កីឡាជាតិ
ជាតិ
ក្រសួងអប់រំ និង NOCC នឹងពិចារណាកាត់បន្ថយចំនួនថ្នាក់ដឹកនាំ ពេលទៅប្រកួតក្រៅប្រទេស លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក ថោង ខុន ប្រធាន NOCC និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍
× ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងពិចារណាលើការកាត់បន្ថយចំនួនថ្នាក់ដឹកនាំពេលមានកម្មវិធីប្រកួតទ្រង់ទ្រាយធំនៅក្រៅប្រទេសម្តងៗ។ ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ ជាពិសេសផ្តល់ឱកាសឲ្យកីឡាករ ដែលរំពឹងដណ្តើមបានមេដាយ បានចូលរួមប្រកួតកាន់តែច្រើន។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា កំពុងពិចារណាលើការកាត់បន្ថយចំនួនថ្នាក់ដឹកនាំ ពេលកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមនាឆ្នាំ២០២១។ លោកអះអាងថាសំណើរកាត់បន្ថយចំនួនថ្នាក់ដឹកនាំនេះ ត្រូវបានដាក់ស្នើទៅកាន់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជារួចហើយ នៅឡើយតែប្រជុំសម្រេចតែប៉ុណ្ណោះ។
សម្រាប់លោក ស សុខា ការកាត់បន្ថយចំនួនថ្នាក់ដឹកនាំនេះ គឺដើម្បីរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិ ក៏ដូចជាផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីបានចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិកាន់តែច្រើន។ លោក ពន្យល់ថា ធម្មតាថ្នាក់ដឹកនាំត្រូវការស្នាក់នៅសណ្ឋាគារថ្លៃៗខុសពីកីឡាករ ដែលធ្វើឲ្យការចំណាយមានទំហំកាន់តែធំ។
«ខ្ញុំបានសំណូមពរទៅកាន់ឯកឧត្តមបណ្ឌិត ថោង ខុន គឺថា បើអាចទៅរួចពេលចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមលើកក្រោយនេះ គឺសុំឲ្យកាត់បន្ថយចំនួនថ្នាក់ដឹកនាំបន្តិច ធ្វើម៉េចបន្ថែមកីឡាករឲ្យបានច្រើន ព្រោះចំនួនថ្នាក់ដឹកនាំស្ទើរស្មើអ្នកប្រកួត ទាល់តែអ៊ីចឹងការងារប្រតិបត្តិអត់មានអ្នកធ្វើ អ៊ីចឹងកីឡាករត្រូវដើរតួធ្វើខ្លួនឯងផង និងប្រកួតផង»។ នេះជាការលើកឡើងរបស់លោក ស សុខា នាកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩និងលើកទិសដៅឆ្នាំ២០១៩-២០២០ កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០។
រដ្ឋលេខាធិការរូបនេះបានបន្ថែថា៖«ខ្ញុំទទួលស្គាល់ថា ការងារមួយចំនួនរបស់ក្រសួងអប់រំ នឹងអាចប៉ះពាល់ដល់ស្ថាប័នផ្សេង ប៉ុន្តែបើយើងមិនចូលរួមកែទេកីឡាករដែលមានសមត្ថភាពមួយចំនួន ដែលយើងគិតថាអាចទទួលបានមេដាយលើវិញ្ញាសាមួយចំនួន នឹងត្រូវបាត់បង់ឱកាសចូលរួមក្នុងការប្រកួត»។
ជាមួយគ្នានេះ លោក ជំរុញឲ្យមន្ត្រីក្រោមបង្គាប់ត្រូវបង្កើនការយកចិត្តទុកដាក់និងអនុវត្តការងារឲ្យបានត្រឹមត្រូវតាមគោលការណ៍ ដែលក្រសួងបានដាក់ចេញ ក្រោមស្មារតីទទួលខុសត្រូវ និងសហការគ្នា។ ជាពិសេស ត្រូវមានទំនាក់ទំនងល្អរវាងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ មួយវិញទៀត លោកជំរុញឲ្យស្ថាប័នពាក់ទាំងអស់បង្កើនការយកចិត្តទុកដាក់ និងពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងការចំការប្រកួតថ្នាក់ជាតិឲ្យត្រឹមត្រូវ។ ព្រោះការប្រកួតថ្នាក់ជាតិជាការប្រកួតមួយដ៏សំខាន់ក្នុងការពង្រឹង និងស្វែងរកធនធានមានសមត្ថភាព សម្រាប់ត្រៀមប្រកួតនៅលើឆាកអន្តរជាតិ៕
Tag:
ស សុខា
ក្រសួងអប់រំយុវជននិងកីឡា
NOCC
© រក្សាសិទ្ធិដោយ thmeythmey.com