ONE Championship
កីឡាអន្តរជាតិ
Reinier De Ridder ត្រៀម​រួចហើយ​ដើម្បី​សាក​ថ្វីដៃ​ជាមួយ Aung La N Sang
15, Feb 2020 , 9:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ហូ​ឡង់ Reinier De Ridder ឬ «The Dutch Knight» ជឿជាក់ថា ជ័យជម្នះ​លើ​កីឡាករ Leandro Ataides នឹង​ជួយ​រូបគេ​អាច​តតាំង​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ ONE Middleweight World Champion កីឡាករ​មី​យ៉ាន់​ម៉ា Aung La N Sang​។



​កីឡាករ​ជំនាញ​ក្បាច់​ជឺ​ជិត​ស៊ូ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ដែល​មិនទាន់​ចាញ់​សោះ​មកពី​ក្រុង Breda របស់​ហូ​ឡង់ បាន​យកឈ្នះ​អតីត​អ្នក​ធ្លាប់​ប្រជែង​ម្ចាស់​ខ្សែក្រវាត់ World Title នៅក្នុង​កម្មវិធី ONE: WARRIOR’S CODE កាល​ថ្ងៃ​សុក្រ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ​នៅ​ក្រុង​ហ្សា​កាតា​ប្រទេស ឥណ្ឌូណេស៊ី​។ De Ridder នឹង​កាន់តែ​រីកចម្រើន​ឡើង​នៅក្នុង​អាជីព​របស់ខ្លួន​និង​ផ្ដល់​ឲ្យ​រូបគេ​ស្ថិតក្នុង​ជំនឿ​ឆ្ពោះទៅរក​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ​។ 
 
 
​ក្រោយ​ទទួល​ជ័យជម្នះ​នៅ​សង្វៀន Istora Senayan កីឡាករ​រហស្សនាម “The Dutch Knight” បាន​លាតត្រដាង​អំពី​ផែនការ និង បទពិសោធន៍​ល្អ​កន្លងមក​ដែល​នាំ​ឲ្យ​រូបគេ​ឈានទៅ​យកឈ្នះ “The Burmese Python” ត្រូវ​ប្រឈមមុខ​ដាក់គ្នា​។ សូម​តាមដាន​សំណួរចម្លើយ​ខាងក្រោម​។​
 
ONE Championship: តើ De Ridder មាន​អារម្មណ៍​បែបណា​ពេល​ឈ្នះ​នៅ​ក្រុង​ហ្សា​កាតា​?
Reinier De Ridder: ខ្ញុំ​ប្រើពេល​ច្រើន​ដែល​រំលឹក​អំពី​ជ័យជម្នះ​នេះ​នៅពេល​ជិះ​យន្តហោះ​ទៅផ្ទះ ហើយ​ខ្ញុំ​មាន​ពេល​ជជែក​ជាមួយ​គ្រូបង្វឹក​របស់ខ្ញុំ​ច្រើន​ដែរ​។ ការពិត​ណាស់ ខ្ញុំ​អាច​តតាំង​យ៉ាង​ស្វិតស្វាញ​ក្នុង​រយៈពេល ៣​ទឹក និង​បានបង្ហាញ​អំពី​ការប្រកួត​របស់ខ្ញុំ​ដើម្បី​ទទួល​ជ័យជម្នះ​។  ប៉ុន្តែ​មានរឿង​ជាច្រើន ខ្ញុំ​មិនបាន​គោរព​តាម​ផែនការ​របស់ខ្ញុំ​ទាល់តែសោះ​។ យ៉ាងណាក៏ដោយ ខ្ញុំ​សប្បាយចិត្ត ពេល​ខ្ញុំ​ទទួល​ជ័យជម្នះ​។ 


 
ONE: តើ De Ridder បាន​រៀន​អ្វីខ្លះ​អំពី​ការ​ឈ្នះ​លើកដំបូង​ដោយ​ពិន្ទុ​ក្នុង​អាជីព​? 
RDR: បាទ​! វា​បាន​បង្រៀន​ខ្ញុំ​បាន​ច្រើន ជាពិសេស​បង្រៀន​អំពី​តិក​និក​នៃ​ការប្រកួត​ទៀតផង​។ 
​មានរឿង​ច្រើន​ដែល​ត្រូវធ្វើ ហើយ​ខ្ញុំ​នឹង​ប្រកួត​កាន់តែ​ល្អ​ក្នុងពេល​ក្រោយ ។ ខ្ញុំ​បានគិត​រួចមកហើយ​។ ខ្ញុំ​បាន​ត្រលប់មក​ហ្វឹកហាត់​វិញ​ហើយ​។ ខ្ញុំ​មិនទាន់​ហ្វឹកហាត់​ខ្លាំង​ទេ ប៉ុន្តែ ខ្ញុំ​នឹង​ត្រៀមខ្លួន​ល្អ​បំផុត​ពេល​ដណ្ដើម​ខ្សែក្រវាត់​ទល់នឹង Aung La​។ 
 
