អន្តរជាតិ
សិង្ហ​បុរី​បញ្ចេញ​លុយ​ជាង​១​ពាន់​លាន​ដុល្លារ​ជួយ​ពលរដ្ឋ​លើ​ការចំណាយ​ប្រចាំថ្ងៃ​
18, Feb 2020 , 6:29 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat ថ្លែងសុន្ទរកថាស្តីពីកញ្ចប់ថវិកា២០២០ ក្នុងសភា នៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០ (CNA)
លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat ថ្លែងសុន្ទរកថាស្តីពីកញ្ចប់ថវិកា២០២០ ក្នុងសភា នៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០ (CNA)
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី Heng Swee Keat បានប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ​ពី​កញ្ចប់​ថវិកា​ជាង​១,១៤៨​ពាន់​លាន​ដុល្លារ (Care and Support Package) សម្រាប់​ពលរដ្ឋ​សិង្ហ​បុរី​។ តាម​ទូរទស្សន៍​ក្នុងស្រុក លោក Heng បញ្ជាក់ថា គោលដៅ​នៃ​កញ្ចប់​ថវិកា​នេះ​គឺ​ដើម្បី​ជួយ​ប្រជាជន​សិង្ហ​បុរី​ជាមួយ​ការចំណាយ​ពួកគេ អំឡុង​ពេលដែល​មិន​ច្បាស់លាស់​នេះ​។

 
«​ឆ្នាំនេះ ជាមួយ​ការ​ថមថយ​កម្លាំង​សេដ្ឋកិច្ច និង​ភាពមិនច្បាស់លាស់​ដែល​បង្កឡើង​ដោយ​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម COVID-19 យើង​ដឹង​ច្បាស់​ថា ក្រុមគ្រួសារ​សិង្ហ​បុរី​ជាច្រើន កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ដ៏​ធំធេង​»​។ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Heng Swee Keat បញ្ជាក់​បែបនេះ​ក្នុង​សុន្ទរកថា​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០២០ ដោយ​បន្ថែមថា ប្រជាជន​សិង្ហ​បុរី​ជាច្រើន តែង​លើកឡើង​ពី​កង្វល់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ការងារ និង​កំណើន​ការចាយវាយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ការបែងចែក​ថវិកា គឺធ្វើឡើង​តាម​អាយុ​។ ប្រជា​ជាន​សិង្ហ​បុរី​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​២១ ឡើងទៅ ក្នុង​ឆ្នាំ​២០២០​នេះ នឹង​ទទួល​ការប្រាក់ ២១៥ ដុល្លារ , ១៤៣​ដុល្លារ ឬ ៧១​ដុល្លារ ដោយ​អាស្រ័យ​លើ​ប្រាក់ចំណូល​ពួកគេ​។ 
 
​ការចែក​ប្រាក់ ក៏​នឹងត្រូវ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​ដែលមាន​កូនតូចៗ និង​ឪពុកម្តាយ​ចាស់ជរា​ផងដែរ​។ ចំណែកឯ ប្រជាជន​សិង្ហ​បុរី ដែលមាន​កូន​អាយុ ២០ ឆ្នាំ ចុះក្រោម នឹង​ទទួល​លុយ ៧១​ដុល្លារ​មួយ​ផ្សេងទៀត ខណៈ​ប្រជាជន​សិង្ហ​បុរី​អាយុ ៥០ ឡើងទៅ នឹង​ទទួលបាន​លុយ ៧១​ដុល្លារ​។  
 
​តាម Channel New Asia លោក​ឧបនាយករដ្ឋមន្ត្រី Heng អះអាងថា ប្រជាជន​សិង្ហ​បុរី​ដែលមាន​ប្រាក់ចំណូល​ទាប នឹង​ទទួលបាន​ជំនួយ​ច្រើន​ពី​រដ្ឋាភិបាល​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ម្យ៉ាងវិញទៀត បើតាម​លោក Heng បណ្ណ​គ្រឿងទេស​តម្លៃ​៧១​ដុល្លារ ក៏​នឹងត្រូវ​ចែកជូន​ប្រជាជន​សិង្ហ​បុរី​ដែល​ត្រូវការ​ចាំបាច់ ទាំង​ក្នុង​ឆ្នាំ​២០២០ និង​២០២១ ក្នុង​គោលដៅ​ប្រើ​នៅ​ហាង​ទំនិញ​ធំៗ​។ ត្រង់ចំណុច​នេះ លោក​អះអាងថា ការជួយ​ដោយផ្ទាល់​បែបនេះ គឺ​សម្រាប់​ក្រុមគ្រួសារ​ខ្វះខាត​របស់​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ពួកគេ ដែល​គឺជា​ម្ហូបអាហារ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន សិង្ហ​បុរី បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ចំនួន ៧៧ នាក់​ហើយ ដែល​ក្នុងនោះ មនុស្ស ២៤ នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ទារក​អាយុ​១​ឆ្នាំ​ម្នាក់ គឺជា​អ្នកជំងឺ​ក្មេង​បំផុត​របស់​សិង្ហ​បុរី​៕

Tag:
 សិង្ហ​បុរី​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com