កសិករ ស្តើង ងិ នៅ​ស្រុក​អង្គរធំ រកបាន​ចំណូល​ជាង​៥​លាន​រៀល​ពី​ដំណាំ​ពោត​រៀងរាល់​រដូវ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កសិករ ស្តើង ងិ នៅ​ស្រុក​អង្គរធំ រកបាន​ចំណូល​ជាង​៥​លាន​រៀល​ពី​ដំណាំ​ពោត​រៀងរាល់​រដូវ​
17, Feb 2020 , 8:29 am        
រូបភាព
​សៀមរាប​៖ លោក ស្ដើង ងិ ជា​កសិករ​មួយរូប​រស់នៅ​ភូមិ​តា​ប្រុក ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ សព្វថ្ងៃ ក្រោយពី​ប្រមូល​កសិផល​ស្រូវ​រួច លោក ងិ ប្រើប្រាស់​ដីស្រែ​របស់លោក​សម្រាប់​ដាំពោត​បន្ត​។ ក្នុង​មួយឆ្នាំ ដីស្រែ​ទំហំ​ប្រមាណ​កន្លះ​ហិកតា​នេះ​អាច​ដាំពោត​បាន​២​ដង​ក្នុង​មួយឆ្នាំ ហើយ​ពេល​ដាំ​ម្ដងៗ​អាចឱ្យ​លោក ងិ រកប្រាក់​បានជា​មធ្យម​ជាង​៥​លាន​រៀល​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស្ដើង ងិ កសិករ​ដាំពោត​ឃុំ​លាងដៃ ដូចតទៅ​៖



 
​គ្រួសារ​លោក ងិ មិនមាន​ពេលវេលា​សម្រាក​ច្រើន​ទេ ជារួម​ក្រោយ​ប្រមូល​ផល​ស្រូវ​ហើយ គ្រួសារ​នេះ​មាន​របរ​សំខាន់​មួយទៀត គឺ​ដាំពោត​។ លោក ងិ មាន​ដី​សម្រាប់​ដាំពោត​ទាំងពីរ​រដូវ​។ ខែវស្សា​លោក ងិ មាន​ដី​ទួល​មួយកន្លែង​ទំហំ​ប្រមាណ​កន្លះ​ហិកតា ដែល​អាច​ដាំពោត​បាន​៣​ដង រីឯ​ផ្ទៃដី​ទំហំ​ប៉ុនគ្នា​នេះ​មួយកន្លែង​ទៀត​ដែលជា​ដីស្រែ ដែល​អាចឱ្យ​លោក ងិ ដាំ​ដុះ​ពោត​ក្នុង​រដូវប្រាំង​បាន​២​លើក​ផងដែរ​។​
 
​ក្នុង​ចម្ការពោត​របស់លោក ងិ គឺ​ដាំ​ដុះ​ឆ្លាស់​ពីមួយ​កំណាត់​ទៅមួយ​កំណាត់​។ កំណាត់​ពោត​ខ្លះ​ជិត​ប្រមូល​ផល មួយ​កំណាត់​ខ្លះទៀត​ទើប​ចេញ​ផ្កែ និង​ខ្លះទៀត​ទើប​កម្ពស់​ត្រឹម​ជង្គង់​ក៏មាន​។ ការដាំ​របៀបនេះ គឺ​ងាយស្រួល​ពេល​កាច់ បង្ការ​កាច់​មិនទាន់​លក់ អាច​ចាស់​ជ្រុល រីឯ​ទីផ្សារ​ក៏​មិនសូវ​ជាន់គ្នា​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក ងិ​។​
 
​សម្រាប់​ទីផ្សារ​វិញ ជា​មធ្យម​ពោត​មួយ​ដែល​ស្ងោរ​រួច​អាច​លក់បាន​១​ពាន់​រៀល​។ ក្នុងនោះ​ពោត​លោក ងិ ក៏​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​បន្ត​ដែរ ដែល​ក្នុង​មួយ​ផ្នូ​ន​(៤៤​ផ្លែ​) លក់បាន​២៨០០០​រៀល ទៅ​៣​ម៉ឺន​រៀល​។ សម្រាប់​លោក ងិ របរ​នេះ​មិនសូវ​នឿយហត់​ច្រើន​ទេ អាច​រកចំណូលបាន​ស្រួល មាន​ទីផ្សារ​ល្អ ពិសេស​លោក​អាចមាន​ពេល​សម្រាប់​ចិញ្ចឹម​គោ និង​ជ្រូក​នៅផ្ទះ​បាន​ទៀត​៕





















Tag:
 ពោត​
  ឃុំ​លាងដៃ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com