កីឡាជាតិ
ជាតិ
មិនចង់ឲ្យតេក្វាន់ដូ ITF អស្ចារ្យតែក្នុងប្រទេសទេ តែលើឆាកអន្តរជាតិ…!
× ភ្នំពេញ៖ មានកំណើតរយៈពេល២៥ឆ្នាំក្នុងប្រទេសកម្ពុជា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានសម្រេចក្តីសុបិនរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយទទួលបានមេដាយមាសក្នុងការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិ ITF នៅក្នុងប្រទេសប៊ុលហ្គារី។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍ដដែលនៅឆ្នាំ២០១៩កន្លងមក, លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូច ITF កម្ពុជា ក៏ត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ។
បើទោះបីជាកីឡាតេក្វាន់ដូ ITF កម្ពុជារីកចម្រើនយ៉ាងលឿន និងមិនឈប់ឈរក៏ដោយក្តី តែថ្នាក់ដឹកនាំស្ថាប័នមួយនេះហាក់មិនទាន់ស្កប់ចិត្តនៅឡើយ។ «យើងមិនចង់ឃើញតេក្វាន់ដូ ITF ល្បីតែនៅក្នុងប្រទេសទេ តែលើឆាកអន្តរជាតិ, លើពិភពលោក…។ យើងចង់ឲ្យគេគោរពទង់ជាតិយើង…»។ នេះ គឺជាការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាកាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៥នៅឯទីស្នាក់ការគណៈកម្មាធិការជាតិជាតិអូឡាំពិកកម្ពុជានារាជធានីភ្នំពេញ។
នៅចំពោះមុខថ្នាក់ដឹកនាំកីឡាតេក្វាដូ ITF និង កីឡាករ, លោក រ៉េមី បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២នៅចុងឆ្នាំ២០២០ខាងមុខនេះ។ ជាមួយនឹងការប្រកួតនេះ លោកប្រធានសហព័ន្ធ កែវ រ៉េមី ប្រកាសថា លោកចង់ឃើញលទ្ធផលល្អបន្ថែមទៀតពីកីឡាករ-កីឡាការិនី។
នៅក្នុងពិធីមហាសន្និបាតនោះដែរ, លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូច ITF កម្ពុជាបានរាយការណ៍ពីសមិទ្ធផលនានាជម្រាបជូនអង្គសន្និបាតដោយលោកបានបញ្ជាក់បន្ថែមថា សហព័ន្ធកីឡាតេក្វាន់ដូច ITF នឹងពង្រីកក្លិបឲ្យបានកាន់តែច្រើន និងសន្យា បណ្តុះបណ្តាល និងកែលម្អគុណភាពធនធានមនុស្សឲ្យកាន់តែប្រសើរជាងមុន។
បើទោះបីជាសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាល្បីទាំងក្នុង និងនៅលើឆាកអន្តរជាតិក៏ដោយ តែគេនៅមិនដឹងនៅឡើយទេថា តើសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានឹងអាចត្រូវបានគេដាក់បញ្ចូលឲ្យចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅក្នុងប្រទេសកម្ពុជាដែរឬទេ? នេះ គឺជាសំណួរដែលកំពុងរង់ចាំចម្លើយជាក់លាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com