ONE: មើលទៅ Ataides ពិតជា​រឹងមាំ​ណាស់​នៅ​ទឹក​ទី​១ និង​អាច​ការពារ​ការ​ផ្ដួល​របស់​អ្នក​បានល្អ​មែនទែន តើ​មាន​អារម្មណ៍​បែបណា​នាពេលនោះ​?
RDR: ២​នាទី​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា​រអិល ចាប់ Ataides  មិន​ជាប់​សោះ ហើយ​ពិតជា​លំបាក​មែន​។​ពេល​ខ្ញុំ​ព្យាយាម​ចូលចាប់ គឺ​ចាប់​មិន​ជាប់​មែន​។ វា​អត់​ដូច​ការប្រកួត​លើក​មុន​នោះទេ​។ ខ្ញុំ​គិតថា ទឹក​ទី​២ ខ្ញុំ​អាច​ចាប់​គេ​ផ្ដួល​បាន ហើយ​ទីបំផុត​ខ្ញុំ​អាចធ្វើ​បាន និង មិន​ឲ្យ​គេ​រើ​បាន​មែន ។ យ៉ាងណាក្ដី ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​រអិល​ដូច​អន្ទង់​។ គេ​បានធ្វើ​ចលនា​បន្តិច ហើយក៏​របូត​ចេញពី​ដៃ​របស់ខ្ញុំ​ទៀត​។ 


 
ONE: ក្រោយមកទៀត De Ridder អាចធ្វើ​បាន និង ទទួលបាន​ជោគជ័យ​ក្នុង​ការប្រើ​ក្បាច់ តើ​ពេលនោះ​ក្នុង​ចិត្ត​គិត​អី​ដែរ​?
RDR: ពេល​នោះគេ​អស់កម្លាំង និង​មិន​ដូច​មុន​ទេ​។ គូប្រកួត​របស់ខ្ញុំ​បានធ្វើ​ការងារ​ខ្លាំង​មែន​ដើម្បី​ការពារ​ការចាប់​ផ្ដួល​របស់ខ្ញុំ​។ ពេល​ខ្ញុំ​ចាប់​ជាប់ ខ្ញុំ​បាន​ម៉ាត់​ជាច្រើន​ដៃ​ទៅ​ចំ​ដងខ្លួន ដែល​ជួយ​ឲ្យ​រូបគេ​អស់កម្លាំង​។ ខ្ញុំ​នៅតែ​មិន​ធ្វេសប្រហែស​ដោយសារ​រូបគេ​នៅតែ​គ្រោះថ្នាក់ ជាពិសេស​ការប្រើ​ជង្គង់​របស់គេ​។ ខ្ញុំ​មិនសូវ​ប្រញាប់​ពេក​នោះទេ​។ 
 
ONE: គូប្រកួត​បាន​ម៉ាត់​ពីរ​បី​ដៃ ធ្វើ​ឲ្យ De Ridder ពិបាក តើ​កម្លាំង​ម៉ាត់​នោះ​ធ្វើ​ឲ្យ​អ្នក​គិត​យ៉ាងណា​?
RDR:  កម្លាំង​របស់គេ​មិនធម្មតា​ឡើយ​។ គេ​បាន​ម៉ាត់​កីឡាករ​កំពូលៗ​ដូចជា  Vitaly Bigdash  និង កីឡាករ​ផ្សេងទៀត​ជាច្រើន ប៉ុន្តែ ការ​ម៉ាត់​លើ​ខ្ញុំ​គឺ​មិន​ធ្ងន់​ពេក​ទេ និង មិន​ចំ​ខ្លាំង​ឡើយ​។ ខ្ញុំ​តែងតែ​បម្លាស់​ទី និង​បាន​ទប់​ជាប់​ដែរ​(Blocked)​។ ខ្ញុំ​សប្បាយចិត្ត​ពេល​អាច​អុក​ជង្គង់​ចំ​មុខ​របស់គេ​។ គេ​ជា​កីឡាករ​សម្បូរ​ថាមពល​ម្នាក់ ហើយ​កម្លាំង​ដូច​ដំរីសា​។ ប៉ុន្តែ​ខ្សោយកម្លាំង​ដៃ​បន្តិច ហើយ​ពេលខ្លះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​គាំង​បន្តិច​ដែរ​។  ពេលខ្លះ​ខ្ញុំ​មិនដឹងថា​ត្រូវ​វ៉ៃ​កន្លែង​ណា​។ ខ្ញុំ​គួរ​វ៉ៃ​គេ​ចំ​មុខ ឬ ថ្គាម ប៉ុន្តែ មិនដឹង​ប្រើ​ដៃ​ឆ្វេង ឬ ដៃស្ដាំ ព្រោះ​រូបគេ​ក៏​គេច​រហ័ស​។ 
ហើយ​ខ្ញុំ​ត្រូវ​ប្រើ​ភាព​រហ័ស​របស់ខ្ញុំ​ដើម្បី​គេច​កណ្ដាប់ដៃ​របស់គេ​ដែរ ព្រោះ​ពេលខ្លះ ខ្ញុំ​មិនដឹងថា​គេ​វ៉ៃ​ប្រឡោះ​ណា​នោះឡើយ​។ វា​ជា​បទពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​ខ្ញុំ​។ 
 
