អន្តរជាតិ
បុគ្គលិកឥណ្ឌូណេស៊ី៣៦២នាក់ ក្នុងនាវា Westerdam គ្មាន COVID-19 ឡើយ លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ។ រូបថត AFP
× ប្រមុខការទូតឥណ្ឌូណេស៊ី បានបញ្ជាក់ថា បុគ្គលិកនាវា Westerdam ដែលបានចូលចតនាកំពង់ផែព្រះសីហនុ ប្រទេសកម្ពុជា មិនមានផ្ទុក COVID-19 ដែលបង្កដោយកូរ៉ូណាវីរុសនោះទេ។
ការអះអាងរបស់រដ្ឋមន្ត្រីបែបនេះ គឺធ្វើឡើងបន្ទាប់ពីម៉ាឡេស៊ី បានប្រកាសរកឃើញស្ត្រីអាមេរិកម្នាក់ ដែលបានចាកចេញពីនាវាមួយនេះ មានផ្ទុកកូរ៉ូណាវីរុស បន្ទាប់ពីចាកចេញពីកម្ពុជា។
នាថ្ងៃទី១៧ ខែកម្ភៈ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា បុគ្គលិកឥណ្ឌូណេស៊ីចំនួន ៣៦២ មិនមានផ្ទុក COVID-19ទេ ហើយអ្នកទាំងនោះ កំពុងមានសុខភាពល្អប្រសើរ។ បើតាមសម្តីរបស់លោកស្រីរដ្ឋមន្ត្រីប្រាប់អ្នកកាសែត ក្នុងចំណោមបុគ្គលិកនាវាទាំងអស់ មានតែ៦០នាក់ប៉ុណ្ណោះ ដែលផ្ទុកកុងត្រា ប៉ុន្តែមានតែ ២៧នាក់ប៉ុណ្ណោះ ដែលមិនសម្រេចបន្តកុងត្រា និងសម្រេចវិលត្រលប់មកឥណ្ឌូណេស៊ីវិញ។
ជាមួយគ្នានេះ លោកស្រីបន្តថា បុគ្គលិកនាវាទាំង ២៧នាក់នេះ នឹងត្រូវត្រួតពិនិត្យម្តងទៀត ដើម្បីប្រាកដថាអ្នកទាំងនេះ គ្មានផ្ទុកCOVID-19។
ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបែបនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ាឡេស៊ីបានរកឃើញស្ត្រីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ ដែលបានចាកចេញពីនាវាទេសចរណ៍ Westerdam មានផ្ទុកកូរ៉ូណាវីរុស។ ការរកឃើញនេះ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជាចង្អុលបង្ហាញថា ខ្លួនបានពិនិត្យយ៉ាងល្អត់ល្អន់ និងបានសហការជាមួយអង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា នាវា Westerdam នេះមានផ្ទុកអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់ ដែលបានចូលចតនៅកំពង់ព្រះសីហនុនាថ្ងៃទី១៣ ខែកុម្ភៈ។ ក្រៅពីនាវាទេសចរណ៍ Westerdam ឥណ្ឌូណេស៊ី ក៏មានបុគ្គលិក ៧៨នាក់ផ្សេងទៀត ដែលបានធ្វើការនៅក្នុងនាវា Diamond Princess ដែលត្រូវបានជប៉ុនបង្ខាំងទុកនៅកំពង់ផែ Yokohama តាំងពីថ្ងៃទី៤ ខែកុម្ភៈមកម្លេះ៕
Tag:
ឥណ្ឌូណេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com