លោក ច្រឹ​ក សុខ​នី​ម​៖ ដើមឆ្នាំ​២០២០ វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែ​រក្សា​លំនឹង​ដដែល​
ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
លោក ច្រឹ​ក សុខ​នី​ម​៖ ដើមឆ្នាំ​២០២០ វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែ​រក្សា​លំនឹង​ដដែល​
20, Feb 2020 , 7:19 pm        
រូបភាព
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។ រូបថត៖ អ៊ូ​ សុខមាន
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។ រូបថត៖ អ៊ូ​ សុខមាន
​ភ្នំពេញ​៖ ដើមឆ្នាំ​២០២០​នេះ តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​លំនឹង​ធម្មតា​ដដែល​។ ពោលគឺ​គ្មាន​ការឡើង​ចុះ​នៃ​តម្លៃ​ក្នុង​ផ្នែក​ណាមួយ​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឡើយ បើទោះបី​មិនមាន​វត្ត​មាននៃ​ការវិនិយោគ​ថ្មី​និង​ចលនា​ទិញ​-​លក់់​អចលនទ្រព្យ​កម្ពុជា​ពី​សំណាក់​វិនិយោគិន​ចិន ដោយសារតែ​បញ្ហា​កូ​រ៉ូ​ណាវី​រុស​(COVID-19) កំពុង​រីក​រាលដាល​នេះ​ក៏ដោយ​។ នេះ​ជាការ​លើកឡើង​របស់ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា (CVEA )​។
 
«​បញ្ហា COVID-19 ដែល​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន​នោះ គឺ​មិនបាន​បញ្ឈប់​សកម្មភាព​ទិញ​-​លក់​អចលនទ្រព្យ​កម្ពុជា​ឡើយ​»​។ លោក ច្រឹ​ក សុខ​នី​ម បាន​អះអាង​យ៉ាង​ដូច្នេះ នា​សិក្ខាសាលា​នៃ​ការបណ្តុះបណ្តាល​ភាពជោគជ័យ​សម្រាប់​មនុ​ស្ស​៣,៨០០​នាក់​ដំបូង ក្នុង​វិស័យ​អចលនទ្រព្យ​។  ប្រធាន​សមាគម CVEA រូបនេះ បានផ្តល់​អំណះអំណាង​ថា ដូច្នេះ បច្ចុប្បន្ន​ដៃគូ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្រៅពី​ចិន​គឺ​នៅមាន​ជប៉ុន សឹង្ហ​បុរី កូរ៉េខាងត្បូង និង​តៃវ៉ាន់​..​ជាដើម​។ លើសពីនេះទៅទៀត សកម្មភាព​ទិញ​-​លក់ និង​គម្រោង​អភិវឌ្ឍ​នានា​ពី​បណ្តា​ក្រុមហ៊ុន ក្នុងស្រុក​ក៏​នៅ​បន្ត​។ ប៉ុន្តែ​លំនឹង​អចលន​ព្រ​ទ្យ​នៅ​កម្ពុជា​នេះ គឺមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ នៅពេលដែល​ជនជាតិ​ចិន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ 
 
​បើតាម​លោក ច្រឹ​ក សុខ​នី​ម អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ចំពោះ​អ្នកវិនិយោគ​គេ​តែងតែ​ចាប់​ឱ្យ​កាស គ្រប់​កាលៈទេសៈ ដើម្បី​ទទួល​ប្រាក់ចំណេញ​ណាមួយ​ខ្ពស់​។ ក្នុងស្ថានភាព​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា COVID19 ដែល​មិនទាន់មាន​ជនជាតិ​ចិន​មក​ប្រជែង​ទិញ​នេះ អ្នក​វិនិយោគិន​គួរតែ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​រយៈពេល​វែង ដែលមាន​កម្រិត​ខ្ពស់ ក្នុង​ការចរចា​តម្លៃ​ជាមួយ​អ្នកលក់​។ 
 
