ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងមហាផ្ទៃ សម្ដេច ស ខេង ស្នើឱ្យអង្គការសង្គមស៊ីវិល និងសមាគម ធ្វើការងារដោយតម្លាភាពជាមួយរដ្ឋាភិបាល តាមរយៈការផ្ដល់ព័ត៌មានពិតប្រាកដ។ តែមន្ត្រីសង្គមស៊ីវិល អះអាងថា ខ្លួនមិនដែលលាក់បាំងព័ត៌មានជាមួយរដ្ឋាភិបាលឡើយ គឺមានតែមន្ត្រីរដ្ឋាភិបាលទេ ដែលលាក់លៀមព័ត៌មានថ្នាក់ដឹកនាំ។
សម្ដេច ស ខេង ដែលបានត្រួតពិនិត្យរបាយការប្រចាំឆ្នាំ២០១៩ រកឃើញថា បញ្ហារវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរ ធ្វើការមិនសូវចុះសម្រុងគ្នានោះ គឺមកពីការលាក់បាំងព័ត៌មាន។ ការលាក់បាំងព័ត៌មាននេះ គឺសម្ដេច ស ខេង ចង់និយាយសំដៅទៅអង្គការសង្គមស៊ីវិល ដែលមិនបញ្ចេញរបាយការណ៍ដែលពួកគេរកឃើញ ប្រាប់ទៅអាជ្ញាធរ និងមន្ត្រីជំនាញខ្លួនឱ្យបានច្បាស់លាស់ទេ ប៉ុន្តែបែរជាទុកបញ្ចេញផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំ ប្រៀបដូចជាបំប៉ោងព័ត៌មានទៅវិញ។
ថ្លែងក្នុងពិធីស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គម កាលពីថ្ងៃទី៣ កុម្ភៈ រដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយដូច្នេះថា៖«ខ្ញុំស្នើ(NGO និងសមាគម)ផ្ដល់ព័ត៌មានកុំលាក់ បើមិនអ៊ីចឹង យើងមិនដឹងដោះស្រាយយ៉ាងម៉េច។ ប្រសិនបើ(ប្រមូលព័ត៌មានហើយ)យកមកបំផ្ទុះករណីថា ឆ្នាំនេះ មានប៉ុន្មានរយករណី ដែលអាជ្ញាធរគៀបសង្កត់គំរាមកំហែង សួរថាព័ត៌មាននៅឯណា? សូមឲ្យគាត់(NGO)ផ្ដល់ព័ត៌មានជាក់លាក់ តែគាត់មិនហ៊ានផ្ដល់ អ៊ីចឹងបានន័យថាគាត់បំប៉ោងព័ត៌មាន ព្រោះយើងខ្ញុំចង់បានអាហ្នឹង(ព័ត៌មានពីបញ្ហា) ព្រោះយើងមានរបៀបរបបនៃការធ្វើការ»។
លោក សែនករុណ (រូបពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា បាននិយាយថា អង្គការសង្គមស៊ីវិលគ្មានអ្វីលាក់បាំងរដ្ឋាភិបាលនោះទេ ព្រោះរាល់ព័ត៌មានដែលប្រមូលបាន គឺNGOតែងតែយកទៅពិភាក្សា និងដោះស្រាយជាមួយអាជ្ញាធរ។ ផ្ទុយទៅវិញលោក ករុណា បានរិះគន់វិញថា ការធ្វើការមិនចុះសម្រុងគ្នានោះ ដោយសារតែអាជ្ញាធរ ឬមន្ត្រីក្រសួងមហាផ្ទៃទេ ដែលមិនបានធ្វើសេចក្ដីរាយការណ៍ ពីរឿងពិតនៅមូលដ្ឋាន ដែលអង្គការសង្គមស៊ីវិលរកឃើញប្រាប់ទៅថ្នាក់លើ ខណៈមន្ត្រីខ្លះទៀត មិនគោរពតាម ការណែនាំ(ស.ជ.ណ) របស់ក្រសួងមហាផ្ទៃតែម្ដង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់របស់អង្គការអាដហុករូបនេះ បាននិយាយដូច្នេះថា៖« ខ្សែបណ្ដោយក្រសួងមហាផ្ទៃទេ ដែលលាក់បាំងមិនរាយការណ៍ទៅខាងក្រសួងខ្លួនឯង។ ចំណែកខាងអង្គការអាដហុករបស់យើងតែងតែបង្ហាញលិខិតរបស់ក្រសួងមហាផ្ទៃ រាល់រឿងដែលកើតឡើងទៅមន្ត្រីថ្នាក់ក្រោម។ មន្រី្តខ្លះក៏អនុវត្ត ហើយមន្ត្រីខ្លះក៏រង់ចាំថ្នាក់លើបន្តៗគ្នា»។
