អន្តរជាតិ
ចិន ត្រៀម​ជួយ​ជប៉ុន​ដែល​ប្រឈមមុខ​ការកើនឡើង​ករ​ណី COVID-19
18, Feb 2020 , 3:38 pm        
រូបភាព
នាវាកម្សាន្ត Diamond Princess ដែលមានករណីឆ្លង COVID-19 ចំនួន៤៥៤។ រូបភាព Xinhua
នាវាកម្សាន្ត Diamond Princess ដែលមានករណីឆ្លង COVID-19 ចំនួន៤៥៤។ រូបភាព Xinhua
​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក្រសួងការបរទេស​ចិន ប្រកាសថា ចិន​ត្រៀមខ្លួន​ជួយ​ជប៉ុន​ទៅតាម​តម្រូវការ​ក្នុងការ​ទប់ស្កាត់​ជំងឺ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ដែល​បច្ចុប្បន្ននេះ កំពុងមាន​ករណី​ឆ្លង​យ៉ាងច្រើន​នៅលើ​នាវា​មួយ​នៅ​កំពង់ផែ​យូ​កូ​ហា​ម៉ា​។ ការប្រកាស​នេះ​ធ្វើ​ឡើយ​ក្រោយ​អ្នកជំនាញ​អះអាងថា ស្ថានភាព​វីរុស​នេះ​នៅ​ជប៉ុន ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត ដែល​ការណ៍​នេះ​នឹង​ឲ្យ​ពិបាក​ដល់​ការគ្រប់គ្រង​។

 
​ចិន កំពុង​តាមដាន​យ៉ាង​ដិតដល់​ការវិវត្ត​នៅ​ជប៉ុន​។ នេះ​ជាការ​លើកឡើង​របស់លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ពាក់ព័ន្ធ​ស្ថានការណ៍​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។ 
 
​នៅ​ជប៉ុន​ផ្ទាល់ ករណី​ឆ្លង​វីរុស​ប្រភេទ​ថ្មី​មាន​ចំនួន​៦០ ដែល​ក្នុងនោះ​មាន​ករណី​ស្លាប់​មួយ​។ ប៉ុន្តែ​អ្វីដែល​ធ្ងន់ធ្ងរ​នោះ គឺ​ករណី​ឆ្លង​លើ​នាវា​កម្សាន្ត Diamond Princess ដែល​មកទល់ពេលនេះ​មាន​ចំនួន​៤៥៤​ករណី​ទៅហើយ ហើយ​គេ​រំពឹងថា ករណី​ឆ្លង​អាច​បន្ត​កើនឡើង​ទៀត​។ អ្នកជំនាញ​មួយក្រុម​បញ្ជាក់ថា ស្ថានភាព COVID-19 នៅ​ជប៉ុន នៅតែ​ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៅឡើយ ដែល​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុងការ​គ្រប់គ្រង​ការ​រាលដាល​របស់​វីរុស​។ 
 
​ទាក់ទង​បញ្ហា​នេះ លោក Geng Shuang អះអាងថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ពិសេស​រវាង​ប្រទេសជិតខាង គឺ​សំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​ចិន នឹង​បង្កើន​ការសហការ​ជាមួយ​ជប៉ុន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​១៧ ខែកុម្ភៈ អ្នកនាំពាក្យ​រូបនេះ ក៏​បង្ហាញ​ការដឹងគុណ​របស់​ចិន​ទៅនឹង​ការលើកទឹកចិត្ត និង​ជំនួយ​របស់​ជប៉ុន​ដែល​ផ្ដល់​ឲ្យ​ចិន​នាពេល​កន្លងមក ហើយ​ចិន​មិន​ភ្លេចគុណ​នេះឡើយ​។​
 
«​ស្ថានការណ៍​នៅ​ចិន នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ​។ ទន្ទឹមនឹង​ការព្យាយាម​ដោះស្រាយ​បញ្ហា​ខ្លួនឯង ចិន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចែករំលែក​ព័ត៌មាន និង​បទពិសោធ​ជាមួយ​ជប៉ុន និង​ជួយ​ជប៉ុន​ឲ្យ​អស់ពី​សមត្ថភាព​តាមតែ​ជប៉ុន​ត្រូវការ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Geng Shuang ដែល​បាន​បន្តថា កិច្ចសហប្រតិបត្តិការ​ពិសេស​មួយ​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​តូ​ក្យូ​លើ​ជំងឺ COVID-19 នេះ កំពុងតែ​ត្រូវបាន​រៀបចំ​ហើយ​ដែរ​។ 
 
​ជាមួយគ្នានេះ ចិន​នឹង​បន្ត​ទំនាក់ទំនង និង​ការសម្របសម្រួល​ជាមួយ​ជប៉ុន​ទៀត​លើ​ការងារ​គ្រប់គ្រង​ការ​រាលដាល​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​ប្រជាជន ក៏ដូចជា​លើកកម្ពស់​សន្តិសុខ​ផ្នែក​សុខាភិបាល​តំបន់ និង​សាកលលោក​ផងដែរ​។ នេះ​បើតាម​អ្នកនាំពាក្យ​ដដែល​៕

Tag:
 ចិន​
  ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com