រថយន្ត
អន្តរជាតិ
រថយន្ត​ផលិត​ថ្មី​នៅ​ឥណ្ឌា ត្រូវបាន​តម្រូវ​ឲ្យ​បំពាក់​បច្ចេកវិទ្យា​សម្រាប់​សុវត្ថិភាព​ថ្មើរជើង​
10, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ឥណ្ឌា​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ទាំងអស់​ចាប់ផ្តើម​អភិវឌ្ឍន៍​សូ​ហ្វែ​រ​ថ្មី​ដើម្បី​ពង្រឹង​សុវត្ថិភាព​ថ្មើរជើង (Pedestrian Safety) ចាប់ពី​ខែតុលា ឆ្នាំ​២០២០​នេះ តទៅ​។ យោងតាម​ការផ្សាយ​រប​ស់ ETAuto.com នេះ​មិនមែន​ត្រឹមតែ​ជា​គោ​លក​រណ៍​ពង្រឹង​សុវត្ថិ​សម្រាប់​អ្នកដំណើរ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥណ្ឌា​តាំងចិត្ត​អនុវត្ត​បទដ្ឋាន​ជា​សកល​ស្តីពី​សុវត្ថិភាព​យានយន្ត​។​

 
​កាលពី​ខែតុលា ឆ្នាំ​២០១៨ រដ្ឋាភិបាល​ឥណ្ឌា បានចេញ​បទបញ្ជា​ទៅដល់​ក្រុមហ៊ុន​រថយន្ត​ទាំងអស់​ឲ្យ​បំពាក់​សូ​ហ្វែ​ដែល​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​អ្នក​ថ្មើរជើង ពោលគឺ​សម្រាប់​រថយន្ត​ដែល​ផលិត​ថ្មី ទាំង​ប្រទេស​អ្នកដំណើរ និង SUV​។​
 
​របាយការណ៍​របស់​ក្រសួង​ដឹកជញ្ជូន​តាមផ្លូវ​ថ្នល់ និង​ហាយ​វេ (MoRTH) របស់​ឥណ្ឌា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស​១៥០ ០០០​នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​៦០​ភាគរយ​គឺជា​ថ្មើរជើង​។ ដូច្នេះ​ឥណ្ឌា សម្រេច​អនុវត្តតាម​គោលការណ៍​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ដែល​ផ្តល់​តម្លៃ និង​ការគោរព​ចំពោះ​ថ្មើរជើង​។​
 
​ការផលិត​រថយន្ត​នៅ​ឥណ្ឌា ត្រូវបាន​ណែនាំ​ឲ្យ​មាន​ឧបករណ៍​ចាប់​សញ្ញា​ភ្លាមៗ​នៅ​ផ្នែក​ខាងមុខ​នៃ​រថយន្ត នៅពេលដែល​មានការ​ប៉ះទង្គិច​ជាមួយ​ថ្មើរជើង ជាពិសេស​ការកម្រិត​ល្បឿន​ដោយ​ស្វ័យប្រវត្តិ រួមទាំង​លក្ខណៈ​បច្ចេក​នានា​ដែល​បំពាក់​លើ​ពោង​សុវត្ថិភាព​។​
 
​ប្រៀបធៀប​ជាមួយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ស្តង់ដារ​សុវត្ថិភាព​យានយន្ត​នៅ​ឥណ្ឌា ហាក់​មាន​កម្រិត​នៅឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ចាប់ផ្តើម​ដាក់ចេញ​បទ​ប្បញ្ញត្តិ​ថ្មី ដើម្បី​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ច្បាប់​ដែលមាន​ស្រាប់ ឈានឆ្ពោះ​ដល់​ការ​កត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពោលគឺ​ទៅលើ​ថ្មើរជើង​។​
 
​រថយន្ត​ទំនើបៗ ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា​លើកទឹកចិត្ត​ឲ្យ​នាំមុខគេ​លើ​ការបំពាក់​មុខងារ​សុវត្ថិភាព​ថ្មីៗ និង​ជឿនលឿន​។ ស្របពេល​ជាមួយគ្នានេះ អ្នកប្រើប្រាស់​ក៏មាន​ផ្នត់គំនិត​កាន់​ខ្ពស់​ទាក់ទង​សុវត្ថិភាព​ក្នុង​រថយន្ត ដែល​កន្លងមក ពួកគេ​ផ្តោត​ជា​មូលដ្ឋាន​តែ​លើ​តម្លៃ​ប្រេងឥន្ធនៈ តម្លៃ​រថយន្ត ក៏ដូចជា​ម៉ាក​រថយន្ត​។​
 
​ភ្នាក់ងា​ពាក់ព័ន្ធ​យានយន្ត​នៅ​ឥណ្ឌា បាន​អះអាងថា បទដ្ឋាន​នានា​ទាក់ទង​នៃ​សុវត្ថិភាព​យានយន្ត ទំនង​អាច​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​២០២២​ឯណោះ​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចោទ​នោះ ការបំពាក់​មុខងារ​ផ្សេងៗ​ក្នុង​រថយន្ត ក៏​នាំ​ឲ្យ​តម្លៃ​រថយន្ត​កាន់តែ​ឡើងថ្លៃ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com