អន្តរជាតិ
ប្រទេស​ឥណ្ឌូណេស៊ី​ផ្លាស់ប្តូរ​រដ្ឋធានី​ចេញពី​ទីក្រុង​ហ្សា​ការ​តា​
06, Feb 2020 , 7:59 pm        
រូបភាព
លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​មួយ​ ដែល​ត្រូវ​បាន​គេ​គ្រោង​សម្រាប់​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី នៅ​ក្នុង​ស្រុក Sepaku ខេត្ត East Kalimantan កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​មួយ​ ដែល​ត្រូវ​បាន​គេ​គ្រោង​សម្រាប់​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី នៅ​ក្នុង​ស្រុក Sepaku ខេត្ត East Kalimantan កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​ប្រទេស​ឥណ្ឌូណេស៊ី​បានចេញ​សេចក្តីប្រកាស​ជាច្រើនលើក​ច្រើនសារ​អំពី​ការប្តូរ​ទីតាំង​រដ្ឋធានី​របស់ខ្លួន​ចេញពី​ទីក្រុង​ហ្សា​ការ​តា ដែល​រដ្ឋាភិបាល​អះអាង​ថា អាចមាន​ការវិនិយោគ​ជា​ទឹកប្រាក់​ចំនួន​៤០​ពាន់​លាន​ដុល្លារ​ពី​វិនិយោគិន​នានា ចាប់តាំងពី​វិនិយោគិន​ខាង​បច្ចេកវិទ្យា​ធំ​បំផុត​នៅក្នុង​ពិភពលោក​រហូតដល់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ថ្មី​មួយ​ដែល​រួមមាន​ទាំង​លោក Tony Blair អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ផងដែរ​។ ការប្រកាស​កាលពី​ពាក់កណ្តាល​ខែមករា​នេះ​គឺជា​ការធានា​ជាថ្មី​ម្តងទៀត​អំពី​ការប្តូរ​ទីតាំង​រដ្ឋធានី​ដែល​ត្រូវការ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ខណៈដែល​ប្រទេស​ឥណ្ឌូណេស៊ី​កំពុងផ្តល់​អាទិភាព​ដល់​ការវិនិយោគ​បរទេស​ម្តងទៀត​។ ទោះជា​យ៉ាងនេះ​ក្តី សកម្មជន​បរិស្ថាន​មិនទាន់​ទទួលបាន​ការធានា​ពីរ​ដ្ឋា​ភិ​បាល​នោះទេ​។

 
​សកម្មជន​បរិស្ថាន​និយាយថា ដំណោះស្រាយ​នេះ​មិនបាន​ដោះស្រាយ​បញ្ហា​ប្រឈម​នោះទេ​។ ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​ធំ​បំផុត​ទី​៤​នៅក្នុង​ពិភពលោក​កំពុងធ្វើការ​ផ្លាស់ប្តូ​ររ​ដ្ឋ​ធានី​របស់ខ្លួន​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។ ទីក្រុង​ហ្សា​ការ​តា​គឺជា​ទីក្រុង​ដែលមាន​ការបំពុល និង​រង​ការគំរាមកំហែង​ពី​ការ​ជន់​លិច​។ ទីដៅ​ថ្មី​សម្រាប់​រដ្ឋធានី​នេះ​គឺ​នៅលើ​កោះ Borneo ដែលជា​កោះធំ​បំផុត​នៅ​អាស៊ី​។ នៅ​ទីនោះ បរិស្ថាន​រង​ការបំផ្លិចបំផ្លាញ​ដោយសារតែ​គ្រាប់មីន ចម្ការ​ដំណាំ​នានា ការ​កំពប់​ប្រេង និង​ការដុត​ព្រៃ​ដើម្បី​យក​ដី​ដាំដូង​ប្រេង​។​
 
​សកម្មជន​បរិស្ថាន​មានការ​បារម្ភ​ថា ការផ្លាស់ប្តូរ​រដ្ឋធានី​នេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​នៅលើ​កោះ​កាលី​ម៉ាន់​តាន់ កាន់តែ​អាក្រក់​។ កោះ Borneo ត្រូវបាន​កាន់កាប់​រួមគ្នា​ដោយ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រ៊ុយណេ ហើយ​កោះ​កាលី​ម៉ាន់​តាន់ គឺជា​ផ្នែក​ដែល​ឥណ្ឌូណេស៊ី​កាន់កាប់​នៅលើ​កោះ Borneo ។​
 
