អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូងមានអ្នកស្លាប់ដំបូង ខណៈអ្នកជំងឺឡើងដល់១០៤នាក់ លោកស្រី Chung Eun-kyung ប្រធានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងកូរ៉េខាងត្បូង។ រូបថត Yonhap
× កូរ៉េខាងត្បូង នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ នេះ បានប្រកាសពីករណីស្លាប់ដំបូងដោយសារ COVID-19 ខណៈដែលអ្នកជំងឺឡើងដល់១០៤នាក់។ នេះបើតាមការអះអាងរបស់អ្នកស្រី Chung Eun-kyung ប្រធានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងកូរ៉េខាងត្បូង។
បើតាមការអះអាងរបស់មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ថា អ្នកជំងឺម្នាក់ ដែលត្រូវទទួលការព្យបាល COVID-19 នៅមន្ទីពេទ្យមួយកន្លែង ក្នុងតំបន់ Cheongdo ក្នុងខេត្ត North Gyeongsang បានទទួលមរណភាព នាថ្ងៃទី១៨ ខែកុម្ភៈ។ បុរសវ័យ ៦៣ឆ្នាំរូបនេះ គឺជាអ្នកជំងឺ ដែលបានដេកនៅលើគ្រែ ក្នុងមន្ទីពេទ្យអស់រយៈពេលជាង ២០ឆ្នាំរួចមកហើយ និងបានទទួលមរណភាពដោយសារជំងឺផ្លូវដង្ហើម។ អ្នកជំងឺរូបនេះ អាចឆ្លង COVID-19 ពីអ្នកជំងឺផ្សេងទៀត ដែលស្នាក់នៅក្នុងមន្ទីពេទ្យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
បន្ថែមពីលើនេះ នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ កូរ៉េខាងត្បូង បានរកឃើញ អ្នកជំងឺ COVID-19 រហូតដល់ទៅ ៥៣ករណីឯណោះ ដែលធ្វើឲ្យចំនួនសរុបនៃកូរ៉ូណាវីរុស បានកើនដល់ ១០៤ករណី។ ដោយសារ COVID-19 ត្រូវបានគេរកឃើញបន្តបន្ទាប់ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានព្រមានថា COVID-19 បានចាប់ផ្តើមរាតត្បាតនៅក្នុងស្រុក។
ជាការពិត មួយរយៈចុងក្រោយនេះ អ្នកជំងឺ COVID-19ភាគច្រើន កើតឡើងនៅក្នុងក្រុង Daegu។ ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរសុខាភិបាល បានបញ្ចូលវេជ្ជបណ្ឌិតចំនួន ២៤នាក់ ទៅក្រុង Daegu និងពង្រីកចំនួនមជ្ឈមណ្ឌលពិនិត្យវីរុសរហូតដល់ ២២មណ្ឌល នៅក្នុងក្រុងDaegu៕
© រក្សាសិទ្ធិដោយ thmeythmey.com