​លោក បាន​និយាយ​ដូច្នេះ​៖« ក្នុងពេល​ប្រទេស​កំពុង​ប្រឈម​បញ្ហា បើ​យើង​ទិញ​អចលនទ្រព្យ​ណាមួយ​ក្នុង​វិស័យ​អចលនទ្រព្យ គឹ​យើង​មានឱកាស​ចរចា​ខ្ពស់​ជាមួយ​អ្នកលក់​។ ប៉ុន្តែ​យើង​ក៏ត្រូវ​ដឹង​ពី​ចក្ខុវិស័យ និង​គោលបំណង​ផ្ទាល់ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​លំហូរ​សាច់ប្រាក់ ក្នុងការ​វិនិយោគ​យើង​។ ថា​តើ​ការវិនិយោគ​របស់​យើង​មាន​លំហូរ​សាច់ប្រាក់​រយៈពេល​វែង​ឬ​អត់​។ យើង​គួរ​វិនិយោគ​ក្នុង​រយៈពេល​ខ្លី ឬ​រយៈពេល​វែង​»​។ 
 
​លោក សុខ​នី​ម បាន​បន្ត​បញ្ជាក់ថា​៖«​ក្នុង​កាលៈទេសៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មេរោគ COVID-19 នេះ  ការវិនិយោគ​អចលនទ្រព្យ​ក្នុង​រយៈពេល​វែង គឺជា​វិនិយោគ​ដ៏​ល្អ ហើយ​យើង​ទិញ​ប្រភេទ​អចលនទ្រព្យ​ណាមួយ​ទៅ យើង​មានឱកាស​ចំណេញ​ប្រា​ក់បាន​ច្រើន​នាពេល​អនាគត  ព្រោះ​ជា​ឱកាស​ពេលវេលា​នៃ​ចរចា​រវាង​អ្នកលក់ និង​អ្នកទិញ​បានល្អ​»​។ 
 
​ក្នុង​សិក្ខាសាលា​នៃ​ការបណ្តុះបណ្តាល​ភាពជោគជ័យ​សម្រាប់​មនុ​ស្ស​៣,៨០០​នាក់​ដំបូង ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃទី​១៩​កុម្ភៈ ប្រធាន​សមាគម​អចលនទ្រព្យ (CVEA) រូបនេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុង​ឆ្នាំ​២០២០​នេះ អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​គួរ​ទិញ​ដី​ក្នុង​នៅ​កន្លែង​ណាមួយ ក្នុង​រយៈពេល​យូរ​(១០​ឆ្នាំ​) ហើយ​មានឱកាស​សាងសង់​អាគារ​ខ្ពស់ៗ ដែល​នេះ​ជា​ចំណុច​វិជ្ជា​មាន ក្នុងការ​រកស៊ី​រក​វិស័យ​អ​ចនទ្រ​ព្យ​។ លោក​បាន​បន្ថែមថា​បច្ចុប្បន្ន ទីកន្លែង​ដែល​វិនិយោគ​នៅ​កម្ពុជា ក្រៅពី​ខេត្ត​ជាប់មាត់​សមុទ្រ គឺ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។ 


អ្នកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia
 
​បើតាម​អ្នកស្រី ហ្គ្រែ​ស រចនី​ហ្វុ​ង អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia  កម្ពុជា​បច្ចុប្បន្ននេះ បើ​ទោះ​មិនទាន់មាន​វត្តមាន​ថ្មី​នៃ​និ​យោគិន​ចិន​ចូលក្នុង​កម្ពុជា​ក៏ដោយ ក៏​វិស័យ​អចលនទ្រព្យ​កម្ពុជា មិន​ជួប​បញ្ហា​ណាមួយ​នៅឡើយ​។ ការលើកឡើង​របស់​អ្នកស្រី ហ្គ្រែ​ស រចនី​ហ្វុ ដូច្នេះ​ដោយសារ​អ្នកស្រី មើលឃើញ​នៃ​ចរន្ត​នៃ​ការទិញ​-​លក់​អចលន​ព្រ​ទ្យ​ក្នុងស្រុក​នៅតែ​ដំណើរ​ល្អជា​ធម្មតា តាមរយៈ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ក្នុងស្រុក  មាន​សមត្ថភាព​កាន់តែ​ធំ ក្នុងការ​វិនិយោគ​លើ​នានា​ក្នុង​វិស័យ​អចលនទ្រព្យ​។ 
 
