កីឡាជាតិ
ជាតិ
ជំនួបរវាងអង្គរថាយហ្គឺរជាមួយបឹងកេតទាក់ទាញអ្នកទស្សនាច្រើនជាងគេ អ្នកគាំទ្រ និងសកម្មភាពប្រកួតរវាងអង្គរថាយហ្គឺរជាមួយបឹងកេត, រូបភាពពី CNCC
× ជំនួបបើកឆាករវាងអង្គរថាយហ្គឺរជាមួយបឹងកេតនៅកីឡដ្ឋាន S.R.U ក្នុងសប្តាហ៍ទី១នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ បានទាក់ទាញអ្នកគាំទ្រឲ្យមកទស្សនាផ្ទាល់ច្រើនជាងគេក្នុងចំណោមការប្រកួតទាំង៦គូ។ នេះបើតាមតារាងចំនួនអ្នកគាំទ្រទស្សនាផ្ទាល់ក្នុងសប្តាហ៍ទី១ ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)។
ជំនួបម្ចាស់ផ្ទះអង្គរថាយហ្គឺរបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយភ្ញៀវបឹងកេត បានទាក់ទាញអ្នកគាំទ្រមកទស្សនាផ្ទាល់នៅកីឡដ្ឋាន S.R.U ចំនួន២,៦៥៩នាក់។ ចំនួននេះ ជួយឲ្យជំនួបរវាងក្រុមទាំងពីរ ជាប់ចំណាត់ថ្នាក់លេខ១មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេប្រចាំសប្តាហ៍ទី១នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដែលមានការប្រកួតចំនួន៦គូ។
ចំណែកការប្រកួតរវាងម្ចាស់ផ្ទះវិសាខាជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិជាប់ចំណាត់ថ្នាក់លេខ២ក្រោយមានអ្នកគាំទ្រទស្សនាផ្ទាល់នៅកីឡដ្ឋានវិសាខាចំនួន២,៥៧៣នាក់។ សម្រាប់ការប្រកួតនេះដែរ វិសាខាបានយកឈ្នះប៉ូលិសក្នុងលទ្ធផល ២-១។ រីឯជំនួបព្រះខ័នរាជស្វាយរៀងយកឈ្នះសូលទីឡូអង្គរ ៥-១ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយទាក់ទាញអ្នកគាំទ្របានចំនួន១,២៥៣នាក់។
ដោយឡែក ការប្រកួតនៅកីឡដ្ឋាន Smart R.S.N ដែលភ្នំពេញក្រោនយកឈ្នះអគ្គិសនីកម្ពុជា ៣-០ មានអ្នកទស្សនាផ្ទាល់ចំនួន១,០៧៦នាក់ ខណៈជំនួបអាស៊ីអឺរ៉ុបយកឈ្នះគីរីវង់សុខសែនជ័យ ១-០ មានអ្នកគាំទ្រចំនួន៥២៥នាក់ និងជំនួបគ្មានការស៊ុតបញ្ជូលទីគ្នារវាងយុវជនអាយុក្រោម១៨ឆ្នាំបាទី និងក្រសួងការពារជាតិមានអ្នកគាំទ្រចំនួន១៥០នាក់៕
Tag:
អង្គរថាយហ្គឺរ
បឹងកេត
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com