការរាលដាលកូរ៉ូណាវីរុសយ៉ាងពេញទំហឹង។ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ក្រសួងការបរទេសចិន អះអាងថា ចិនមានសមត្ថភាពយកឈ្នះសង្គ្រាមជាមួយវីរុសប្រភេទមួយនេះដើម្បីការពារប្រជាជនខ្លួន និងជនបរទេសទាំងអស់ដែលរស់នៅលើទឹកដីចិន។
ជាមួយនឹងការផ្ដល់សារសំខាន់ដល់សុខមាលភាពរបស់ជនបរទេសរស់នៅទឹកដីចិន ពិសេសនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ចិនបានចាត់វិធានការមានប្រសិទ្ធភាពដើម្បីដោះស្រាយក្ដីបារម្ភ និងតម្រូវការរបស់ពួកគេបានទាន់ពេលវេលា។ នេះជាការលើកឡើងរបស់អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី៣ ខែកុម្ភៈ តបនឹងសំណួរទាក់ទងចំណាត់ការរបស់រដ្ឋាភិបាលចិនទៅលើជនបរទេសដែលកំពុងសិក្សា ឬរស់នៅលើទឹកដីចិនអំឡុងពេលផ្ទុះកូរ៉ូណាវីរុស។
បើតាមអ្នកនាំពាក្យដដែល វិធានការដែលចិនបានធ្វើរួមមានការបង្កើតបណ្ដាញទូរសព្ទ២៤នៅខេត្តហ៊ូប៉ីសម្រាប់ជនបរទេសទាំងអស់ រាប់ទាំងនិស្សិត និងអ្នកទេសចរផង ទាក់ទង និងរកជំនួយ ព្រមទាំងបង្កើតវេបសាយមានភាសាអង់គ្លេស បារាំង ជប៉ុនជាដើម សំដៅផ្ដល់ព័ត៌មានទាន់ពេល និងស្ថានការណ៍របស់វីរុស។ លើសពីនោះ ចិន ក៏បានចែកចាយវិធានការបង្ការទុកមុនដែលចេញដោយអាជ្ញាធរសុខាភិបាលរបស់ខ្លួនសម្រាប់បរទេសផង។
អ្នកស្រី Hua អះអាងថា អ្វីដែលចិនបានធ្វើ គឺទៅហួសពីការកំណត់របស់អង្គការសុខភាពពិភពលោទៅទៀត។ មន្ត្រីក្រសួងការបរទេសចិនរូបនេះបន្ថែមថា៖ «ចិនកំពុងតែព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងការរាលដាលកូរ៉ូណាវីរុសក្នុងរយៈពេលឆាប់បំផុត។ យើងមានទំនុកចិត្ត និងសមត្ថភាពយកឈ្នះសមរភូមិមួយនេះ។ មិនចាំបាច់ស្លន់ស្លោរឡើយសម្រាប់មិត្តភក្តិបរទេសរស់នៅលើទឹកដីចិន។»
ជាមួយគ្នានេះ មន្ត្រីដដែលក៏បញ្ជាក់ពីជំហររបស់ទីក្រុងប៉េកាំងក្នុងការសហការជាមួយសហគមន៍អន្តរជាតិក្នុងក្រខណ្ឌតម្លាភាព បើកចំហ និងទទួលខុសត្រូវដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន និងជនបរទេសទាំងអស់នៅចិន។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ក៏ឆ្លៀតរិះគន់ប្រទេសខ្លះដែលចាត់វិធានការហួសហេតុក្នុងការទប់ស្កាត់ការរាលដាលវីរុសប្រភេទថ្មីនេះដូចជាការហាមប្រាមការធ្វើដំណើរជាដើម ដែលនេះផ្ទុយពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក។
ងាកទៅជំនួយអន្តរជាតវិញ អ្នកស្រី Hua លើកឡើងថា ជំនួយជាច្រើនបានទៅដល់ចិនជាបន្តបន្ទាប់។ កូរ៉េខាងត្បូង ជប៉ុន អង់គ្លេស បារាំង ប៉ាគីស្ថាន បេឡារុស តួកគី អ៊ីរ៉ង់ កាហ្សាក់ស្ថាន ហុងគ្រី ឥណ្ឌូណេស៊ី និងអង្គការ UNICEF សុទ្ធតែបានផ្ដល់ជំនួយឲ្យចិន ដែលកំពុងខ្វះខាតដូចជាម៉ាស់វេជ្ជសាស្ត្រ សម្លៀកបំពាកការពារជាដើម៕
Tag:
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com