អន្តរជាតិ
ថៃហាមឃាត់អ្នកដំណើរ Westerdam និងបន្តឹងការត្រួតពិនិត្យលើអ្នកដំណើរសិង្ហបុរី និងជប៉ុន នាវាទេសចរណ៍ Westerdam។ រូបភាព៖ MasterGarfield, wiki commons
× នាថ្ងៃទី១៧ ខែកុម្ភៈ ថៃ បានចេញចំណាត់ការថ្មីមួយ ហាមឃាត់អ្នកដំណើរនាវាទេសចរណ៍ Westerdam ទាំងអស់ មិនឲ្យចូលក្នុងប្រទេស បន្ទាប់ពីម៉ាឡេស៊ី ប្រកាសរកឃើញអ្នកដំណើរម្នាក់លើនាវាទេសចរណ៍នេះ មានផ្ទុក COVID-19។ ក្នុងថ្ងៃជាមួយគ្នាដែរ អាជ្ញាធរថៃក៏បានដាក់វិធានការត្រួតពិនិត្យយ៉ាងតឹងរឹងលើអ្នកដំណើរមកពីសិង្ហបុរី និងម៉ាឡេស៊ីផងដែរ ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស។
បន្ទាប់ពីម៉ាឡេស៊ីរកឃើញស្ត្រីម្នាក់វ័យ ៨៣ឆ្នាំ មានផ្ទុក COVID-19 ក្នុងចំណោមអ្នកដំណើរនាវាWesterdam ថៃ បានហាមឃាត់អ្នកដំណើរលើនាវាទេសចរណ៍ Westerdam ទាំងអស់ មិនឲ្យចូលស្រុក ឬប្តូរជើងយន្តហោះនៅអាកាសយានដ្ឋានថៃឡើយ រហូតដល់ផុតរយៈពេលចេញរោគសញ្ញា ១៤ថ្ងៃ។ ការណ៍នេះ ថៃ បានចាប់គិតពីថ្ងៃទី ១៤ ខែកុម្ភៈ រហូតដល់ផុតថ្ងៃទី២៨ ខែកុម្ភៈ ទើបអនុញ្ញាតឲ្យអ្នកដំណើរបរទេសទាំងនោះចូលស្រុកថៃវិញ។
ចំណែកជនជាតិថៃ ១៤នាក់ ដែលជាអ្នកដំណើរលើនាវាទេសចរណ៍ Westerdam វិញ អាជ្ញាធរបានអនុញ្ញាតឲ្យចូលប្រទេសវិញ ប៉ុន្តែអ្នកទាំងនោះ ត្រូវដាក់នៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ប្រសិនបើចង់ចូលមកក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។
បើតាមការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ការរឹតត្បិតលើអ្នកដំណើរមកពីនាវា Westerdam នេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពភ្ញៀវទេសចរ ដែលមានវត្តមាននៅក្នុងទឹកដីថៃ និងអាកាសយានដ្ឋានថៃផ្សេងទៀត ពីករណីឆ្លងCOVID-19 ដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលថៃ បានដាក់ចេញវិធានការត្រួតពិនិត្យអ្នកដំណើរមកពីសិង្ហបុរី និងជប៉ុន ដើម្បីទប់ស្កាត់បញ្ហាឆ្លងកូរ៉ូណាវីរុស។ ក្រសួងនេះ ក៏បានព្រមានប្រជាជនថៃ ដែលចង់ទៅកម្សាន្តនៅក្នុងប្រទេសទាំងពីរនេះផងដែរថា អាចឆ្លងCOVID-19 ។ ក្រសួងសុខាភិបាលថៃ បានស្នើឲ្យប្រជាជនថៃទាំងអស់ ដែលបានធ្វើដំណើរទៅជប៉ុន និងសិង្ហបុរីក្នុងរយៈ ១៤ថ្ងៃចុងក្រោយនេះទៅជួបវេជ្ជបណ្ឌិត។ ប្រសិនមានរោគសញ្ញា អ្នកទាំងនោះ នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។
ចំណែកអ្នកដំណើរជនបរទេស ដែលមកពីសិង្ហបុរី និងម៉ាឡេស៊ីវិញ ថៃនឹងត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ពោលគឺរឹតបន្តឹងឲ្យដូចជនជាតិចិនដែរ។ ការរឹតបន្តឹងនេះ ធ្វើឡើងក្រោមហេតុផល ប្រជាជននៅក្នុងប្រទេសទាំងពីរមានករណីឆ្លងច្រើន ដែលតម្រូវឲ្យអាជ្ញាធរថៃ ត្រូវតែយកចិត្តទុកដាក់ជាងមុន។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៨ ខែកុម្ភៈ សិង្ហបុរី បានរកឃើញអ្នកផ្ទុក COVID-19 ចំនួន ៧៧ករណី ខណៈពេលជប៉ុន មានចំនួន៦៦ករណី និង ១ករណីស្លាប់នៅក្នុងប្រទេស។ នេះមិនទាន់បូកជាមួយតួលេខនៅលើនាវាទេសចរណ៍ Diamond Princess នៅជប៉ុនដែលមានរហូតដល់ទៅ ៤៥៤ករណីនោះទេ។ ចំណែកនៅថៃវិញ ករណីCOVID-19 បានកើនឡើងរហូតដល់ ៣៥ករណីហើយ៕
Tag:
ថៃ
សិង្ហបុរី
ជប៉ុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com