ជាតិ
នយោបាយជាតិ
គណៈរដ្ឋមន្ត្រីសម្រេចធ្វើច្បាប់ថ្មីស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលដាក់សំណើរប្តូរឈ្មោះក្រសួងទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
× កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ នេះ បានសម្រេចធ្វើច្បាប់ថ្មីលើសំណើសុំប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ ដើម្បីឆ្លងសភា ព្រមទាំងការតែងតាំងរដ្ឋមន្ត្រីជាថ្មីម្តងទៀត។ រីឯសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយក្រសួងនានាមានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នាមួយចំនួន គណៈរដ្ឋមន្ត្រី ត្រូវដឹកនាំប្រជុំសម្របសម្រួលឡើងវិញ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានលោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏ដូចជារបបគំហើញនានា។
រដ្ឋាភិបាលបានអះអាងថា ក្រសួងដែលត្រូវប្តូរឈ្មោះថ្មីនេះ នឹងធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជំរុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជំរុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។
«កម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបបថ្មីនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព និងការប្រកួតប្រជែងខ្ពស់ សំដៅធ្វើអោយកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ នេះបើតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។
ការរៀបចំសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹតស្តីពីដំណើរការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្អែកតាមលំនាំច្បាប់ និងអនុក្រឹត្យស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ហើយត្រូវបានដាក់ឆ្លងពិគ្រោះយោបល់ ពិភាក្សា ពិនិត្យកែសម្រួលឡើងវិញ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយមានក្រសួងពាក់ពន្ធចំនួន១៥ រួមទាំងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះ មាន៩មាត្រា រីឯសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង មានការច្របាច់ខ្លឹមសារអនុក្រឹត្យពីរកន្លងមក បញ្ចូលគ្នាតែមួយវិញ ព្រមទាំងមានបង្កើតនូវជំពូកថ្មី ដែលចែងអំពីអគ្គនាយកដ្ឋានវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវាវត្តន៍អោយស្របទៅនិងបេសកកម្មថ្មីរបស់ក្រសួងថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com