ជាតិ
អ្នកនាំពាក្យ​៖ ក្រោយ​ចេញពី​មន្ទីរពេទ្យ បុរស​ចិន ដែល​ទើប​ជា​ពី​មេរោគ​កូ​រ៉ូ​ណា នឹង​ទៅ​ចិន​វិញ នៅ​ថ្ងៃ​១១​កុម្ភៈ​
10, Feb 2020 , 11:16 am        
រូបភាព
លោក ចា ជិនហួ ឈរនៅមុខបន្ទប់ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
លោក ចា ជិនហួ ឈរនៅមុខបន្ទប់ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
ដោយ: ថ្មីៗ
​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អះអាងថា អ្នកស្រី និង​មន្ត្រី​ផ្សេងទៀត កំពុង​រៀបចំ​ឲ្យ​លោក ចា ជិន​ហួ (Jia Jian hua) ជនជាតិ​ចិន អាយុ​៦០ ចាក​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រោយ​លោក ជាសះស្បើយ​ពី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ អ្នកស្រី បន្តថា លោក ចា ជិន​ហួ និង សមា​ជិ​គ្រួសារ​៣​នាក់​ទៀត គ្រោង​វិល​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ អ្នកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា លោក ចា ជិន​ហួ ត្រូវបាន​ក្រុមគ្រូពេទ្យ ធ្វើតេស្ត​៣​ដង​រួចហើយ ហើយ​លទ្ធផល​អំពី​មេរោគ​កូ​រ៉ូ​ណា គឺ​អវិជ្ជា​មាន​ទាំង​៣​ដង​។ អ្នកស្រី​វេជ្ជបណ្ឌិត បន្តថា តាម​ក្បួ​នវេជ្ជសាស្ត្រ គឺត្រូវធ្វើ​តេស្ត​តែ​២​ដង​ប៉ុណ្ណោះ តែ​ដើម្បី​ជាក់ច្បាស់​១០០​ភាគរយ ក្រុមគ្រូពេទ្យ​កម្ពុជា បានធ្វើ​តេស្ត​លោក ចា ជិន​ហួ ដល់​ទៅ​៣​ដង​។ អ្នកស្រី ថ្លែងថា​៖«​មេរោគ​កូ​រ៉ូ​ណា [​ក្នុង​ខ្លួន​គាត់​] ងាប់​អស់ហើយ​»​។ 

អ្នកស្រី មិនអាចសន្និដ្ឋានបានឡើយថា កម្ពុជា អាចមានករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះទៀត ឬក៏ត្រូវបញ្ចប់ត្រឹមលោក ចា ជិនហួ។ អ្នកស្រី មានប្រសាសន៍ថា៖«ទៅមុខ យើង មិនដឹងទេ តែយើង ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ជំងឺនេះ ហើយប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្ននិងការពារខ្លួនដែរ»។ 
 
​អ្នកនាំពាក្យ​រូប​នេះ ក៏បាន​លើកឡើង​ដែរ​ថា ជនជាតិ​ចិន​ជិត​៨០​នាក់ ដែល​ជិះ​យន្តហោះ​ជាមួយ​លោក ចា ជិន​ហួ ពី​ទីក្រុង​វូ​ហាន មកកាន់​ខេត្ត​ព្រះសីហនុ បាន​ត្រឡប់​ទៅវិញ​អស់ហើយ​។ លោក ចា ជិន​ហួ និង​ក្រុមគ្រួសារ រួមទាំង​ជនជាតិ​ផ្សេងទៀត បាន​ជិះ​យន្តហោះ​ជើង​ចុងក្រោយបង្អស់ មកកាន់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០  មុននឹង​រដ្ឋាភិបាល​ចិន បិទ​ជើង​ហោះ​ហើរទៅមក​សម្រាប់​ទីក្រុង​វូ​ហាន​។ 
 
​ទីក្រុង​វូ​ហាន គឺជា​ប្រភពដើម​នៃ​ការផ្ទុះ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ បច្ចុប្បន្ន រដ្ឋាភិបាល​ចិន មិន​ឲ្យ​អនុញ្ញាត​ប្រជាជន ចាក​ចេញពី​ទីក្រុង​នេះឡើយ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី រាល​ដាល​ទៅ​តំបន់​ផ្សេង​និង​ប្រទេស​ដទៃ​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com