​វិទ្យាស្ថាន World Resources Institute បាន​សរសេរ​នៅក្នុង​អត្ថបទ​មួយ​លើ​អ៊ីនធឺណិត​របស់ខ្លួន​ថា​៖ «​មិន​ថា​មូលហេតុ​នៃ​ការផ្លាស់ប្តូរ​ជា​អ្វី​នោះទេ វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កត់សម្គាល់ថា ការប្តូរ​ទីតាំង​រដ្ឋធានី​ចេញពី​ក្រុង​ហ្សា​ការ​តា​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ទីក្រុង​នោះទេ​។ ដូចគ្នា​ដែរ ការប្តូរ​ទីតាំង​រដ្ឋធានី​ទៅ​ទីក្រុង​មួយទៀត​អាច​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​កាន់តែច្រើន​»​។​
 
​វិទ្យាស្ថាន​ដដែល​នេះ​បាន​ប៉ាន់​ស្មាន់ថា ការដុត​ព្រៃ​ដើម្បី​យក​ដី​សម្រាប់​រៀបចំ​ជា​រដ្ឋធានី​នៅលើ​កោះ Borneo អាច​នឹង​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ចំនួន​៤៨​លាន​តោន ដែល​ស្មើនឹង​បរិមាណ​ឧស្ម័ន​កាបូ​និ​ច​ដែល​បញ្ចេញ​ពី​ការបើកបរ​រថយន្ដ​ចំនួន​៩​លាន​៣​សែន​គ្រឿងក្នុង​មួយឆ្នាំ​។​
 
​មាន​ផលប៉ះពាល់​សង្គម​នៅក្នុង​ប្រទេស​ដទៃទៀត​ដែល​បានសម្រេច​ចិត្ត​ប្តូរ​ទីតាំង​រដ្ឋធានី​របស់​ពួកគេ​។ នៅពេល​ប្រទេស​ប្រេ​ស៊ី​ល​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ពី​ក្រុង Rio de Janeiro ទៅ​ក្រុង Brasilia ប្រទេស​ប្រេ​ស៊ី​ល​បាន​បោះពុម្ព​ក្រដាសប្រាក់​បន្ថែមទៀត​សម្រាប់​ការប្ដូរ​ទីតាំង​នេះ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​មាន​វិបត្តិ​អតិផរណា​ខ្លាំង​រយៈពេល​មួយ​ទសវត្សរ៍ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​កើនឡើង​៨០%​ក្នុង​មួយខែ​។​
 
​នៅពេលដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ផ្លាស់ប្តូរ​រដ្ឋធានី​របស់​ខ្លួន​ពី​ក្រុង​រ៉ង់​ហ្គូ​ន​ទៅ​ក្រុង​ណៃ​ពិដោរ​នោះ ពលរដ្ឋ​ចង់​រស់នៅក្នុង​ក្រុង​ចាស់​ដដែល ដែល​ធ្វើ​ឲ្យ​រដ្ឋធានី​ថ្មី​មិនសូវមាន​មនុស្ស​រស់នៅ​នោះទេ​។​
 
​បញ្ហា​ពីរ​ដែល​ឥណ្ឌូណេស៊ី​បារម្ភ​នៅពេល​ប្តូរ​ទីតាំង​រដ្ឋធានី​នោះ​គឺ​ទីមួយ ពលរដ្ឋ​នឹង​នៅតែ​រស់នៅក្នុង​ក្រុង​ហ្សា​ការ​តា​ដែលមាន​មនុស្ស​ច្រើន​កកកុញ​ដដែល ហើយ​ទី​ពីរ រដ្ឋាភិបាល​មិនមាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​រដ្ឋធានី​ថ្មី​នៅលើ​កោះ​កាលី​ម៉ាន់​តាន់​ទេ​។​
 
​នេះ​គឺជា​មូល​ហេតុដែល​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ព្យាយាម​ធានា​ម្ដង​ហើយ​ម្ដង​ដល់​បណ្ដា​វិនិយោគិន​។ ក្រៅពី​លោក Tony Blair ដែលជា​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ជា​សមាជិក ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​លើ​ការប្តូរ​ទីតាំង​រដ្ឋធានី​របស់​ឥណ្ឌូណេស៊ី​ក៏​នឹងមាន​ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​លោក Masayoshi Son ដែលជា​ប្រធាន​ក្រុមហ៊ុន SoftBank និង​ជា​វិនិយោគិន​លើ​បច្ចេកវិទ្យា​ធំ​បំផុត​នៅក្នុង​ពិភពលោក​ផងដែរ​។​
 
