ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា សំលៀង​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង ត្រៀម​ឡើង​សង្វៀន​ឆ្នាំ ២០២០
21, Feb 2020 , 8:39 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ​កម្ពុជា  ចាន់ រតនា បានដាក់​គោលដៅ​សំលៀង​ក្បាច់គុន​ជឺ​ជិត​ស៊ូ​ឲ្យ​កាន់តែ​ល្អ​ខ្លាំង​មួយកម្រិត​ទៀត​ដើម្បី​ត្រៀមខ្លួន​ស្វាគមន៍​គូប្រកួត​នៅ​ឆ្នាំ ២០២០​។ បើ​គិត​មកទល់ពេលនេះ គឺ​អស់​រយៈពេល​ប្រមាណ​ជា ៥ ខែ​មកហើយ​ដែល​ម្ចាស់​ក្លិប «​សិល្បៈ​» ខកខាន​ឡើង​សង្វៀន​លំដាប់​ពិភពលោក ONE Championship ក្រោយពី​ឈ្នះ​កីឡាករ​គុយបា Gustavo Balart ក្នុង​កម្មវិធី ONE:DREAMS OF GOLD កាល​ខែសីហា ឆ្នាំ​២០១៩ ក្រុង​បាងកក ប្រទេស​ថៃ​។


 
​អ្នកគាំទ្រ​ជាច្រើន​បានដាក់​ការងឿងឆ្ងល់​តាម​បណ្ដាញ​សង្គម ឬ បាន​ឆាត​ផ្ទាល់​ទៅកាន់ ចាន់ រតនា អំពី​ការខកខាន​ដ៏​យូរ​ខែ​នេះ​។ បែបណា​ក្ដី សាមីខ្លួន​បាន​ឲ្យ​ដឹង ការប្រកួត​នឹង​មកដល់​នាពេលខាងមុខ​នៅ​ឆ្នាំ ២០២០​នេះ ហើយ​រូបគេ​នឹង​សាកសួរ​ទៅកាន់​អ្នកគ្រប់គ្រង​របស់ខ្លួន​សិន​។ ព្រោះថា រូបគេ​ជា​កីឡាករ​ខ្មែរ​ម្នាក់ ដែលមាន​កិច្ចសន្យា​នៅ ONE Championship​។ 
​ទន្ទឹមនឹង​ការបកស្រាយ​ទៅកាន់​អ្នកគាំទ្រ ចាន់ រតនា បាន​ឲ្យ​ដឹងថា​រូបគេ ដាក់​គោលដៅ​សំលៀង​ក្បាច់ ជឺ​ជិត​ស៊ូ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ពេល​ឡើង​ប្រកួត​នៅ​ឆ្នាំ ២០២០ នេះ​។ 
 
​កីឡាករ​ដែល​ទើប​ចូល​វ័យ ៣៤ ឆ្នាំ​នា​ដើមខែ កុម្ភៈ នេះ​បាន​ឲ្យ​ដឹងថា​៖«​ក្រោយ​ឈ្នះ Balart ខ្ញុំ​ខំ​ហាត់​កម្លាំង​, ប្រដាល់សកល​, គុន​ខ្មែរ​ជាធម្មតា ប៉ុន្តែ​មិនសូវ​បាន​ហាត់ ជឺ​ជិត​ស៊ូ​ទេ​។ ហើយ​ថ្ងៃ​ចន្ទ​អាទិត្យ​ក្រោយ​ខ្ញុំ​នឹង​ជជែក​ជាមួយ​គ្រូបង្វឹក​របស់ខ្ញុំ​លោក ខូវ វិ​វ​ឌ្ឍ​នា អំពី​ការ​សំលៀង​ស្នៀត​ជឺ​ជិត​ស៊ូ​ត​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ឲ្យ​បាន​រួចរាល់​មុន​ឡើង​សង្វៀន​ជាថ្មី​»​។ 
 
