ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! បញ្ហា​ទាំងនេះ​នឹង​កើតឡើង ប្រសិនបើ​លំពែង​ដំណើរការ​មុខងារ​មិនបាន​ល្អ​
18, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​ដោយ​លំពែង​ក៏​ជួយ​ក្នុងការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផងដែរ​។ លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ធ្វើអោយ​អ្នក​ជៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ប៉ុន្តែ​នៅពេល​លំពែង​ដំណើរការ​មុខងារ​មិនបាន​ល្អ​ថា​តើ​បញ្ហា​អ្វី​នឹង​អាច​កើតឡើង​ខ្លះ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​ទាំងនោះ ៖
 
១. លាមក​មាន​ពណ៌​ស្រាល​

​នេះ​ក៏​ព្រោះតែ​មុខងារ​ចម្បង​មួយ​នៃ​លំពែង គឺ​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការរំលាយ​អាហារ​។ អ្នក​អាច​នឹង​សម្គាល់​ឃើញ​ភាពប្រែប្រួល​ខុស​ប្រក្រតី​នៃ​លាមក​ប្រសិនបើ​អ្នកមាន​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​លំពែង​។ យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា លាមក​របស់​អ្នក​អាច​នឹងមាន​ពណ៌​ស្រាល​ជាង​ធម្មតា ហើយ​ងាយ​អណ្ដែត​។ ប្រសិនបើ​អាកា​រៈ​នេះ​កើតឡើង​ជាប្រចាំ ឬ​ញឹកញាប់​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
២. ចង្អោរ​ចង់​ក្អួត​និង​ក្អួត​ក្រោយពេល​ញ៊ាំ​អាហារ​

​វា​ច្បាស់​ណាស់​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​នឹងត្រូវ​ជួបប្រទះ​បញ្ហា​នៅពេល​មាន​អ្វីមួយ​ខុស​ប្រក្រតី​កើតឡើង​ចំពោះ​លំពែង​។ ដូច​បានបញ្ជាក់​ខាងលើ​រួចមកហើយ​ថា​មុខងារ​ចម្បង​មួយ​នៃ​លំពែង គឺ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​និង​ក្អួត​ក្រោយពេល​ញ៊ាំ​អាហារ​ពិសេស​អាហារ​ខ្លាញ់ៗ​នោះ​វា​អាចជា​អាកា​រៈ​មួយ​នៃ​បញ្ហា​លំពែង​ហើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​អ្នក​ជួបប្រទះ​អាកា​រៈ​នេះ​ញឹកញាប់​ចូរ​កុំ​ស្ទាក់​ស្ទើរនឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
៣. ឈឺចាប់​ក្នុង​ពោះ​
 
​ជាពិសេស​ក្រោយពេល​ទទួលទាន​! អាកា​រៈ​នេះ​អាច​កើតឡើង​ភ្លាមៗ ឬ​នៅ​ថ្ងៃ​បន្ទាប់​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ឈឺចាប់​ក្នុង​ពោះ​ត្រង់​ទីតាំង​នៃ​លំពែង​។​
 
៤. ស្រក​ទម្ងន់​ខ្លាំង
 
​ករណីខ្លះ​បញ្ហា​លំពែង​អាចធ្វើឱ្យ​អ្នក​បាត់បង់​ចំណង់​អាហារ​។ ហើយ​ណាមួយ​អ្នក​ងាយ​នឹង​ជួបប្រទះ​អា​ការៈឈឺចាប់​ក្រោយពេល​ទទួលទាន​អាហារ ពិសេស​អាហារ​ខ្លាញ់​ច្រើន​។ ជា​លទ្ធផល​នៃ​ការ​ទទួលទាន​មិនបាន​ត្រឹមត្រូវ អ្នក​ងាយ​នឹង​ស្រក​ទម្ងន់​ខុសធម្មតា​។ ប៉ុន្តែ​ទោះបី​ចំណង់​អាហារ​របស់​អ្នក​ប្រក្រតី​ក៏ដោយ ក៏​អ្នក​ងាយ​នឹង​ស្រក​ទម្ងន់​ដែរ​នៅពេល​មាន​បញ្ហា​លំពែង​។​
 
៥. កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​

​នេះ​ក៏​ព្រោះតែ​លំពែង​បញ្ចេញ​អាំង​ស៊ុយ​លីន​ដែលជា​អ័រម៉ូន​មួយ​ដែល​សម្រួល​ចលនា​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​ទៅកាន់​រាល់​កោសិកា​។ ប្រសិនបើ​អាំង​ស៊ុយ​លីន​មិន​ត្រូវបាន​បញ្ចេញ ឬ​ផលិត​គ្រប់គ្រាន់​ទេនោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ប្រាកដជា​ងាយ​នឹង​ឡើង​ខ្ពស់​ខុសធម្មតា​មិន​ខាន​។ ជា​លទ្ធផល​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ក៏​ខ្ពស់​ដូចគ្នា​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com