អន្តរជាតិ
ជប៉ុន លុបចោល​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​ចៅ​អធិរាជ ដោយសារ COVID-19
17, Feb 2020 , 10:59 pm        
រូបភាព
ព្រះចៅអធិរាជជប៉ុន Naruhito។ រូបភាព៖ Kyodo
ព្រះចៅអធិរាជជប៉ុន Naruhito។ រូបភាព៖ Kyodo
​ជប៉ុន នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បានប្រកាសថា ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​ចៅ​អធិរាជ Naruhito ដែល​គ្រោង ប្រារព្ធ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នាពេលខាងមុខ នឹងត្រូវ​លុបចោល ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស និង​កាត់បន្ថយ​ការជួបប្រជុំ​នៅតាម​ទីសាធារណៈ​។ ការលុបចោល​ពិធី​មួយ​នេះ គឺជា​លើកដំបូង​បង្អស់​ចាប់តាំងពី​ឆ្នាំ ១៩៩៦​មក​។


​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ទីភ្នាក់ងារ​ទទួលបន្ទុក​កិច្ចការ​ព្រះ​ចៅ​អធិរាជ ក្នុង​បរិបទ​នៃ​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស  ជប៉ុន បានសម្រេច​លុបចោល​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​ចៅ​អធិរាជ ដើម្បី​ជៀសវាង​ការជួបជុំ​ជា​សាធារណៈ ដែល​អាច​បង្ក​ឲ្យ​មាន​ករណី​ឆ្លង COVID-19​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​រដ្ឋាភិបាល​ជប៉ុន ព្រមាន​ពី​ការជួបជុំ​តាម​ទីសាធារណៈ ដែល​មិន​សំខាន់​។ 
 
​ការប្រកាស​លុបចោល​ពិធី ដែលមាន​មនុស្ស​ចូលរួម​ដ៏​អធិកអធម​នៅក្នុង​កាលៈទេសៈ​បែបនេះ មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ជប៉ុន ព្រោះ​គិត​មក​ត្រឹម​ពេលនេះ ជប៉ុន​បាន​រកឃើញ COVID-19 នៅក្នុង​ប្រទេស​យ៉ាងហោចណាស់ ៦០​ករណី និង​មាន ១​ករណី​ស្លាប់​។ នេះ​មិនទាន់​គិតដល់​ជប៉ុន​រកឃើញ​អ្នក​ផ្ទុក COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ចំនួន ៣៦៩​ករណី​នៅក្នុង​នាវា Diamond Princess នោះទេ​។ 
 
​ក្រៅពី​ការលុបចោល​ពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះ​ចៅ​អធិរាជ ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​ទីក្រុង​តូ​ក្យូ​(Tokyo Marathon) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១ ខែមីនា ក៏​អាច​លុបចោល​ដែរ ដោយសារតែ​ខ្លាច COVID-19 រាតត្បាត​។ 
 
​សូមបញ្ជាក់ថា នា​ខែធ្នូ ឆ្នាំ​២០១៨ ដែល​ត្រូវជា​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​ចៅ​អធិរាជ  Akihito មាន​មនុស្ស​ចូលរួម​រហូតដល់​ទៅ​ជាង​៨​ម៉ឺន​នាក់​ឯណោះ​។ ការលុបចោល​ពី​ធី​ចម្រើន​ព្រះជន្ម​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ចុងក្រោយ​បំផុត​នៅក្នុង​ឆ្នាំ ១៩៩៦​។ ព្រឹត្តិការណ៍​នៅក្នុង​ឆ្នាំ​នោះ កើតឡើង​ដោយសារតែ​ចលនា​បដិវត្ត Túpac Amaru (MRTA) បាន​ចាប់​អ្នកការទូត​ជាន់ខ្ពស់ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន និង​អ្នកជំនួញ​ធ្វើជា​ចំណាប់ខ្មាំង នៅ​ស្ថានទូត​ជប៉ុន នា​រដ្ឋធានី​លី​ម៉ា ប្រទេស​ប៉េ​រូ​៕

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com