លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរលើទំព័រហ្វេសប៊ុក «នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ថា ការធ្វើតេស្តពីមន្ទីរពិសោធន៍ប្រទេសម៉ាឡេស៊ី ដោយបង្ហាញលទ្ធផលវិជ្ជមាននៃវីរុស COVID-19 លើស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជា «គឺមានភាពមិនប្រក្រតី» ហើយតម្រូវឲ្យធ្វើតេស្តឡើងវិញ «តាមស្តង់ដាអន្តរជាតិ»។
បន្ថែមពីលើសំណេនេះ លោក លី សូវ៉ាន់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«យើង នៅតែបន្តការងារហ្នឹង ពិតមែនតែលទ្ធផលឃើញយ៉ាងម៉េចក៏ដោយ...»។ លោក បន្តថា៖«យើង សហការជិតដិតជាមួយនឹងអង្គការសុខភាពពិភពលោក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) ដើម្បីធ្វើការងារឲ្យកាត់តែខ្ជាប់ខ្ជួនល្អ»។
ប៉ុន្តែ អ្នកនាំពាក្យរូបនេះ ពុំបានឆ្លើយនោះទេថា កម្ពុជា នឹងបញ្ជូនក្រុមគ្រូពេទ្យនិងអ្នកជំនាញ ទៅធ្វើការរួមគ្នាជាមួយភាគីម៉ាឡេស៊ីផ្ទាល់ ឬយ៉ាងណា ក្នុងការធ្វើតេស្តលើស្ត្រីអាមេរិករូបនោះ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ នាពិធីប្រគល់សញ្ញាបត្រជូនគរិសិស្សនៃវិទ្យាស្ថានជាតិអប់រំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យបីភាគី រួមមាន អង្គការសុខភាពពិភពលោក ម្ចាស់នាវា Westerdam និង ក្រសួងសុខាភិបាលកម្ពុជា ធ្វើការផ្ទាល់ជាមួយភាគីម៉ាឡេស៊ី ដើម្បីស្វែងរកការពិតថា ស្ត្រីអាមេរិករូបនោះ ពិតជាមានវីរុស COVID-19 មែន ឬមិនមែន។ ប្រមុខរដ្ឋាភិបាល មានការសង្ស័យថា ហេតុអ្វី អ្នកទេសចរផ្សេងទៀត លើនាវា Westerdam ដោយរួមទាំងស្វាមីរបស់ស្ត្រីអាមេរិករូបនោះផងដែរ មិនបានឆ្លងវីរុស COVID-19 ពីគាត់?
បន្ទាប់ពីប្រមុខរដ្ឋាភិបាល លើកជាយោបល់រួចហើយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ក៏បានពិភាក្សាជាមួយលោក Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងថ្ងៃនោះតែម្តង។ លោក Dzulkefly Ahmad សរសេរលើ Twitter ថា៖«យើង បានពិភាក្សាគ្នាពីបញ្ហាវីរុស COVID-19 ជាពិសេសផ្តោតជាសំខាន់លើស្ត្រីអាមេរិក ដែលមាឡេស៊ី រកឃើញលទ្ធផលវិជ្ជមាននៃវីរុស COVID-19 ។ ម៉ាឡេស៊ីនិងកម្ពុជា នឹងចាត់វិធានការចំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ»។
ស្ត្រីអាមេរិក និង ស្វាមី រួមទាំងអ្នកផ្សេងទៀត ដែលជាអ្នកទេសចរតាមនាវា Westerdam បានធ្វើដំណើរពីកម្ពុជា ទៅម៉ាឡេស៊ី ដើម្បីបន្តជើងហោះ ទៅប្រទេសរបស់ពួកគេ។ អ្នកទាំងនោះ បានចាកចេញពីម៉ាឡេស៊ី ទៅប្រទេសរបស់ពួកគេរៀងៗខ្លួន តែក៏មានមួយចំនួន ត្រូវបានធ្វើតេស្តរកវីរុស COVID-19 ដោយក្នុងនោះ រកឃើញលើស្ត្រីជនជាតិអាមេរិកម្នាក់។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរម៉ាឡេស៊ី ក៏បានប្រកាសព័ត៌មានពីការរកឃើញវីរុស COVID-19 លើស្ត្រីអាមេរិកនោះ។ ដោយមិនអស់ចិត្ត កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី ធ្វើតេស្តស្ត្រីអាមេរិកនោះសាជាថ្មី។ តែលទ្ធផលលើកពីរ នៅតែដូចមុនដដែលគឺ បង្ហាញថា ស្ត្រីអាមេរិកនោះ ពិតជាមានវីរុស COVID-19 មែន។ ទោះជាម៉ាឡេស៊ី ធ្វើតេស្តលើស្ត្រីអាមេរិកពីរដងរួចហើយក្តី តែកម្ពុជា នៅតែចង់ឲ្យធ្វើម្តងទៀត។
ចំពោះអ្នកទេសចរផ្សេងទៀត តាមនាវា Westerdam បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញអស់ហើយ គិតត្រឹមយប់ថ្ងៃទី២០ ខែកុម្ភៈ។ ក្រសួងសុខាភិបាល អះអាងថា មុននឹងអនុញ្ញាតឲ្យចាកចេញពីកម្ពុជា ពួកគេទាំងអស់ សុទ្ធឆ្លើងកាត់ការពិនិត្យសុខភាព ហើយលទ្ធផល គឺគ្មានអ្នកណាម្នាក់ មានវីរុស COVID-19 ឡើយ៕