​លោក Luhut Pandjaitan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ដែនសមុទ្រ​និង​ការវិនិយោគ​របស់​ឥណ្ឌូណេស៊ី​បាន​និយាយថា​៖ «​តួនាទី​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​គឺ​ដើម្បី​ផ្តល់យោបល់​និង​ការលើកកម្ពស់​ដល់​ការផ្លាស់ប្តូរ​រដ្ឋធានី ហើយ​អ្វីដែល​សំខាន់បំផុត​គឺ​ត្រូវ​កសាង​ទំនុកចិត្ត​នៅក្នុង​ពិភពលោក​»​។​
 
​លោក​ក៏បាន​និយាយថា ប្រទេស​ឥណ្ឌូណេស៊ី​នឹងសិក្សា​លើ​ផលប៉ះពាល់​បរិស្ថាន​ដែល​កើតចេញពី​ការសម្រេចចិត្ត​របស់ខ្លួន ជាពិសេស​គឺ​វិស័យ​នេសាទ​ដែលមាន​សារៈសំខាន់​ដល់​ប្រជាជាតិ​នេះ​ទាំងមូល​។​
 
​លោក​បាន​លើកឡើងថា​៖ «​យើង​នឹង​ប្រមូល​[​ទិន្នន័យ​ពី​]​អ្នកជំនាញ​ផ្នែក​ជលផល ហើយ​យើង​នឹង​ដាក់ចេញ​គោលនយោបាយ​បន្ទាប់ពី​ទទួលបាន​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នោះ​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី សកម្មជន​បរិស្ថាន​នៅតែមាន​ក្តីបារម្ភ​។ ពួកគេ​និយាយថា ការតាំង​រដ្ឋធានី​ថ្មី​នឹង​គំរាមកំហែង​ដល់​ជីវចម្រុះ​នៅលើ​កោះ​កាលី​ម៉ាន់​តាន់ ដែលមាន​អំបូរ​សត្វ​ត្រូវបាន​អភិរក្ស ដូចជា​សត្វ​ស្វា​អូ​រ៉ង់​ហ្គូ​តង់​ជាដើម​។ កោះ​នេះ​កំពុង​ប្រឈមមុខ​ជាមួយនឹង​ភាពចម្រូងចម្រាស​អាកាស​ធាតុ​ជាច្រើន​រួចទៅហើយ​។ តម្រូវការ​ដូងប្រេង​យ៉ាងខ្លាំង​នៅក្នុង​សាកលលោក​បាន​ជំរុញ​អាជីវកម្ម​នានា​ដុត​ព្រៃ​និង​ដាំដូង​ប្រេង​ជំនួស​វិញ​។​
 
​ទោះជា​មានការ​សន្យា​រប​ស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​អាជ្ញាប័ណ្ណ​ដាំ​ដូច​ប្រេង​ក៏ដោយ ក៏​ភ្លើង​ឆេះ​ព្រៃ​ទាំងនេះ​បានរួម​ចំណែក​ធ្វើឱ្យមាន​ការបាត់បង់​ព្រៃឈើ​៤៣%​នៅក្នុង​ខេត្ត East Kalimantan ក្នុង​ឆ្នាំ​២០១៨ បើ​ប្រៀប​ទៅនឹង​ឆ្នាំ​២០១៧ នេះ​បើ​យោងតាម​វិទ្យាស្ថាន World Resources Institute​។​
 
​ក្រុម​អ្នក​រិះគន់​ក៏បាន​ចោទ​ជា​សួរថា​តើ​ការប្តូរ​ទីតាំង​រដ្ឋធានី​ពី​ក្រុង​ហ្សា​ការ​តា​នេះ​អាច​កាត់បន្ថយ​បញ្ហា​ចរាចរណ៍ និង​បញ្ហា​លើស​ចំនួន​ប្រជាជន ដែល​បង្ក​ឲ្យ​មានការ​បំពុល​ខ្យល់ បញ្ហា​ទឹក​ប្រើប្រាស់ ទឹកជំនន់ ការបាក់​ដី និង​ការបាត់បង់​ធនធាន​ជារួម​ដែរ​ឬ​យ៉ាងណា​។ គិតតែ​សម្រាប់​ខែ​នេះ ទឹក​ជន់​លិច​បានសម្លាប់​យ៉ាងហោចណាស់​៥០​នាក់​នៅក្នុង​ក្រុង​នេះ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​សែន​នាក់​ត្រូវ​ភៀសខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com