កីឡាជាតិ
ជាតិ
លោក តឹក ប៊ុន​វី ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម ដែល​រ៉ាំ​រៃ​ដោយ​ទំនាស់​ផ្ទៃក្នុង
04, Feb 2020 , 8:39 pm        
រូបភាព
លោក តឹក ប៊ុនវី (អាវស)ទទួលត្រាប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពីលោក​ បឹង គឹមតោ, រូបភាពពីអគ្គនាយដ្ឋានកីឡា
លោក តឹក ប៊ុនវី (អាវស)ទទួលត្រាប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពីលោក​ បឹង គឹមតោ, រូបភាពពីអគ្គនាយដ្ឋានកីឡា
ដោយ:
​លោក តឹក ប៊ុន​វី ត្រូវបាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​ជំនួស​លោក ស៊ីម សុក​មង្គល​រស្មី សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ​២០២០-២០២៤​។ ការបោះឆ្នោត​នេះ ធ្វើឡើង​ក្នុង​អង្គ​មហាសន្និបាត​បូកសរុប​ការងារ​អាណត្តិ​ទី​២​និង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​១ កុម្ភៈ ឆ្នាំ​២០២០​។ 

 
​ទីបំផុត​បញ្ហា​ទំនាស់​ផ្ទៃក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ ត្រូវបាន​បញ្ចប់ បន្ទាប់ពី​សហព័ន្ធ​បាន​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ និង​សមាជិក​ប្រតិបត្តិ​ថ្មី​។ លោក តឹក ប៊ុន​វី អតីត​អគ្គលេខាធិការ ត្រូវបាន​សមាជិក​សមា​ជិ​ការបោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២៤​។ 
 
​នៅក្នុង​ការបោះឆ្នោត ដែល​ធ្វើឡើង​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ក្នុង​អាណត្តិ​ទី​២ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​អាណត្តិ​ទី​៣ លោក តឹក ប៊ុន​វី ទទួលបាន​សម្លេងគាំទ្រ​ចំនួន​១៦​សម្លេង ចំណែក​អតីត​ប្រធាន​សហព័ន្ធ​ចាស់ គឺ​លោក ស៊ីម សុក​មង្គល​រស្មី ទទួលបាន​ការគាំទ្រ​តែ​៣​សម្លេង​ប៉ុណ្ណោះ​។ ការបោះឆ្នោត​នេះ មាន​សមាជិក​សមាជិកា​មកពី​តំណាង​ក្លិប​-​សមាគម និង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ជាង​២០​រូប​ចូលរួម​។  
 
​ទោះបី​យ៉ាងនេះ​ក្តី គេ ក៏​មិន​ប្រាកដថា ការផ្លាស់ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​នេះ អាចធ្វើ​ឲ្យ​សហព័ន្ធ​មានដំណើរ​ការល្អ​១០០​ភាគរយ​នោះទេ ព្រោះ​សហព័ន្ធ​មួយ​អាច​ដំណើរ​ប​ល្អ​ទៅបាន វា​អាស្រ័យ​លើ​ការឯកភាព​ផ្ទៃក្នុង ចេះ​អធ្យាស្រ័យ​គ្នា និង​ភាពឈ្លាសវៃ​ក្នុងការ​ដឹកនាំ​។ តែ​យ៉ាងណា លោក តឹក ប៊ុន​វី ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ប្តេជ្ញា​ថា លោក នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​ដឹកនាំ​សហព័ន្ធ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ល្បីល្បាញ​ទាំង​លើ​ថ្នាក់ជាតិ​និង​អន្តរជាតិ​។  
 
​លោក បឹង គឹម​តោ ប្រធានស្តីទី​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​អះអាងថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ស្របតាម​ល​ក្ខ័​ន្តិ​កៈ​ច្បាប់​ស្តីពី​ការបោះឆ្នោត​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​។ ទន្ទឹមនឹងនេះ លោក ជំរុញ​ឲ្យ​សមាជិក​សមាជិក​ប្រតិបត្តិ​ថ្មី​ទាំងអស់ ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា​ក្នុងការ​ដឹកនាំ​សហព័ន្ធ​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​បន្ថែមទៀត​។ 
 
​សមាជិក​ប្រតិបត្តិ​អាណត្តិ​ទី​៣​រួមមាន លោក តិ​ត ប៊ុន​វី (​ជា​ប្រធាន​), លោក ចាប់ វ៉ាន់​នី (​អនុប្រធាន​), លោក សុខ វណ្ណៈ (​អគ្គលេខាធិការ​), លោក ណុំ សុ​បិ​ន្ត (​អគ្គលេខាធិការរង​), លោក ហេង សារ៉ាត់ (​អគ្គ​ហិ​រញ្ញឹក​), លោក ធិ ប៊ុន​ធី (​អគ្គ​ហិ​រញ្ញឹក​រង​),​លោក សំបូរ ណាន​, លោក អ៊ុន បូរ៉ាត់​, លោក ហ៊ុន សុ​ភី និង​លោក ឈុន ឌី​រតនា ជា​សមាជិក​៕  
 
 

Tag:
 កាយ​វប្បកម្ម​
  តឹក ប៊ុន​វី​
  ស៊ីម មង្គល​រស្មី​
© រក្សាសិទ្ធិដោយ thmeythmey.com