អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ផ្ដោត​ជាថ្មីទៀត​លើ​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​
អន្តរជាតិ
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ផ្ដោត​ជាថ្មីទៀត​លើ​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​
17, Feb 2020 , 7:59 pm        
រូបភាព
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក António Guterres ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក António Guterres ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres កាលពី​ថ្ងៃអាទិត្យ បានចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់លោក​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ដល់​បណ្ដា​ប្រទេស ដែល​បន្ត​ទទួលយក​ជនភៀសខ្លួន​រាប់លាន​នាក់​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ហែកហួរ​ដោយ​សង្គ្រាម​នោះ​។​

 
​លោក Guterres កំពុងស្ថិត​ក្នុង​ទីក្រុង Islamabad ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានា​ជាមួយនឹង​ក្រុម​មេដឹកនាំ​ប៉ា​គី​ស្ថាន និង​ដើម្បី​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​គម្រប់​ខួប​ទី​៤០​នៃ​ការទទួលយក​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន និង​ប្រទេស​អ៊ីរ៉ង់​។​
 
​លោក Guterres បាន​សរសេរ​សារ​លើ Twitter ថា​៖ «​ជំនួប​ដំបូង​របស់ខ្ញុំ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ឃើញថា ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ជំនាន់​បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្ដីសង្ឃឹម និង​ក្ដី​សុ​បិ​ន្ត​របស់​ពួកគេ​។​
 
​អស់​រយៈពេល​៤០​ឆ្នាំ​មកហើយ ដែល​ប៉ា​គី​ស្ថាន​បាន​ឲ្យ​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្នាក់នៅ​។ ខ្ញុំ​ជំរុញ​ឲ្យ​ពិភពលោក​គាំទ្រ​ដល់​ប្រទេស​ជា​ម្ចាស់ផ្ទះ និង​បង្ហាញ​ការដឹកនាំ​ស្រដៀង​គ្នា​នេះ​ដើម្បី​គាំទ្រ​ជន​ភៀស​ខ្លួ​ន‍​»​។​
 
​ទស្សនកិច្ច​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​នេះ​ត្រូវបាន​ធ្វើឡើង ខណៈពេល​ដែលមាន​ក្ដី​សង្ឃឹមថា គំនិត​ផ្ដួចផ្ដើម​សន្តិភាព​ដែល​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​អាចជួយ​បញ្ចប់សង្គ្រាម​ដ៏​ប្រល័យ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បន្តធ្វើ​ឲ្យ​ប្រជាជន​រត់​ភៀសខ្លួន និង​រងទុក្ខវេទនា​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com