អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់ ១០ នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅខេត្តនគរាជសីមា
08, Feb 2020 , 8:03 pm        
រូបភាព
ដោយ: ថ្មីៗ

 មនុស្សយ៉ាងហោចណាស់​ ១០នាក់ ត្រូវបានប៉ូលិសរាយការណ៍ថា បានស្លាប់ក្នុងករណីបាញ់រះដ៏កម្រមួយនៅល្ងាចថ្ងៃសៅរ៍នេះ នៅក្នុងក្រុង Korat ខេត្តនគរាជសីមានៅភាគឥសានក្រុងបាងកង។ នេះបើតាមការរាយការណ៍របស់ទី​ភ្នាក់ងារព័ត៌មាន AFP។


ខ្មាន់កាំភ្លើងម្នាក់ដែលគេកំណត់អត្តសញ្ញាណបានថា ជាមន្ត្រីយោធាបានបើកការបាញ់ប្រហារបណ្តាលឲ្យមនុស្សមិនតិចជាង ១០នាក់ស្លាប់នៅផ្សារទំនើបមួយកន្លែងនាខេត្ត នគរាជសីមា ស្ថិតនៅចម្ងាយប្រមាណ ២៤០​គីឡូម៉ែត្រពីរាជធានីបាងកក។ 

«មានមនុស្សច្រើនជាង ១០នាក់បានស្លាប់ និងមិនតិចនាក់ទេដែលរងរបួស»។ អ្នកនាំពាក្យប៉ូលិស លោក Krissana Pattanacharoen បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដូច្នេះ។ លោកបន្តថា កងកម្លាំងប៉ូលិសបាន​ហ៊ុមព័ទ្ធផ្សារទំនើបដែលជាកន្លែងដែលការបាញ់ប្រហារនេះកើតឡើងដែរដើម្បីតាមប្រមាញ់​ឧក្រិដ្ឋជន។ 

 ជុំវិញករណីបាញ់ប្រហារនេះដែរ អ្នកនាំពាក្យប៉ូលិសខាងលើបានបន្ថែមថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងយន្តដើម្បីធ្វើសកម្មភាពរបស់ខ្លួនដែរ ហើយមកទល់ពេលនេះប៉ូលិសមិនទាន់ប្រមាញ់បានជនជាខ្មាន់កាំភ្លើងនៅឡើយទេ។

ចំណែកនៅតាមបណ្តាញទំនាក់ទំនងសង្គមឯណោះវិញ គេសង្កេតឃើញមានការ​ចែកចាយបន្តគ្នាផងដែរនូវឃ្លីបវីដេអូ និងរូបភាពជាច្រើនដែលបង្ហាញពីទីតាំងកើតហេតុ ដោយមានមនុស្សរត់​ទាំងភិតភ័យ និងមានសំឡេងស្នូរកាំភ្លើងថែមទៀតផង។ 

រដ្ឋអាស៊ីអាគ្នេយ៍ថៃ ត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះដែលអត្រានៃប្រជាជនមានកាំភ្លើងជាកម្មសិទ្ធិខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែករណីបាញ់ប្រហារសម្លាប់រង្គាលដោយមន្ត្រី​យោធាបែបនេះជារឿងដែល​កម្រកើតមានបំផុត។

យ៉ាងណាមិញ  ឧបទ្ទវហេតុបាញ់ប្រហារកាលពីចុងឆ្នាំ​មុនក៏បានបង្កើតក្តីបារម្ភចំពោះការកើនឡើងនៃហិង្សាប្រដាប់អាវុធនៅក្នុងប្រទេសទាំងមូលផងដែរ។ 

 
 


© រក្សាសិទ្ធិដោយ thmeythmey.com