លោក វ៉ា​ត់ ចំរើន​៖ COVID-19 មិន​ប៉ះពាល់​ដល់​ការរៀបចំ​បុណ្យ​ទន្លេ​នៅ​បាត់ដំបង​ឡើយ​
កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ COVID-19 មិន​ប៉ះពាល់​ដល់​ការរៀបចំ​បុណ្យ​ទន្លេ​នៅ​បាត់ដំបង​ឡើយ​
18, Feb 2020 , 9:19 pm        
រូបភាព
​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​អះអាងថា ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(COVID-19)​មិន​ប៉ះពាល់​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ឆ្នាំនេះ​ទេ​។ ការអះអាង​បែបនេះ ដោយសារ​ភ្ញៀវទេសចរ ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ​ភាគច្រើន​ជា​ជនជាតិខ្មែរ​។ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំនេះ ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០​។ ក្រៅពី​ព្រឹត្តិការណ៍​កីឡា មានការ​តាំង​ស្តង់​ពិព័រណ៍​ផលិតផល​ជាតិ និង​អន្តរជាតិ និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​។​

 
​តាម​បទពិសោធ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​ឲ្យ​ចូលរួម​ប្រមាណ​៩០​ភាគរយ ខណៈ​បរទេស​មាន​ប្រមាណ​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​ចាត់ទុក​កត្តា នេះ​ជា​ហេតុផល ដែល​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 មិនអាច​បង្ក​ផលប៉ះពាល់​ដល់​បុណ្យ​ទន្លេ​ឆ្នាំនេះ​។   
 
«​វា​អត់​មានការ​ប៉ះពាល់​ទេ ព្រោះ​បុណ្យ​ទន្លេ គឺជា​បុណ្យ​របស់​ជាតិ ដែល​បាន​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ​រហូត​៩០​ភាគរយ គឺថា​នៅសល់តែ​៥​ទៅ​១០​ភាគរយ​ប៉ុណ្ណោះ​ជា​ភ្ញៀវ​អន្តរជាតិ​។ គោលដៅ​របស់​យើង​ក្រៅពី​ផ្សព្វផ្សាយ​ទៅខាង​ក្រៅ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ថែម គឺ​គោលដៅ​ជា​អាទិភាព​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​អ្វីដែល​ធ្វើ​ឲ្យ លោក កាន់​តែមាន​ទំនុកចិត្ត​ទៀត​នោះ គឺ​ដោយសារ​បច្ចុប្បន្ន​កម្ពុជា​មាន​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 តែមួយ​ករណី​ប៉ុណ្ណោះ ហើយ​អ្នក​ឆ្លង​ជា​ជនជាតិ​ចិន​ម្នាក់​នោះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​ហើយ​។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តបាត់ដំបង​ភាគច្រើន​មកពី​ប៉ែក​អឺរ៉ុប ដែល​ពុំ​សូវ​មាន​ករណី​ឆ្លង​ជំងឺ​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។ 
 
​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ជា​សមិទ្ធផល​ទេសចរណ៍ ដែល​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​សក្តានុពល​របស់​ខេត្ត​ជា​ម្ចាស់ផ្ទះ ក៏​ដូច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ទីនោះ​។ ជាមួយ​ការអះអាង ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ COVID-19 មិន​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវទេសចរ​បរទេស​សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំនេះ លោក វ៉ា​ត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ខេត្តបាត់ដំបង​។   
 
​បុណ្យ​ទន្លេ ក៏​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រសួងទេសចរណ៍​ក្នុងការ​រួមចំណែក​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ផ្សេងៗ​នៅក្រៅ​ស្រុក​ផងដែរ​។ កត្តា​នេះហើយ ដែល​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​បង្កើត​និង​ពង្រីក​ព្រឹត្តិការណ៍​ទេសចរណ៍​ឲ្យ​កាន់តែច្រើន និង​ធំ​ជាង​មុន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង​ក្រៅពី​បុណ្យ​ទន្លេ មានបុណ្យ​សមុទ្រ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ម៉ារ៉ាតុន​អន្តរជាតិ Ultra Marathon និង​ដំណើរ​ថ្មើរជើង​ប្រវត្តិ​នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាដើម​។ 
 
​បន្ថែម​លើ​នេះ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ក៏​នឹង​រួមចំណែក​ជួយ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ ស្ពាន និង​អគារ​ផ្សេងៗ ជាពិសេស​ជួយ​ទាក់ទាញ​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​បោះ​ទុក​រកស៊ី​នៅ​ទីនោះ​កាន់តែច្រើន​ផងដែរ​។ បុណ្យ​ទន្លេ​ឆ្នាំនេះ​រៀបចំ​នៅ​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០​។ ក្រៅពី​ការប្រកួត​និង​សម្តែង​កីឡា ក៏មាន​ការតាំង​ស្តង់​ពិព័រណ៍​ផលិតផល​ជាតិ និង​អន្តរជាតិ​រាប់រយ​ស្តង់ ការប្រគំ​តន្ត្រី និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រភេទ​កីឡា​ដែល​ដាក់​ប្រកួត និង​សម្តែង​រួមមាន​រត់​កម្សាន្ត​៣​គីឡូម៉ែត្រ​, ៥​គីឡូម៉ែត្រ​, ជិះ​កង់​កម្សាន្ត​១៨​គីឡូម៉ែត្រ​, ប្រដាល់​គុន​ខ្មែរ​, អុកចត្រង្គ​, ទាញព្រ័ត្រ​, ប្រកួត​ប៉េតង់​, បាល់ទះ​, បាល់ទាត់ និង​ចំបាប់​បុរាណ​។ តែ​យ៉ាងណា​ចំនួន​ប្រភេទ​កីឡា​នេះ​អាចមាន​ការប្រែប្រួល​៕ 

Tag:
 បុណ្យ​ទន្លេ​
  វ៉ា​ត់ ចំរើន​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com