«​បើ​យើង​មើល​ជារួម​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​កំពុង​មើលឃើញ​បញ្ហា​ក្នុង​វិស័យនេះ ដោយសារ​បញ្ហា​ជំ​ងឹ​ឆ្លង​នៃ​មេរោគ​COVID-19 ដែល​ធ្វើឱ្យ​បាត់បង់​វិនិយោគិន​ចិន​ក្នុងស្រុក​ខ្មែរ​។ ប៉ុន្តែ​បើសិនជា​យើង​សម្លឹង​ឃើញថា ពួក​ខ្ញុំ​ដែលជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ធំៗ​ក្នុងស្រុក ដែលមាន​ដៃគូ​វិនិយោគិន​ពី​ក្រៅប្រទេស​ច្រើន​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ធំៗ  គឺ​មិនមាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​ក្នុង​វិស័យ​មួយ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ហ្គ្រែ​ស រចនី​ហ្វុ​ង បាន​បញ្ជាក់ថា ដៃគូ​ក្រៅប្រទេស​មក​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា ពួកគេ​មិនមែន​មក​វិនិយោគ​មក​វិនិយោគ ក្នុង​រយៈពេល​ខ្លី ហើយក៏​មិនមាន​ទំហំ​វិនិយោគ​ក្រោម​៥​លាន​ដុល្លារ​ដែរ​។  ដូច្នេះ​វិស័យ​អចលនទ្រព្យ​កម្ពុជា​គឺមាន​បញ្ហា​អ្វី​ឡើយ ហើយ​អ្វី​ចំពោះមុខ​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​ត្រូវតែ​ធ្វើ គឺ​ត្រូវ​បង្កើន​ធនធានមនុស្ស និង​ជំនាញ​ឬ​ឯកទេស​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ឆ្លើយតប​នឹង​ការហូរចូល​ការវិនិយោគ​បរទេស​នានា ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ 
 
​អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia បាន​បន្ថែមថា វិនិយោគិន​បរទេស​ទាំង​នោះ គឺ​ត្រូវការ​អ្នក​ភ្នាក់ងារ​ឬ បុគ្គលិក​អចលនទ្រព្យ​ដែលមាន​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​វិស័យនេះ ដែល​ទាម​ទាញ​ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​ពិសេស​យុវជន ចាប់​ឱកាស​ការងារ​យក​លើ​ជំនាញ​រៀងៗ​ខ្លួន​។ ដើម្បី​ឆ្លើយតប នឹង​ឱកាស​ការងារ​នេះ ក្រុមហ៊ុន Century 21 ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ឯកទេស​លើ​ទីផ្សារ​ដីធ្លី បានប្រកាស​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ​ចំនួន​៣,៨០០​នាក់​បន្ថែមទៀត ដើម្បី​ដំណើរការ​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយបាន​កាត់​បណ្តុះបណ្តាល​ផ្ទាល់​ពី​ក្រុមហ៊ុន​ជំនាញ​នេះ​។ 
 
​អ្នកស្រី ហ្គ្រែ​ស រចនី​ហ្វុ​ង បាន​អះអាងថា នេះ​គឺជា​ឱកាសល្អ​សម្រាប់​ប្អូនៗ​និស្សិត​ដែល​ជិត​បញ្ចប់​ការសិក្សា និង​អ្នក​កំពុងធ្វើការ​ឯករាជ្យ​ក្នុង​វិស័យ​ផ្សេងទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន និង​កែលម្អ​ជីវភាព​រស់នៅ​។ បើតាម​អ្នកស្រី  រចនី​ហ្វុ​ង អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​អាចធ្វើ​ឲ្យ​ជីវភាព​ប្រសើរឡើង ហើយ​មានឱកាស​ពង្រីក​បណ្តាញ​ទំនាក់ទំនង​បានល្អ​តាមរយៈ​ការជួប​ជាមួយ​ម្ចាស់ទ្រព្យ​នៅ​កម្ពុជា និង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ដែលជា​អ្នកមាន​ធនធាន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​៕ 


អ្នកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia  កំពុងអង្គុយជួរមុខ ក្នុងសិក្ខាសាលា ស្តីពីការបណ្តុះភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com