កំណាព្យ
ជាតិ
មាត់​លាភ មាត់​គ្រោះ​!
16, Feb 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ បថ្យាវត្ត​
 
​មាត់​ខ្លី​មាត់​វែង​មាត់​ថ្លែង​មិន​គិត​ ​        មាត់ច្រើន​អត់​លិឍ​មាត់​គ្មាន​សំណាង​
​មាត់​ខ្លះ​នាំ​ស៊យ​ដល់​ញាតិ​ជិតខាង​ ​មាត់​អួត​ក្អេងក្អាង​គេ​ហៅ​មាត់​ក្អាត់​។​
 
​មាត់​ក្អែរ​ពិសពុល​មាត់​ជ្រុល​អុង​អាត់​ ​មាត់​នេះ​ចាស់​ចាត់​ថា​មាត់​នាំ​ភ្លើង​
​មាត់​នេះ​នាំ​គ្រោះ​ឆ្ពោះ​ទាំង​ខ្លួន​យើង​         ​មាត់​កុំ​ទំនើង​ហារ​ហួស​ទំនង​។​
 
​មាត់​មិនបានការ​មាត់​ហារ​ស្តី​ឆ្គង​ ​មាត់​គេ​រំលង​មិន​ចង់​រាប់អាន​
​មាត់ឥតគម្រប​មាត់​ខ្សត់​សន្តាន​ ​        មាត់​នេះ​មាត់​បាន​ត្រឹម​ខាត​ខ្លួនឯង​។​
 
​មាត់​ហារ​ក្បត់ចិត្ត​មាត់​មឹត​ចំបែង​ ​មាត់​ឥត​ចេះ​ក្រែង​មាត់​គ្មាន​មន្ត​ស្នេហ៍​
​មាត់​ចាក់​បំបែក​មាត់​គ្រោះ​ក្រៃ​ដែរ​ ​មាត់​ប្រិល​ប្រួល​ប្រែ​មាត់​បាត់​តម្លៃ​។​
 
​មាត់​នាំ​សំណាង​មាត់​សាង​សុខ​ក្រៃ​ ​មាត់ទិព្វ​ទេព​ច្នៃ​មាត់​ប្រាជ្ញ​បណ្ឌិត​
​មាត់​មុន​ហារ​ស្តី​មមៃ​ម៉ៃ​គិត​ ​        មាត់​ញាតិ​មូល​មិត្ត​មាត់​ពិត​ថ្លៃថ្លា​។​
 
​មាត់​មន្ត​អម្រឹត​មាត់​ចិត្តមេត្តា​ ​        មាត់​ចៀស​មុសា​មាត់​រក្សាសីល​
​មាត់​មិន​លម្អៀងរ​ប៉ូចរ​ប៉ិល​ ​        មាត់​ទៀង​មិន​ខិលមាត់​ជន​ឧ​ត្ត​ម​។​
 
​មាត់​ចាក​ហិង្សា​មាត់​ហារ​គួរសម​ ​        មាត់​ស្តី​មាន​ក្រម​មាត់​នាំ​លាភ​យស​
​មាត់​ពិត​មុខ​ពីរ​អាច​នាំ​ទាប​ខ្ពស់​ ​                មាន​លាភ​មាត់​គ្រោះ​អាស្រ័យ​អ្នក​ប្រើ​៕

© រក្សាសិទ្ធិដោយ thmeythmey.com