កុំ​រំលង​! អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​សន្លាក់​មាន​សុខ​ភាពល្អ​រឹងមាំ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​សន្លាក់​មាន​សុខ​ភាពល្អ​រឹងមាំ​?
20, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សន្លាក់ឆ្អឹង​រឹងមាំ​មាន​សុខ​ភាពល្អ គឺ​ចាំបាច់​ណាស់​សម្រាប​មនុស្ស​គ្រប់រូប​ក្នុងការ​ធ្វើ​ចលនា​ផ្សេងៗ​។ ទោះជា​យ៉ាងណា​ស្ថានភាព​នៃ​សន្លាក់​ប្រែប្រួល​ទៅតាម​វ័យ ប៉ុន្តែ​ក៏មាន​គន្លឹះ​មួយចំនួន​អាចជួយ​ពង្រឹង​សន្លាក់​តាមបែប​ធម្មជាតិ​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​សុខភាព​សន្លាក់ ៖
 
១. ខ្ទឹមស​និង​ខ្ទឹមបារាំង​

​ការរួមបញ្ចូល​ខ្ទឹមស​និង​ខ្ទឹមបារាំង​ក្នុង​របប​អាហារ​អាចជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​សុខភាព​សន្លាក់​រឹងមាំ​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ខ្ទឹមស​និង​ខ្ទឹមបារាំង​មាន​ផ្ទុក​សមាសធាតុ sulfuric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​។​
 
២. ផ្លែ​ប៉ោម​ក្រហម​

​ប៉ោម​ក្រហម មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ anthocyanins និង​សារធាតុ​ប្រឆាំង​ការ​រលាក​មួយទៀត​ហៅថា quercetin ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង ក៏ដូចជា​បន្ធូរ​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​
 
៣. គ្រាប់​អាល់​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​អា​ការៈឈឺចាប់​សន្លាក់​និង​ប្រឆាំង​ការ​រលាក​។​
 
៤. ម្នាស់​
 
​បរិមាណ​នៃ​វីតាមីន C និង​សារធាតុ bromelain ក៏​ជួយ​ដោះស្រាយ​បញ្ហា​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការកាត់បន្ថយ​អាកា​រៈ​ហើម​ឈឺសន្លាក់​។ ប្រសិនបើ​អ្នកមាន​ការឈឺចាប់​ខ្លាំង បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់​ដែល​ស្រស់​។​
 
៥. ផ្លែក្រូច​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​សុខភាព​ឆ្អឹងខ្ចី និង​ទប់ស្កាត់​ការ​រលាក​សន្លាក់ឆ្អឹង ក៏ដូចជា​ជំងឺ​ពុក​ឆ្អឹង​។  ប្រសិនបើ​រាងកាយ​ខ្វះ​នូវ​ជាតិ​វីតាមីន C នោះ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការលូតលាស់​នៃ​ឆ្អឹង ឆ្អឹងខ្ចី និង​ធ្មេញ​។​
 
៦. គ្រាប់​ផ្កាឈូករ័ត្ន​
 
​ក្រៅពី​គ្រាប់​ធញ្ញជាតិ​ហើយ​នោះ គ្រាប់ពូជ​ដូចជា​គ្រាប់​ផ្កាឈូករ័ត្ន​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​សម្រាប់​សុខភាព​សន្លាក់​ផងដែរ​។​
 
៧. ទំពាំងបាយជូរ​
 
​ផ្លែឈើ​នេះ​មាន​សារធាតុ resveratrol ខ្ពស់​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​គួរឱ្យកត់សម្គាល់​។ ទំពាំងបាយជូរ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ proanthocyanidin ចាំបាច់​ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​
 
៨. ផ្លែ​ចេក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​។ លើសពីនេះទៅទៀត ជាតិ​ម៉ាញ៉េ​ស្យូ​ម ក៏​អាចជួយ​បំបាត់​ការឈឺចាប់​ផងដែរ ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់​ធ្ងន់ធ្ងរ​។​
 
៩. ល្ហុង​
 
​មាន​ផ្ទុក​អង់ស៊ីម papain ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ជួយ​រក្សា​ជាលិកា​សន្លាក់​គួរឱ្យកត់សម្គាល់​។​
 
១០. ផ្កា​ខាត់ណា​ខៀវ​
 
​ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ មាន​ផ្ទុក​សារធាតុ sulfuric ជួយ​រារាំង​អង់ស៊ីម​ដែល​ផ្សារភ្ជាប់​ជាមួយ​ការ​រលាក​សន្លាក់ និង​ការបំផ្លាញ​។​
 
១១. រមៀត​
 
​អ្នកជំនាញ​ជាច្រើន​បាន​និយាយថា រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ការ​ហើម​ផងដែរ​។​
 
១២. តែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols និង epigallocatechin-3-gallate ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជៀសផុត​ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ ចូរ​ទទួលទាន​តែ​បៃតង​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com