របាយឆមាសទី២ក្នុងឆ្នាំ២០១៩ ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានបង្ហាញពីបញ្ហាប្រឈមនៃទំនាក់ទំនងមិនល្អ រវាងរបស់អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ចំនួនពីរករណី ដែលកើតឡើងនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ។ តាមរយៈរបាយការណ៍នេះហើយ ដែលសម្ដេច ស ខេង ពិនិត្យឃើញថា បញ្ហាការកើតឡើងដោយសារការលាកលៀមព័ត៌មានរបស់សង្គមស៊ីវិល ដែលធ្វើឱ្យទំនាក់ទំនងគ្នានេះ គ្មានតម្លាភាព និងមិនបង្ហាញពីការកសាងភាពជាដៃគូរ។
« បើសិនណា បើមានករណីបែបនេះ ហើយគាត់ (NGO)បូកសរុប(បញ្ហាប្រឈម)យកទៅផ្សព្វផ្សាយ តែគាត់(NGO)មិនបានផ្ដល់ព័ត៌មាននេះ ដល់សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ប្រៀបដូចគាត់លាក់ព័ត៌មាន»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ថា បើអង្គការសង្គមស៊ីវិល រកឃើញបញ្ហាហើយ ប្រាប់ទៅមន្ត្រីនិងអាជ្ញាធរដើម្បីដោះស្រាយ ប៉ុន្តែពួកគេមិនដោះស្រាយនោះ ទើបវាជាកំហុសរបស់រដ្ឋាភិបាល។
លោក អំ សំអាត (រូបពីទំព័រហ្វេសប៊ុករបស់របស VOA Khmer)
តែយ៉ាងណាលោក អំ សំអាត ហាក់មិនយល់ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃឡើយ។ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) រូបនេះ មើលឃើញថា មន្ត្រី និងអាជ្ញាធរមូលដ្ឋានខ្លះ មិនសូវស្ទុះស្ទាដោះស្រាយបញ្ហា ដែលខាងសង្គមស៊ីវិលរកឃើញនោះទេ តែផ្ទុយទៅវិញពួកគេចូលចិត្តលាបពណ៌មកអង្គការក្រៅរដ្ឋាភិបាល ដែលតស៊ូមតិជាមួយរដ្ឋាភិបាលប៉ុណ្ណោះ។
«កន្លងមកបញ្ហាសំខាន់ដែលនៅដិតដាមនោះ គឺការលាបពណ៌ វាចំណុចមួយដែលធ្វើរាំងស្ទះ(ការងារមូលដ្ឋាន) ។កន្លងមករដ្ឋាភិបាលថា លោកមានសៀវភៅ «ស» ជាឧទាហរណ៍បទដ្ឋានផ្សេងទៀត ដែលដាក់អង្គការមួយចំនួននៅក្នុងការពាក់ព័ន្ធនឹងការប្រឆាំងឬធ្វើបដិវត្តពណ៌។ នេះជាហេតុធ្វើឲ្យអាជ្ញាធរមួយចំនួននៅដិតដាមបញ្ហាហ្នឹង នៅបារម្ភ ដែលធ្វើឱ្យរាំងស្ទះការងារ»។ នេះជាការយល់ឃើញរបស់លោក អំ សំអាត ដែលស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលថ្នាក់ជាតិ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ចៀសជាងការរាយការណ៍ថា សង្គមស៊ីវិលសរសេររបាយការណ៍ផ្សព្វផ្សាយបំប៉ោងព័ត៌មាន។
មន្ត្រីសង្គមស៊ីវិល ក៏ស្នើឱ្យរដ្ឋាភិបាលដាក់ទោសទាណ្ឌលើ មន្រី្តណាដែលមិនគោរពតាមសេចក្តីជូនដំណឺង( ស.ជ.ណ) និងមិនរាយការណ៍ពីអ្វីដែលកើតឡើងនៅតាមមូលដ្ឋានទៅថ្នាក់ជាតិផងដែរ។
នៅឆ្នាំ២០១៩កន្លងមក មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួនសរុប៩៦៦ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ ក្នុងនោះសមាគមចំនួន៤៧១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៩៥ ។ ជាមួយគ្នានេះ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៣៨ ត្រូវបានលុបឈ្មោះចេញពីបញ្ជី តាមសំណើរបស់អង្គភាពសាមី៕