ជាតិ
សង្គមជាតិ
​នគរបាល អនុវត្ត​យុទ្ធសាស្ត្រ​២០២០ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ម​ក​ត្រឹម​កម្រិត​ទាប​
07, Feb 2020 , 8:39 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ
ដោយ:
​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរ​ផ្លូវគោក​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានកំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​នៃ​ការពង្រឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរ​ផ្លូវគោក ដោយ​លោក ជំរុញ ឲ្យ​មន្ត្រីនគរបាល​រាជធានី​-​ខេត្ត​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវបំពេញ​ភារកិច្ច​កា​រពារ​សុវត្ថិភាព និង​សន្តិសុខ​ដល់​ពលរដ្ឋ​។

 
 
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ប្រធាន​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដាក់ចេញ​វិធានការ​មួយចំនួន សម្រាប់​ឲ្យ​មន្ត្រីនគរបាល​គ្រប់​រាជធានី​ខេត្ត អនុវត្ត និង​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង ព្រមទាំង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ណែនាំ​បន្ថែម​ទៅ​អ្នកបើកបរ និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​សម្រាប់ធ្វើ​អាជីវកម្ម​។​
 
​ភារកិច្ច​របស់​មន្ត្រី​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ទៀត​នោះ គឺ​រៀបចំ​កម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារ​បច្ចេកទេស​សម្រាប់​ប្រតិបត្តិការ​។ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវ លូ គំនូស ស្លាក​សញ្ញា​ចរាចរណ៍​)​។ រៀបចំ​ឲ្យ​មាន​មន្ត្រី​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ទាំង​នៅ​ស្នងការដ្ឋាន និង​រដ្ឋបាល ជាពិសេស​ត្រូវ​លើកទឹកចិត្ត និង​ផ្តល់រ​ង្វាន់​ដល់​មន្ត្រី​ដែលមាន​ស្នាដៃ និង​អនុវត្ត​វិន័យ​ឲ្យ​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ដែល​ខុសឆ្គង​។  
 
​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់លោក នេ​ត សាវឿន ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​ទៅ​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើង សង្ឃឹមថា​ឆ្នាំ​២០២០​នេះ យើង​នឹង​ជោគជ័យ​កាត់បន្ថយ​ចំនួន​រឿងហេតុ កាត់បន្ថយ​អ្នក​គ្រោះថ្នាក់​ឲ្យ​បាន​។ ចង់​កាត់បន្ថយ​បាន​យើង​ទាំងអស់​ត្រូវ​បេ្ត​ជ្ញា​ចិត្ត និង​មានការ​ចូលរួម​ពី​គ្រ​ប់ម​ជ្ឈ​ដា្ឋ​ន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​»​។ 
 
​ដើម្បី​ឲ្យ​ប្រតិបត្តិការ​នេះ សម្រេច​ទៅបាន លោក នេ​ត សាវឿន ក៏​នឹង​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រាប់​ពង្រឹង​ការគ្រប់គ្រង​សាលាបង្រៀន​បើកបរ និង​យានដ្ឋាន​ជួសជុល​កែច្នៃ​ដំឡើងរថយន្ត ពង្រឹងសមត្ថភាព ពិនិត្យ គុណភាព​បច្ចេកទេស​យានយន្ត និង​ពង្រឹងសមត្ថភាព​មន្ត្រី​ចរាចរណ៍​ពី​ឥរិយាបថ​ឈរជើង​នៅតាម​ផ្លូវ​។​
 
​ក្នុង​ឆ្នាំ​២០១៩ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​២២០​នាក់ ស្មើនឹង​១២​ភាគរយ និង​អ្នករបួស​កើនឡើង​១៣៧១​នាក់ ស្មើនឹង​២៩​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​៕ 
 

Tag:
 សុវត្ថិភាព​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com