រថយន្ត
អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ជិះ «​រថយន្ត​ប្រធានាធិបតី​» បើក​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Daytona 500
17, Feb 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ភរិយា កាលពី​ថ្ងៃអាទិត្យ​កន្លងមក បាន​ចូល​ពិធី​បើក​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Daytona 500 លើក​ទី​៦២​នៅ​រដ្ឋ Florida​។ Daytona 500 ជាការ​ប្រកួតប្រណាំងរ​ថយ​ន្ត​ស្ថិតក្នុង​ស៊េរី NASCAR Cup Series ក្រោម​ការរៀបចំ​របស់​សមាគមជាតិ​ប្រណាំង​រថយន្ត National Association for Stock Car Auto Racing (NASCAR)​។​

 
​ជាមួយនឹង​រថយន្ត​លី​ម៉ូ​ស៊ីន​សម្រាប់​តំណែង​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា បាន​នា​មុខ​ក្បួន មុន​ដំណើរ​ការប្រកួត ដោយ​លោក​បាន​ស្រែក​ឲ្យ​អ្នក​ប្រណាំង​ចាប់ផ្តើម​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​របស់ខ្លួន​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ Fox លោក ត្រាំ និយាយ​បែប​កំប្លែង​ថា ដោយសារតែ​គាត់​ជា​ប្រធានាធិបតី ទើប​គាត់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បើករថយន្ត​ផ្ទាល់ខ្លួន ប៉ុន្តែ​លោក​ក៏​ចង់​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។​
 
 
​ដំបូង​ឡើង​កម្មវិធី​ប្រកួត​ត្រូវ​បានគ្រោង​ដំណើរការ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ នោះ​តែម្តង ប៉ុន្តែ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ការ​ប្រក​យ​ត្រូវបាន​លើក​មក​ធ្វើ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ​។ កាលពី​ឆ្នាំ​២០១២ ក៏មាន​ការលើក​ពេល​ការប្រកួត​បែបនេះ​ផងដែរ​។​
 
​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​បើក Daytona 500 ក្នុងនាម​ជា Grand Marshal ប៉ុន្តែ​លោក​ជា​ប្រធានាធិបតី​ទី​ពីរ​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​រថយន្ត​ដ៏​ធំ​នៅ​អាមេរិក​មួយ​នេះ បន្ទាប់ពី​លោក George W.Bush ដែល​បាន​ចូលរួម​នា​ឆ្នាំ​២០០៤៕



© រក្សាសិទ្ធិដោយ thmeythmey.com