អន្តរជាតិ
មេទ័ពជើងគោកថៃ សុំទោសករណីបាញ់រះដោយទាហានសម្លាប់មនុស្ស២៩នាក់ ប្រមុខកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong ថ្លែងទាំងស្រក់ទឹកភ្នែក អំឡុងសន្និសីទកាសែត នៅថ្ងៃ ១១ ខែកុម្ភៈ (Reuters)
× ប្រមុខកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong បានចេញមុខសុំទោសជាសាធារណៈសម្រាប់ករណីបាញ់រះដ៏ព្រៃផ្សៃពីសំណាក់ទាហានម្នាក់ កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្ស២៩នាក់។ លោកឧត្តមសេនីយ៍ អះអាងថា ខ្មាន់កាំភ្លើងរូបនេះ គឺលែងជាទាហានទៀតហើយ ចាប់តាំងពីពេលលោកបានកេះកៃកាំភ្លើងដំបូងម្ល៉េះ។
ដោយនិយាយទាំងស្រក់ទឹកភ្នែក លោកឧត្តមសេនីយ៍ Apirat Kongsompong បានបង្ហាញការសុំទោស និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារអ្នករងគ្រោះទាំងអស់។ អំឡុងសន្និសីទព័ត៌មាននៅឯទីបញ្ជាការដ្ឋាននៃកងទ័ពភូមិន្ទថៃ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ លោក លើកឡើងថា៖«ក្នុងនាមជាមេបញ្ជាការកងទ័ព ខ្ញុំសុំអភ័យទោស ហើយខ្ញុំសោកស្តាយជាខ្លាំងដែលបុរសនៅពីក្រោយហេតុការណ៍ដ៏អាក្រក់នេះ គឺជាទាហាន»។ លោក សំដៅទៅពលបាលឯក Jakrapanth Thomma អាយុ ៣២ឆ្នាំ ដែលជាខ្មាន់កាំភ្លើង។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកឧត្តមសេនីយ៍ Apirat បញ្ជាក់ថា ពេលដែល លោក Jakrapanth បានទាញកេះកៃកាំភ្លើង រូបគេបានក្លាយជាឧក្រិដ្ឋជនរួចហើយ ដោយមិនមែនជាទាហានទៀតទេ។ ម្យ៉ាងវិញទៀត លោក សង្កត់ធ្ងន់ថា លោកនឹងទទួលកំហុសទាំងអស់ចំពោះអ្វីដែលបានកើតឡើង។ ហើយលោកក៏សុំឲ្យពលរដ្ឋថៃកុំស្តីបន្ទោសលើទាហានទាំងមូល ដ្បិតថាក្រុមយោធាបានប្រឹងប្រែងអស់ពីសមត្ថភាពពួកគេដើម្បីធានាសន្តិសុខជាតិ និងជួយជនរងគ្រោះពេលមានគ្រោះមហន្តរាយនានា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អំឡុងពេលធ្វើសន្និសីទព័ត៌មាន លោកឧត្តមសេនីយ៍ បានព្យាយាមទប់ទឹកភ្នែកខណៈលោកបានរៀបរាប់ឈ្មោះមនុស្សដែលបានសម្លាប់អំឡុងពេលបាញ់ប្រហារ។ ហើយលោក អះអាងថា ក្រុមយោធា នឹងចេញថ្លៃសំណងដល់ជនរងគ្រោះ និងក្រុមគ្រួសារពួកគេទាំងអស់។
ទន្ទឹមនេះ ប្រមុខកងទ័ពជើងគោកថៃរូបនេះ បានបញ្ជាក់ថា យោធា នឹងបើកការស៊ើបអង្កេតមេបញ្ជាការលោកដែលត្រូវបានសម្លាប់។ ត្រង់នេះ លោក បានសារភាពថា មន្ត្រីយោធាថ្នាក់លើ ពិតជាបានកេងប្រយោជន៍ពីខ្មាន់កាំភ្លើងក្នុងកិច្ចព្រមព្រៀងដីធ្លីមែន។
សូមបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង ៣ រសៀល ថ្ងៃសៅរ៍ ៨ ខែកុម្ភៈ ដោយជនជាខ្មាន់កាំភ្លើងជាទាហាន មានឈ្មោះថា Jakrapanth Thomma វ័យ ៣២ ឆ្នាំ បានបាញ់សម្លាប់មេបញ្ជាការខ្លួន មុនបន្តលួចអាវុធពីបន្ទាយដើម្បីទៅធ្វើសកម្មភាពបាញ់ប្រហារ ក្នុងទីតាំងផ្សារទំនើបមួយកន្លែង ឈ្មោះថា Terminal 21។ ក្រោយមក ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅម៉ោង ៩ ព្រឹក ថ្ងៃអាទិត្យ ៩ កុម្ភៈ។ ក្នុងហេតុការណ៍នេះ មនុស្ស ៥៧ នាក់ផ្សេងទៀត បានរងរបួស និងស្លាប់ ២៩នាក់៕
Tag:
ថៃ
មេទ័ពជើងគោក
Apirat Kongsompong
បាញ់ប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com