ជាតិ
សម្រាប់​អ្នកដំណើរ​លើ Westerdam បើ​សា​ម៉ី​ប្រទេស​មិន​ទទួល កម្ពុជា​នឹង​បន្ត​មើលថែ​ពួកគេ​
17, Feb 2020 , 7:17 pm        
រូបភាព
មន្ត្រីម្នាក់ឈរគ្រវីទង់ជាតិខ្មែរនៅមុខនាវា Westerdam ដែលចតនៅផែព្រះសីហនុ។ រូបថត AFP
មន្ត្រីម្នាក់ឈរគ្រវីទង់ជាតិខ្មែរនៅមុខនាវា Westerdam ដែលចតនៅផែព្រះសីហនុ។ រូបថត AFP
ដោយ: រួបរួម
«​ចំពោះ​នាវា​ទេសចរណ៍ [Westerdam] ដែលមាន​អ្នកធ្វើដំណើរ​ជាង ២០០០​នាក់ ដែល​បានមក​ដល់ទី​សុវត្ថិភាព​ក្នុង​ទឹកដី​កម្ពុជា​ហើយ បើ​សា​ម៉ី​ប្រទេស​គេ​មិន​ទទួល​ទេ គឺ​កម្ពុជា​នឹង​បន្ត​មើលថែ​ពួកគេ​»​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ​។​



​នា​ពិធី​បូកសរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» នៅ​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ដោយ​សម្តេច​បាន​មើលឃើញ បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក មានការ​ភ័យ​តក់ស្លុត​រហូត​បាត់អស់​នូវ​គុណធម៌ សីលធម៌ មនុស្សធម៌ និង​មិត្ត​ភាពល្អ​ជាមួយគ្នា​។​

​សម្តេច​បានកត់សម្គាល់​ពី​ការរើសអើង​ជាតិ​សាស​ន៍​ជ្រុល ដោយ​ករណី​នាវា​ទេសចរណ៍ MS Westerdam ដែលមាន​អ្នកធ្វើដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២២០០ នាក់​ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស និង​កោះ​ចំនួន​៦ ក្នុងនោះ​ក៏មាន​កោះ​ហ្គា​ម ដែលជា​ទឹកដី​កោះ​មួយផ្នែក​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​។ 

«​ពិភពលោក​អាច​នឹង​បែកបាក់ ហើយ​តម្លៃ​មនុស្ស​នៅត្រង់ណា បើ​សិទ្ធិ​រស់រានមានជីវិត​គ្មាន​ផង​នោះ​?»​។ នេះ​ជាការ​ចោទសួរ​របស់​សម្តេច ហ៊ុន សែន ដោយ​រំលឹក​ឡើងវិញ​ពី​ការសម្រេចចិត្ត​ទទួលយក​នានា ក្នុងន័យ​មនុស្សធម៌​ដោយ​គ្មាន​ការរើសអើង​ជាតិ​សាសន៍ ការគោរព​សិទ្ធិមនុស្ស​តាមរយៈ​ការជួយ​ផ្តល់នូវ​សិទ្ធិ​រស់រានមានជីវិត​ដល់​មនុស្សជាតិ​ដែល​ជាប់គាំង​នៅក្នុង​នាវា​ទាំងអស់​។

​ការសម្រេចចិត្ត​នេះ ទទួលបាន​នូវ​ការគាំទ្រ ជាពិសេស​ពី អង្គការ​សុខភាព​ពិភពលោក អង្គការ​ទេសចរណ៍​ពិភពលោក អង្គការ​ឆ្នេរ​ស្អាត​បំផុត​ពិភពលោក ក៏​ដូច​ពី​សំណាក់​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ​។

​បើ​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដដែល អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ ៥០០ នាក់​ក្រោយពី​បាន​ត្រួតពិនិត្យ​សុខភាព​ថា​គ្មាន​សញ្ញា​វិជ្ជមាន COVID-19 គឺ​ត្រូវ​បានផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​សុខា​ក្នុង​រាជធានី​ភ្នំពេញ​។

​សម្តេច​បាន​បញ្ជាក់ថា អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវដាក់​ឲ្យ​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់​បំផុត មុននឹង​អនុ​ញ្ញា​ត្ត​ឲ្យ​មក​ស្នាក់​នៅតាម​សណ្ឋាគារ​។ បើទោះបី​ត្រូវ​ការចត​រយៈពេល​វែង​យ៉ាងណាក្តី ក៏​កម្ពុជា​ផ្តល់ឱកាស​អោយ​នាវា​ទេសចរណ៍​នេះ​បន្ត​ស្នាក់នៅ​កម្ពុជា​ដោយ​មិន​គិតពី​ថ្លៃ​ចត និង​ថ្លៃ​សេវា​ផ្សេងៗ​នៅក្នុង​ដែនសមុទ្រ​កម្ពុជា​នោះឡើយ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង ក៏បាន​នាំ​ទេសចរ​ដែល​មិនទាន់​ចាក​ចេញពី​កម្ពុជា​ដើរ​កម្សាន្ត​ក្នុង​រាជធានី​ផងដែរ ហើយ​សម្តេច ហ៊ុន សែន មានបំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវទេសចរ​ដែលជា​ប់​ក្នុង​នាវា MS Westerdam ឲ្យ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា​៕


Tag:
 Westerdam
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com