ONE: អ្វី​ទៅជា​រឿង​ចម្បង​ដែល​ធ្វើ​ឲ្យ De Ridder ឈ្នះ​ក្នុង​ការប្រកួត​ពេលនោះ​?
RDR:  ខ្ញុំ​គិតថា ខ្ញុំ​ធ្វើ​ឲ្យ​រូបគេ​គ្រោះថ្នាក់​ច្រើនជាង​។ ខ្ញុំ​គិតថា បើ​ការប្រកួត​បញ្ចប់​ត្រឹម​ពីរ​បី​នាទី ខ្ញុំ​អាច​បញ្ចប់​រូបគេ​បាន​។ 
 
ONE: ជាទូទៅ តើ De Ridder  គិតថា​ពេញ​ចិត្តនឹង​ការប្រកួត​នេះ ឬ យ៉ាងណា​?
RDR:  និយាយ​ត្រង់​ទៅ ខ្ញុំ​មិន​ពេញ​ចិត្តនឹង​ការប្រកួត​ពេក​ទេ​។ ខ្ញុំ​មិន​ចង់​ឈ្នះ​ដោយ​ពិន្ទុ​បែបនេះ​ឡើយ​។ ខ្ញុំ​រីករាយ​ដោយសារ​ជ័យជម្នះ តែ​មិន​សប្បាយចិត្ត​ពេលដែល​មិនអាច​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​។ យ៉ាងណាក៏ដោយ ខ្ញុំ​មាន​អារម្មណ៍ល្អ​ក្រោយពេល​ឈ្នះ​។  ខ្ញុំ​បាន​ជជែក​ជាមួយ​គ្រូបង្វឹក និង​រៀបចំ​គម្រោង​បន្តបន្ទាប់​។ ឥឡូវនេះ​ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​អាច​យកឈ្នះ​។ ហើយ​ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ទឹក​ចុងក្រោយ​ផងដែរ​។ ខ្ញុំ​មាន​ក្បាច់​ជាច្រើន​ដើម្បី​បង្ហាញ​ទៅ​ថ្ងៃមុខ​។ 
 
ONE: De Ridder អ្នកទទួលបាន​ឱកាស​ទៅ​ជួប Aung La N Sang ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Middleweight World Title​។ តើ​គិត​បែបណា​ទៅ​?
RDR: ខ្ញុំ​ត្រូវការ​ពីរ​បី​សប្ដាហ៍​ដើម្បី​ឲ្យ​កម្លាំង​ប្រសើរ​ឡើងវិញ​។ បន្ទាប់មក ខ្ញុំ​ត្រៀម​រួចហើយ​។ ខ្ញុំ​គិតថា រូបគេ ច្បាស់​ជា​ត្រៀម​ដូច​ខ្ញុំ​ដែរ​។ ពេល​ខ្ញុំ​ទទួលបាន​កម្លាំង​ពេញ​វិញ ។ ខ្ញុំ​នឹង​ត្រលប់មក​ដណ្ដើម​ខ្សែក្រវាត់​មិន​ខាន​។ 
 
ONE: តើ De Ridder មាន​ទំនុកចិត្ត​ទេ​ពេល​ជួប​ម្ចាស់​ខ្សែក្រវាត់ និង កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​លោក​បែបនេះ​?
RDR: បាទ​ពិតណាស់ !  ខ្ញុំ​បាន​ជួយ​បុរស​ដែល​ផ្ដួល Bigdash ឲ្យ​សន្លប់ ប៉ុន្តែ Aung La មិនអាច​ធ្វើ​ឲ្យ Bigdash សន្លប់​បានទេ​។ ដូច្នេះ​វា​ជាការ​ប្រកួត​ដ៏​កៀក​កិត​គ្នា​។ សូម​រង់ចាំ​តាមដាន ថា​តើ​ខ្ញុំ​តតាំង​នឹង Aung La ដោយ​វិធី​ណា​?
 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com