​ចាន់ រតនា ជា​កីឡាករ​ម្នាក់​មិនដែល​ភ្លេចខ្លួន​ក្នុងការ​ហ្វឹកហាត់​ខ្លួនឯង​នោះឡើយ ទោះ​មមាញឹក​នឹង​ការបង្ហាត់​សិស្ស​នៅ​ក្លិប សិល្បៈ ក៏ដោយ​។ រូបគេ​បាន​ត្រៀមខ្លួន​ជាប្រចាំ ១០០% ដើម្បី​កុំ​ឲ្យ​ដូច​ពាក្យចាស់​ពោល «​ក្របី​បាត់​ទើប​ធ្វើ​របង ជិត​ប្រឡង​ទើប​ខំរៀន​»​។  កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​មានកំណត់​ប្រកួត​គុន​ចម្រុះ​បាន ១០ លើក ក្នុងនោះ ឈ្នះ រហូតដល់ ៧ ដង និង ចាញ់ ៣ ដង​។ គេ​ជា​កំពូល​កីឡាករ​គុន​ចម្រុះ​ម្នាក់​ប្រចាំ​នៅ​កម្ពុជា ដោយ​ឈ្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE ដូចជា ឈ្នះ Abrou Fernandes , Rudy Agustian និង Gustavo Balart​។ 


 
​បែបណា​ក្ដី គេ​មិនដែល​ឃើញ ចាន់ រតនា សម្លាប់ ឬ បញ្ចប់​ដៃគូ​ឲ្យ​សន្លប់​ដោយសារ​ក្បាច់​ឃ្លេ ឬ ជឺ​ជិត​ស៊ូ នោះទេ ប៉ុន្តែ បញ្ចប់​ដោយ​ប្រើ​គុន​ខ្មែរ ជា​បន្តបន្ទាប់ ក្រោយពី​ដោះ​ឃ្លេ​រួច​។ 
​ទាក់ទិន​នឹង​រឿងនេះ ម្ចាស់​ក្លិប​សិល្បៈ សង្កត់ធ្ងន់ថា​៖«​គោលដៅ​ទៅ​ថ្ងៃមុខ ខ្ញុំ​ចង់​បញ្ចប់​ដៃគូ​របស់ខ្ញុំ​ដោយ​ប្រើ​ក្បាច់ MMA និង​ជឺ​ជិត​ស៊ូ​ម្ដង​។ ប៉ុន្តែ រឿង​សំខាន់ គឺ អាស្រ័យ​លើ​ស្ថានភាព​គូប្រកួត ឬ គូប្រកួត​ជំនាញ​ក្បាច់​អី​។ បើ​គេ​ជំនាញ​វ៉ៃ ខ្ញុំ​អាច​ប្ដូរ​មក​ផ្ដួល​ក្បាច់​ជឺ​ជិត​ស៊ូ​។ បើ​គូប្រជែង​ជំនាញ MMA ខ្ញុំ​ត្រូវតែ​ឈរ​វ៉ៃ​គុន​ខ្មែរ​។ ប៉ុន្តែ ខ្ញុំ​មាន​ឆន្ទៈ​ហាត់​ក្បាច់​ជឺ​ជិត​ស៊ូ ឲ្យ​កាន់តែ​ល្អ​ខ្លាំង​ដើម្បី​បញ្ចប់​ដៃគូ​»​។ 
 
​ចាន់ រតនា ជា​កីឡាករ​ដែលមាន​កាលវិភាគ​ហ្វឹកហាត់​ល្អ​ប្រចាំថ្ងៃ និង បង្ហាត់​សិស្ស​ទៀតផង​។ រូបគេ​ហ្វឹកហាត់​ក្បាច់គុន​ជាច្រើន​ទៅតាម​ជំនាញ​របស់​គ្រូ​ម្នាក់ៗ​ដូចជា គុន​ខ្មែរ ប្រដាល់សកល ជឺ​ជិត​ស៊ូ ហាត់​កម្លាំង និង ប្រើ​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com