ជាតិ
អាជ្ញាធរ​អប្សរា មាន​គម្រោង​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​អង្គរ មាន​សត្វ​កម្រ​ជិត​ផុត​ពូជ​រស់នៅ​
06, Feb 2020 , 2:37 pm        
រូបភាព
រូបពីអាជ្ញាធរអប្សរា
រូបពីអាជ្ញាធរអប្សរា
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្ប​រា មាន​គម្រោង កែប្រែ​តំបន់​អង្គរ ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ដែលមាន​សត្វ​កម្រ​ជិត​ផុត​ពូជ​រស់នៅ ស្រប​ជាមួយនឹង​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​។


 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ថា អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​បង្កើត​តំបន់​អង្គរ ឲ្យ​ក្លាយជា​តំបន់​ដែលមាន​សត្វ​កម្រ​ឬ​ជិត​ផុត​ពូជ​រស់នៅ ដោយសារ​តំបន់​នេះ សម្បូរ​ទៅដោយ​ព្រៃឈើ និង​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​។ 
 
​លោក បញ្ជាក់ថា​៖«​តំបន់​អង្គរ​ជា​តំបន់​សម្បូរ​ដោយ​ព្រៃឈើ​។ អាជ្ញាធរ កំពុងមាន​គម្រោង​ឲ្យ​សត្វ​កម្រ​ជិត​ផុត​ពូជ រស់នៅក្នុង​តំបន់​នេះ​។ ម្យ៉ាង​តំបន់​នេះ ជា​តំបន់​ទេសចរណ៍​ដែល​សម្បូរ​ប្រាសាទ ការដាក់​សត្វ​កម្រ​ឲ្យ​មាននៅ​តំបន់​នេះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​»​។


 
​ក្រសួង​ព័ត៌មាន បាន​ស្រង់​សម្តី​របស់លោក យិ​ត ចាន់​ដារ​ដ្ឋា អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្ប​រា ដែល​បង្ហើប​ព័ត​មាន​នេះ កាលពី​ថ្ងៃទី​៤​កុម្ភៈ ទៅ​ចុះផ្សាយ​ថា រយៈពេល​៦​ឆ្នាំ​កន្លងមកនេះ សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ​៥​ប្រភេទ មាន​សត្វ​ទោច​ម្កុដ​៨​ក្បាល សត្វ​ឈ្លូស​៤​ក្បាល សត្វ​សំពោចក្រអូប​៥​ក្បាល សត្វ​ភេ​៥​ក្បាល និង សត្វ​ស្វាព្រាហ្មណ៍​១២​ក្បាល បាន​យកមក​ផ្សាំង និង​លែង​ឲ្យ​រស់នៅ​ក្នុងព្រៃ​ឧទ្យាន​អង្គរ​។ 
 
​លោក អះអាងថា ប្រភព​សត្វ​ទាំងនេះ ខ្លះ​យកមក​ពី​ឧទ្យាន​ភ្នំ​តា​ម៉ៅ និង​ខ្លះ​យក​មកពី​កោះក្រពី ខេត្តកោះកុង ហើយ​យកមក​លែង​នៅ​ទីតាំង​សំខាន់​៣​កន្លែង​ក្នុង​រមណីយដ្ឋាន​អង្គរ ដូចជា​នៅ​ខ្លោងទ្វារ​ខ្មោច ខ្លោងទ្វារ​តា​កាវ និង ប្រាសាទ​តា​នៃ ដែលមាន​ព្រៃ​ស៊ុបទ្រុប​សម្រាប់​ការរស់នៅ​។ 
 
​លោក បន្តថា ក្នុង​មួយខែ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WILDLIFEALLIANCE) ចុះ​ពិនិត្យ​តាមដាន​ពី​សុខភាព​សត្វ​ទាំងនេះ​ម្តង​។ ក្រៅពី​សត្វ​ទាំង​៥​ប្រភេទ​នេះ តំបន់​អង្គរ ក៏មាន​សត្វ​ជាច្រើន​ប្រភេទ​ដែល​បានរស់នៅ​តាំងពី​យូរលង់​មកហើយ​ដែរ ដូចជា សត្វ​ស្ទាំង សត្វ​ពស់ សត្វ​កាំប្រមា និង​សត្វ​មាន់ព្រៃ​ជាដើម​៕

Tag:
 ខេត្តសៀមរាប​
  សត្វ​ជិត​ផុត​ពូជ​
© រក្សាសិទ្ធិដោយ thmeythmey.com